Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូងចុះកុងត្រាជាមួយរុស្ស៊ី សង់រោងចក្រនុយក្លេអ៊ែរ នៅអេហ្ស៊ីប

រដ្ឋធានីសេអ៊ូល៖ ថ្វីបើបណ្ដាប្រទេសលោកខាងលិច និង សហរដ្ឋអាមេរិក ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ក្រុងសេអ៊ូល កំពុងតែបង្កើននូវការដាក់សម្ពាធ លើសេដ្ឋកិច្ចរបស់ក្រុងមូស្គូ ប្រឆាំងនឹងសកម្មភាពយោធា នៅក្នុងប្រទេសអ៊ុយក្រែន យ៉ាងណាក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះ កូរ៉េខាងត្បូង នៅតែបន្ដចុះកិច្ចព្រមព្រៀង ជាមួយនឹងរុស្ស៊ី សាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ មានតម្លៃ៣ពាន់ពាន់លានវ៉ុន (លុយកូរ៉េខាងត្បូង) ឬស្មើនឹង ២,២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងប្រទេសអេហ្ស៊ីប។

សារព័ត៌មាន The Business Post បានចេញផ្សាយ កាលពីថ្ងៃសៅរ៍ ទី២៧ ខែសីហា ថា មន្រ្ដីក្រុងសេអ៊ូល បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់ ២,២៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនថាមពលនុយក្លេអ៊ែរ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ និង សាងសង់សំណង់ទួប៊ីន សម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ ដំបូងបង្អស់ នៅក្នុងប្រទេសអេហ្ស៊ីប។

ជាមួយគ្នានេះដែរ ប្រជាជនកូរ៉េខាងត្បូង បានសាទរ ចំពោះកិច្ចព្រមព្រៀងនេះ ព្រោះវាជាជោគជ័យមួយ សម្រាប់ឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង បើទោះបីជាកិច្ចព្រមព្រៀងនេះ បង្កើតឡើង សម្រាប់ជាជម្រើសដ៏អាក្រក់ ចំពេលសម្ពន្ធមិត្តសហរដ្ឋអាមេរិករបស់ក្រុងសេអ៊ូល កំពុងតែជំរុញឲ្យមានយុទ្ធនាការកាន់តែខ្លាំងក្លា ដាក់សម្ពាធលើសេដ្ឋកិច្ចរបស់រុស្ស៊ី ឲ្យស្ថិតក្នុងភាពឯកោ ដើម្បីជាការប្រឆាំងនឹងសកម្មភាពយោធារបស់ក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុមមន្ត្រីកូរ៉េខាងត្បូង បានអះអាងថា សហរដ្ឋអាមេរិក ក៏ត្រូវបានពិគ្រោះយោបល់ជាមុន អំពីកិច្ចព្រមព្រៀងនេះ ហើយថា បច្ចេកវិទ្យាដែលត្រូវផ្គត់ផ្គង់ ដោយក្រុងសេអ៊ូល សម្រាប់គម្រោងនេះ ក៏នឹងមិនរងផលប៉ះពាល់ជាមួយនឹងទណ្ឌកម្មអន្តរជាតិ ប្រឆាំងនឹងរុស្ស៊ី នោះដែរ។

បើតាមការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង និង ក្រសួងពាណិជ្ជកម្មរបស់ប្រទេសនេះ បានអះអាងថា ក្រុមហ៊ុន Korea Hydro និង ថាមពលនុយក្លេអ៊ែរ គ្រប់គ្រងដោយរដ្ឋ កូរ៉េខាងត្បូង បានបន្ដចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុនអាតូមស្ដ្រូយ៉ែកស្ពត (Atomstroyexport) របស់រុស្ស៊ី ដើម្បីផ្គត់ផ្គង់សម្ភារៈ និង ឧបករណ៍មួយចំនួន សម្រាប់សាងសង់អគារទួប៊ីន និង ចនាសម្ព័ន្ធផ្សេងៗទៀត នៅក្នុងរោងចក្រ ដែលកំពុងតែសាងសង់ នៅដាបាអា (Dabaa) ជាទីក្រុងឆ្នេរសមុទ្រមេឌីទែរ៉ាណេ មានចម្ងាយប្រហែល១៣០គីឡូម៉ែត្រ នាភាគពាយព្យ រដ្ឋធានីក្រុងគែរ ប្រទេសអេហ្ស៊ីប។

ក្រុមហ៊ុន Atomstroyexport ដែលគេស្គាល់ថា ASE ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូសាតូម (Rosatom) ដែលជាក្រុមហ៊ុននុយក្លេអ៊ែរ គ្រប់គ្រងដោយរដ្ឋរុស្ស៊ី។ ក្រុមហ៊ុននេះ បានចុះកិច្ចសន្យា ជាមួយប្រទេសអេហ្ស៊ីប នៅក្នុងការចែកចាយម៉ាស៊ីនរ៉េអាក់ទ័រ មានកម្លាំង ១ ២០០មេហ្គាវ៉ាត់ ចំនួន៤គ្រឿង រហូតដល់ឆ្នាំ២០៣០។ សកម្មភាពនេះ ក៏ជាផ្នែកមួយ នៃគម្រោងរបស់ក្រុមហ៊ុន Korea Hydro និង ថាមលនុយក្លេអ៊ែរ ចន្លោះពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៩ ផងដែរ៕ រក្សាសិទ្ធិដោយ៖សារាយSN

×