Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការធម្មនុញ្ញថៃ បើកកិច្ចប្រជុំលើអាណត្ដិ របស់នាយករដ្ឋមន្រ្ដី បា្រយុទ្ធ

រាជធានីបាងកក៖ ដោយសារតែគណបក្សប្រឆាំង បានទាមទារឲ្យតុលាការធម្មនុញ្ញថៃ ពិចារណាលើអាណត្ដិ៨ឆ្នាំរបស់នាយករដ្ឋមន្រ្ដី លោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) ហើយស្របពេលហ្វូងបាតុករ មកពីក្រុមផ្សេងៗគ្នា កំពុងធ្វើបាតុកម្ម នៅមុខវិមានរដ្ឋាភិបាល និង រដ្ឋសភា ដើម្បីទាមទារឲ្យនាយករដ្ឋមន្រ្ដី ចុះចេញពីតំណែងផងនោះ ស្ថាប័នកំពូលមួយនេះ នឹងលើកយកករណីនេះ មកប្រជុំពិភាក្សា នៅថ្ងៃពុធ ទី២៤ ខែសីហា។

សារព័ត៌មាន Arab News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៣ ខែសីហា ថា អាជ្ញាធរថៃ បានបង្កើនសន្តិសុខ នៅក្នុងរាជធានីបាងកក កាលពីថ្ងៃអង្គារ មុនពេលការតវ៉ាទាមទារឱ្យលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ លាលែងពីតំណែង ខណៈតុលាការកំពុងតែពិចារណា លើអាណត្តិ៨ឆ្នាំរបស់គាត់ សម្រាប់ការកាន់តំណែងជានាយករដ្ឋមន្រ្ដី ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញ។

ក្រុមបាតុករថៃ បានអះអាងថា លោក ប្រាយុទ្ធ ចាន់អូចា បានកាន់តំណែង ជានាយករដ្ឋមន្រ្ដីថៃ អស់រយៈពេល៨ឆ្នាំកន្លងមកនេះ ធ្វើឲ្យមានវិបត្ដិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កាន់តែកើនឡើងខ្ពស់ ខណៈបុគ្គលិក និង មន្រ្ដីរាជការ មានប្រាក់ខែទាប។

បណ្ដាញការងារសម្រាប់សិទ្ធិប្រជាពលរដ្ឋ បានធ្វើបាតុកម្ម នៅលើស្ពានចាមម៉ៃ ម៉ារូចេត (Chamai Maruchet) ហើយមេដឹកនាំរបស់ពួកគេ បានបញ្ជាក់ថា លោក ប្រាយុទ្ធ ត្រូវតែចុះចេញពីតំណែងជាបន្ទាន់។ ក្រុមបាតុករទាំងនេះ បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងតែធ្លាក់ចុះយ៉ាងខ្លាំង ហើយបុគ្គលិក និង កម្មករកំពុងតែស្ថិតក្នុងសភាពអស់សង្ឃឹម ដោយសារប្រាក់ឈ្នួលរបស់ពួកគេតិច មិនអាចសមាមាត្រទៅនឹងការចំណាយ សម្រាប់ជីវភាពប្រចាំថ្ងៃបាន ខណៈអត្រាចំនួនអ្នកអត់ការងារធ្វើ កំពុងតែកើនឡើង។

មេដឹកនាំបាតុករ បានបញ្ចេញវោហារ តាមប្រដាប់បំពងឧគ្ឃោសនសព្ទ ថា «នេះជាពេលវេលាសមល្មម សម្រាប់លោកនាយករដ្ឋមន្រ្ដីខុសច្បាប់ ចុះចេញពីតំណែងហើយ។ នេះជាពេលដែលលោក ប្រាយុទ្ធ ត្រូវដើរចេញ ហើយជាពេលត្រូវបញ្ចប់នូវការកាន់អំណាច រយៈពេល៨ឆ្នាំ! លោកប្រាយុទ្ធ ត្រូវតែចាកចាក!»។

ក្រុមបាតុករ ក៏បានទាមទារដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃ ដល់កម្មករគ្មានជំនាញ ជាអប្បបរមា ចំនួន៤២៥បាត (លុយថៃ) ឬស្មើនឹងប្រហាក់ប្រហែល១២ដុល្លារ សម្រាប់កម្មករ នៅទូទាំងប្រទេស។ ក្រៅពីនេះ ក្រុមបាតករ ក៏បានទាមទារឲ្យរដ្ឋាភិបាល បញ្ចុះតម្លៃប្រេងឥន្ធនៈ និង គ្រប់គ្រងនូវតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ស្របគ្នានេះដែរ បណ្តាញនិស្សិតរាមខាំហែង (Ramkhamhaeng) ដើម្បីលទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅទិសខាងត្បូង និង ក្រុមសកម្មជននិស្សិត នៃសាកលវិទ្យាល័យ Ramkhamhaeng ក៏ បានប្រមូលផ្តុំគ្នា នៅមុខរដ្ឋសភា ហើយបានអំពាវនាវឲ្យនាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ក្រុមបាតុករជានិស្សិត បានអះអាងថា លោក ប្រាយុទ្ធ បានកាន់តំណែង ជានាយករដ្ឋមន្រ្ដី អស់រយៈពេល៨ឆ្នាំ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ នៅត្រឹមថ្ងៃអង្គារ ទី២៣ ខែសីហា ។ ដូច្នេះ នៅថ្ងៃពុធ លោក ប្រាយុទ្ធ ត្រូវតែចុះចេញពីតំណែង។

បច្ចុប្បន្ន សម្ពាធខាងនយោបាយ បាន និង កំពុងបង្កើនទម្ងន់ កាន់តែខ្លាំងឡើង មកលើលោក ប្រាយុទ្ធ ចាន់អូចា ឲ្យចុះចេញពីតំណែង នៅត្រឹមថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។ គូប្រជែងរបស់លោក ប្រាយុទ្ធ ជឿថា នៅថ្ងៃអង្គារ គួរតែជាថ្ងៃចុងក្រោយ សម្រាប់លោក ប្រាយុទ្ធ នៅក្នុងតំណែង ជានាយករដ្ឋមន្រ្ដីថៃ។

បើតាមធម្មនុញ្ញរបស់ប្រទេសថៃ នាពេលបច្ចុប្បន្ន អនុញ្ញាតឱ្យបុគ្គលម្នាក់ កាន់តំណែង ជានាយករដ្ឋមន្ត្រី មិនលើសពី៨ឆ្នាំនោះឡើយ។ ចំណែកគណបក្សប្រឆាំង បានសង្កត់ធ្ងន់ ថា លោក ប្រាយុទ្ធ បានក្លាយជានាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ ក្រោយពេលគាត់បានដឹកនាំធ្វើរដ្ឋប្រហារយោធា នៅក្នុងខែឧសភា ឆ្នាំដដែលនោះ។

ជាមួយគ្នានេះ គណបក្សប្រឆាំង ក៏បានអំពាវនាវឱ្យតុលាការធម្មនុញ្ញ សម្រេច ថាតើលោក ប្រាយុទ្ធ បានឈានដល់កម្រិត នៃការកំណត់កាន់តំណែង ជានាយករដ្ឋមន្រ្ដី រយៈពេល៨ឆ្នាំ កំណត់ដោយធម្មនុញ្ញហើយនៅ? រីឯតុលាការធម្មនុញ្ញរបស់ប្រទេសអាស៊ានមួយនេះ គ្រោងនឹងបើកកិច្ចប្រជុំ នៅថ្ងៃពុធ ដើម្បីពិចារណាលើករណីនេះ ខណៈលោក ប្រាយុទ្ធ បានប្ដេជ្ញា ធ្វើតាមការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×