Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក កំពុងធ្វើឱ្យរុស្ស៊ីជាប់ផុងក្នុងសង្គ្រាមអ៊ុយក្រែន, ផ្ដល់ជំនួយយោធាថ្មីជិត៣ពាន់លានដុល្លារ

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានអូសបន្លាយ អស់រយៈពេលជាង៦ខែ ហើយការវាយប្រយុទ្ធគ្នាកំពុងតែបន្ដ ឥតស្រាកស្រាន្ដនោះ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើឲ្យក្រុងមូស្គូ កាន់តែប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរឡើង ក្រោយការប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីបន្ថែមទៀត មានទំហំទឹកប្រាក់ ជិត៣ពាន់លានដុល្លារ ជួយដល់អ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៤ ខែសីហា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាស អំពីកញ្ចប់ជំនួយយោធាថ្មីបន្ថែម មានទំហំទឹកប្រាក់ ជិត៣ពាន់លានដុល្លារ។ នេះជាកញ្ចប់ជំនួយថ្មីដ៏ធំបំផុតរបស់សហរដ្ឋអាមរិក ផ្ដល់ជូនដល់រដ្ឋាភិបាលក្រុងកៀវ នាថ្ងៃបុណ្យឯករាជ្យរបស់អ៊ុយក្រែន និង ជាការរំឭកខួប៦ខែ នៃការឈ្លានពានរបស់រុស្ស៊ី នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

បើតាមសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា លោក Biden បានបង្ហាញ អំពីការប្តេជ្ញាចិត្តយ៉ាងរឹងមាំរបស់ក្រុងវ៉ាស៊ីនតោន ចំពោះការតស៊ូរបស់អ៊ុយក្រែន។ ចំណែកកញ្ចប់ជំនួយយោធាថ្មីនេះ មានទំហំទឹកប្រាក់ ២,៩៨ពាន់លានដុល្លារ សម្រាប់គ្រឿងសព្វាវុធ និង ឧបករណ៍ផ្សេងៗទៀត មានគោលបំណង ដើម្បីធានាថា អ៊ុយក្រែន អាចបន្តការពារទឹកដីរបស់ខ្លួន នៅក្នុងរយៈពេលយូរបាន»។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា កញ្ចប់ជំនួយថ្មីនេះ នឹងរាប់បញ្ចូល ទាំងប្រព័ន្ធការពារដែនអាកាស កាំភ្លើងធំ និង គ្រាប់រំសេវ សម្រាប់ប្រព័ន្ធគ្រឿងចម្បាំងទាំងនេះ ក៏ដូចជា រ៉ាដា និង ប្រព័ន្ធកាំភ្លើងទំនើបៗជាច្រើនផ្សេងទៀត ដើម្បីប្រឈមមុខនឹងដ្រូនវាយប្រហាររបស់រុស្ស៊ី។

ជាការចូលរួមអបអរសាទរដល់អ៊ុយក្រែន ចំពោះទិវាឯករាជ្យរបស់ខ្លួន ដែលត្រូវបានប្រកាស ផ្ដាច់ចេញពីសហភាពសូវៀត នាឆ្នាំ១៩៩១ នោះ លោកប្រធានាធិបតី ចូ បៃដិន បានសង្កត់ធ្ងន់ ថា សហរដ្ឋអាមេរិក «ប្តេជ្ញាគាំទ្រដល់ប្រជាជនអ៊ុយក្រែន ខណៈកំពុងតែបន្តប្រយុទ្ធ ដើម្បីការពារសេរីភាព និង អធិបតេយ្យភាពរបស់ពួកគេ»។

លោកប្រធានាធិបតី ចូ បៃដិន ក៏បានកោតសរសើរ ចំពោះការតស៊ូរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែលបានចាប់ផ្តើម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយពេលព្យាយាមមិនជោគជ័យ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដើម្បីដាក់ប្រទេសមួយនេះ ឲ្យស្ថិតនៅក្រោមគ្រប់គ្រងរបស់រុស្ស៊ីឡើងវិញ ខណៈអ៊ុយក្រែនចង់ចូលជាសមាជិក នៅក្នុងអង្គការណាតូ និង សហភាពអឺរ៉ុប។

នៅក្នុងសង្គ្រាម រយៈពេលជាង៦ខែកន្លងមកនេះ បានធ្វើឲ្យជនស៊ីវិល និង ទាហានទាំងសងខាង បានបាត់បង់ជីវិត រាប់ម៉ឺននាក់ និង ធ្វើឲ្យខាតបង់ទ្រព្យសម្បត្ដិ អស់រាប់រយពាន់លានដុល្លារសហរដ្ឋអាមេរិក។ នេះជាការវាយប្រយុទ្ធគ្នាដ៏ធំបំផុតបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ថ្វីបើរុស្ស៊ី បានរំពឹងទុកជាមុន អំពីជ័យជម្នះយ៉ាងលឿនបំផុតយ៉ាងណាក្ដី ប៉ុន្ដែកងទ័ពអ៊ុយក្រែន ដែលទទួលបានការបណ្ដុះបណ្ដាល ពីលោកខាងលិច មានលទ្ធភាពវាយបក និង ទប់ទល់ដល់កម្លាំងទាហានរុស្ស៊ី មិនឲ្យលេបត្របាក់ប្រទេសរបស់ពួកគេបាននោះឡើយ៕ រក្សាសិទ្ធិដោយ៖សារាយSN

×