រដ្ឋធានីកៀវ៖ រហូតមកដល់ពេលនេះ សង្គ្រាម របស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានអូសបន្លាយ អស់រយៈពេលជាង៦ខែកន្លងមកហើយ ហើយការប្រយុទ្ធគ្នាកំពុងតែបន្ដ ទើបប្រធានាធិបតីអ៊ុយក្រែន បានចេញមុខមកអះអាងជាថ្មីថា អ៊ុយក្រែន ត្រូវតែឈ្នះសង្គ្រាម និង រំដោះឧបទ្វីបគ្រីមៀ ត្រឡប់មកវិញ។
សារព័ត៌មាន DW បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២៤ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំកំពូលវេទិកាគ្រីមៀ (Crimea) ដោយសន្យា ថា អ៊ុយក្រែន នឹងធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានរឹបអូស យកទៅដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី កាលពីឆ្នាំ២០១៤ ត្រឡប់មកវិញ ហើយក្រុងកៀវ ក៏នឹងជំរុញដល់សម្ពន្ធមិត្តអន្តរជាតិ ឲ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនេះ ផងដែរ។
លោកប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ដល់ក្រុមអ្នកចូលរួម នៅក្នុងសន្និសីទ តាមប្រព័ន្ធវីដេអូមួយ កាលពីថ្ងៃអង្គារ ទី២៣ ខែសីហា មុនពេលប្រជាជាតិអ៊ុយក្រែន ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២៤ ខែសីហា ក្រោយទទួលបានឯករាជ្យ ពីសហភាពសូវៀត ខណៈសង្រ្គាមឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដអូសបន្លាយ អស់រយៈពេលជាងខែ៦កន្លងមកហើយ។
លោកប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ នៅក្នុងសុន្ទរកថារបស់គាត់ ថា «ខ្ញុំដឹងថា គ្រីមៀ (Crimea) នៅជាមួយអ៊ុយក្រែន ហើយកំពុងតែរង់ចាំយើងត្រឡប់មកវិញ។ ខ្ញុំចង់ឱ្យអ្នកគ្រប់គ្នាដឹងថា យើងនឹងត្រឡប់មកវិញ។ នៅពេលយើងត្រឡប់មកវិញ និង កែតម្រូវអ្វីៗគ្រប់យ៉ាង ដែលអ្នកឈ្លានពានបានធ្វើ នៅលើឧបទ្វីបអ៊ុយក្រែនរបស់យើង»។

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមថា «ពិភពលោកទាំងមូល ត្រូវតែឈ្នះ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្សី ដើម្បីយកជ័យជម្នះលើភេរវករ ហើយនាំយកសុវត្ថិភាព និង សន្តិសុខ ត្រឡប់មកដល់តំបន់របស់យើង នៅអឺរ៉ុប។ ដូច្នេះ វាជាការចាំបាច់បំផុត សម្រាប់ការដោះលែងឧបទ្វីប Crimea ចេញពីកណ្ដាប់ដៃរបស់អ្នកឈ្លានពាន ហើយកន្លែងណាមានការឈ្លានពាន ការរំដោះនឹងចាប់ផ្តើម នៅទីនោះ ហើយវានឹងបញ្ចប់នូវសកម្មភាពឈ្លានពាននេះផងដែរ»។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានបន្ដថា អ៊ុយក្រែន នឹងដណ្ដើមយកតំបន់គ្រីមៀ ត្រឡប់មកវិញ តាមមធ្យោបាយរបស់ក្រុងកៀវមាន ហើយនឹងមិនពិគ្រោះយោបល់ជាមួយនឹងប្រទេសដទៃណាមួយ មុននឹងធ្វើសកម្មភាពនោះឡើយ៕ រក្សាសិទ្ធិដោយ៖ សារាយSN






















