ភ្នំពេញៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា បើទណ្ឌិត សម រង្ស៊ី ក្លាហានហ៊ានមកកម្ពុជា ហ៊ានខ្នោះ.រង់ចាំ ព្រោះដីកាចាប់ខ្លួនមានអស់ហើយ។ ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ដែរថា លោកសម រង្ស៊ី ចូល ឬមិនចូលសវនាការនាថ្ងៃទី១៥ ខែកញ្ញា ពេលខាងមុខនេះ គឺនីតិវិធីនៅតែទៅមុខតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ហើយកន្លងមកមិនមានអ្នកណាហាមឃាត់ ឬក៏រារាំងហាមប្រាមគាត់មិនឲ្យចូលមកនោះទេ បើគាត់ចូលមកដើម្បីចូលរួមក្នុងដំណើរការនីតិវិធីតុលាការ។
ការបញ្ជាក់របស់អ្នកនាំពាក្យខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី កាលពីថ្ងៃទី២៣ ខែសីហា បានប្រកាសថា នឹងធ្វើដំណើរពីក្រៅប្រទេសមកចូលរួមក្នុងសវនាការនាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ ដោយបានភ្ជាប់ជាមួយលក្ខខណ្ឌបីចំណុច។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ CEN ថា “ សម រង្ស៊ី ជាន់ដីខ្មែរកាលណាកាន់តែស្រួល កាលណាចូលដល់ដីខ្មែរខ្នោះហើយ ព្រោះមានដីកាច្រើនណាស់ ។ ហើយការលើកឡើងរបស់ទណ្ឌិតរូបនេះ គ្រាន់តែជាសារកម្លាចិត្តដើម្បីកុំឲ្យថាខ្លួនឯងកំសាក តាមពិតមិនហ៊ានមកទេ បើហ៊ានមកហ៊ានជាប់គុក គ្មានបានចូលសវនាការទាន់ទេ ព្រោះដីកាចាប់ខ្លួនមានអស់ហើយ ចាំបាច់សវនាការអីទៀត ចូលគុកសិន។ ប៉ុន្មានឆ្នាំហើយបូកសរុបដូចជា ១២ , ១៣ ដីកា ដីកាកោះរុំខ្លួន ដីកាជាប់រុំខ្លួន”។
ចំណែកឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ប្រាប់សារព័ត៌មាន CEN ថា ការកោះរបស់របស់តុលាការ គឺជាការអនុវត្តនីតិវិធីធម្មតារបស់តុលាការតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ហើយការដាក់លក្ខខណ្ឌ ឬក៏ការស្នើសុំរបស់ទណ្ឌិត សម រង្ស៊ី គឺជារឿងផ្សេងទៀត។ ទោះបីជាគាត់ចូលមិនចូលសវនាការក៏ដោយ គឺនីតិវិធីនៅតែទៅមុខតាមបញ្ញត្តិច្បាប់ដែលមានជាធរមាន។ ហើយកន្លងមកមិនមានអ្នកណាហាមឃាត់ ឬក៏រារាំងហាមប្រាមគាត់មិនឲ្យចូលមកនោះទេ បើគាត់ចូលមកដើម្បីចូលរួមក្នុងដំណើរការនីតិវិធីតុលាការ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ថា “កនន្លងមកអ្វីដែលគាត់ចូលមកហ្នឹង គឺជាផែនការមួយដើម្បីប្រមូលកម្លាំងប្រដាប់ ប្រមូលមនុស្សឲ្យមកជួបជុំតវ៉ាផ្តួលរំលំរដ្ឋាភិបាល អានឹងបានគេមានវិធានការឆ្លើយតបទប់ស្កាត់ដូចជាពេកកន្លងមក”។
សូមជម្រាបថា តុលាការនឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីរួមគំនិតក្បត់ ដែលមានជនជាប់ចោទ សម រង្ស៊ី និងបក្ខពួកចំនួន ៣៣នាក់ ផ្សេងទៀត សរុបចំនួន ៣៤នាក់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ ដីកាកោះជនជាប់ចោទទាំង ៣៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលធានីភ្នំពេញយកទៅបិទនៅប៉ុស្តិ៍ននគរបាល និងសាលាសង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ



