Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក អុជអាលក្រុងប៉េកាំង ធ្វើឲ្យចិនខឹងបន្ដធ្វើសមយុទ្ធយោធា នៅច្រកសមុទ្រតៃវ៉ាន់

រដ្ឋធានីប៉េកាំង៖ ក្រោយពេលដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលសហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ ធ្វើឲ្យក្រុងប៉េកាំងផ្ទុះកំហឹង ហើយនៅពេលនេះទៀត អ្នកនយោបាយសហរដ្ឋអាមេរិក នៅតែបន្ដមកកាន់តៃវ៉ាន់ ទើប ចិន ប្រកាស អំពីការធ្វើសមយុទ្ធយោធា បាញ់គ្រប់ពិតរយៈពេល២ថ្ងៃជាថ្មី នៅឆ្នេរសមុទ្រខេត្តហ្វូជៀន (Fujian) ឆ្លងកាត់ពីតៃវ៉ាន់ ខណៈអ្នកនយោបាយសហរដ្ឋអាមេរិក បន្ដមកកាន់ដែនកោះមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៦ ខែសីហា ថា អ្នកនយោបាយជាន់ខ្ពស់ម្នាក់ មកពីសហរដ្ឋអាមេរិក បានទៅដល់កោះតៃវ៉ាន់ នៅក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់អ្នកនយោបាយសហរដ្ឋអាមេរិក នៅក្នុងខែសីហានេះ ទោះបីជាមានសម្ពាធខ្លាំងពីក្រុងប៉េកាំង មិនឱ្យមកទស្សនាកោះគ្រប់គ្រងដោយខ្លួនឯង យ៉ាងណាក៏ដោយ។ លោក ម៉ាសា ប្លែកប៊ឺន (Marsha Blackburn) សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋសម្រាប់រដ្ឋ Tennessee ទទួលបន្ដុក នៅគណៈកម្មាធិការពាណិជ្ជកម្ម និង សេវាកម្មប្រដាប់អាវុធរបស់ព្រឹទ្ធសភា បានចុះចត នៅតៃវ៉ាន់កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានទៅទស្សនា នៅកោះ Solomon និង ប្រទេសប៉ពួញូវហ្គីណេ (Papua New Guinea)។

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ថា បើតាមសេចក្ដីរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា ក្រុងប៉េកាំង បានបញ្ជូនកងទ័ពរំដោះប្រជាជនចិន ចេញធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត រយៈពេល២ថ្ងៃជាថ្មីបន្ដទៀត នៅឆ្នេរសមុទ្រខេត្ត Fujian ប្រទេសចិន។

ចាប់តាំងពីប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី Nancy Pelosi បានធ្វើដំណើរមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ ចន្លោះពីថ្ងៃទី២-៣ ខែសីហា នោះមក ក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង ហើយប្រឆាំងតវ៉ា ចំពោះសកម្មភាពរបស់អ្នកនយោបាយកំពូលរបស់មហាអំណាចលេខ១លើលោកមួយនេះ។ ជាការប្រតិកម្មតបតនោះ ចិនបានបើកសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ដោយរួមទាំងការបាញ់មីស៊ីល ឆ្លងកាត់ពីលើកោះតៃវ៉ាន់ ខណៈក្រុងប៉េកាំង បានបន្តបញ្ជូនយន្តហោះចម្បាំង ឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់។

បើសេចក្តីថ្លែងការណ៍របស់រដ្ឋបាលសុវត្ថិភាពដែនសមុទ្រ នៃខេត្ត Fujian របស់ប្រទេសចិន បានឲ្យដឹងថា សមយុទ្ធបាញ់គ្រាប់ពិតជុំចុងក្រោយនេះ នឹងត្រូវបានកំណត់ពេលវេលា ចាប់ពីថ្ងៃសុក្រ ទី២៦-២៧ ខែសីហា ចន្លោះពីម៉ោង៦ព្រឹក ដល់ម៉ោង៩យប់។

សារព័ត៌មានសិង្ហបុរី CNA បានរាយការណ៍ថា ឆ្នេរសមុទ្រ Fujian, តំបន់ក្បែរទីក្រុងហ្វូហ្គីង ( Fuqing) និង ទីក្រុងពូធៀន (Putian) ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ពីភាគខាងជើង កោះតៃវ៉ាន់ ត្រូវហាមឃាត់ដល់នាវាគ្រប់ប្រភេទ ចូលទៅក្នុងតំបន់ទាំងនេះ នាអំឡុងពេលធ្វើសមយុទ្ធនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×