Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តៃវ៉ាន់ ត្រៀមខ្លួនធ្វើសង្គ្រាមយូរ ប្រសិនបើចិនឡោមព័ទ្ធជាប់

ទីក្រុងតៃប៉ិ៖ ស្របពេល ចិនកំពុងតែបង្កើននូវការដាក់សម្ពាធយ៉ាងខ្លាំង ទៅលើកោះតៃវ៉ាន់នោះ រដ្ឋាភិបាលក្រុងតៃប៉ិ បាន និង កំពុងតែបង្កើននូវការចំណាយ លើកញ្ចប់ថវិកាជាតិ កាន់តែច្រើនឡើង សម្រាប់ទិញគ្រឿងចម្បាំងទំនើបៗ មកពីសហរដ្ឋអាមេរិក យកមកត្រៀមខ្លួនទុកជាមុន សម្រាប់ការធ្វើសង្គ្រាម រយៈពេលយូរ ប្រសិនបើត្រូវចិនឡោមព័ទ្ធជាប់។

សារព័ត៌មាន Taipei Timews បានចេញផ្សាយ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ថា បើតាមសេចក្ដីរាយការណ៍ កាលពីថ្ងៃសុក្រ បានអះអាងថា តៃវ៉ាន់ បានចុះកិច្ចព្រមព្រៀងមួយ មានរយៈពេល៦ឆ្នាំ ជាមួយនឹងសហរដ្ឋអាមេរិក មានទឹកប្រាក់ទំហំ ១,៣៦ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹង៤៥,១៦លានដុល្លារសហរដ្ឋអាមេរិក។ កុងត្រានេះ បានផ្ដោតទៅលើគ្រឿងបន្លាស់ និង គ្រាប់រំសេវ សម្រាប់ឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង ប្រភេទ Apache និង Black Hawk ។

បើតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ បានបង្ហាញថា រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កំពុងតែរៀបចំកញ្ចប់គ្រឿងសព្វាវុធថ្មី សម្រាប់តៃវ៉ាន់ នៅក្នុងខែកញ្ញា ខាងមុខនេះ ខណៈចិនកំពុងតែបន្តធ្វើសមយុទ្ធយោធា និង បញ្ជូនយន្តហោះចម្បាំង ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់។

សារព័ត៌មាន The Liberty Times បានរាយការណ៍ថា កិច្ចព្រមព្រៀថ្មីនេះ មិនបានរាប់បញ្ចូលជាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងទិញគ្រឿងសព្វាវុធថ្មីនោះឡើយ។ ប៉ុន្ដែកិច្ចព្រមព្រៀងនេះ ក៏ត្រូវបានរៀបចំឡើង ដើម្បីជួយធ្វើឱ្យប្រសិទ្ធភាពដល់ឧទ្ធម្ភាគចក្ររបស់តៃវ៉ាន់ រួចផុតពីការឡោមព័ទ្ធរយៈពេលយូរ ពីកងទ័ពចិន។

សេចក្ដីរាយការណ៍ ដដែលនោះ បានបន្ដ ថា ថា កងទ័ពតៃវ៉ាន់ បានប្រគល់ឱ្យតំណាងយោធារបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក ចុះហត្ថលេខាលើឯកសារនេះ ជាមួយនឹងវិទ្យាស្ថានសហរដ្ឋអាមេរិក នៅតៃវ៉ាន់ (AIT) ដោយគ្របដណ្តប់ រយៈពេល ចាប់ពីខែមុន រហូតដល់ខែធ្នូ ឆ្នាំ២០២៨ ហើយវាមានទំហំទឹកប្រាក់ជាង ១,៣៦៤ពាន់លានដុល្លារ (១ ៣៦៤ ៦៤០ ០០០ដុល្លារ) តៃវ៉ាន់ ឬស្មើនឹងជាង ៤៥,០៥លានដុល្លារសហរដ្ឋអាមេរិក។

រដ្ឋាភិបាលតៃប៉ិ បានបញ្ជាក់ កាលពីថ្ងៃទី២៥ ខែសីហា ថា តៃវ៉ាន់ បានស្នើសុំកញ្ចប់ថវិកា លើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ មានទំហំទឹកប្រាក់ ៥៨៦,៣ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងជាង ១៩,៣៥៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំនួនថវិកាសម្រាប់វិស័យការពារជាតិ នាឆ្នាំ២០២៣នេះ បានកើតឡើង រហូតដល់ ១៣,៩ភាគរយ បើធៀបនឹងការចំណាយ កាលពីឆ្នាំមុខ។

តៃវ៉ាន់ បានបង្កើនការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដ៏ច្រើនបែបនេះ ក៏ដោយសារតែមានការគំរាមកំហែង ពីប្រទេសចិន ចេះតែកើនឡើង មកលើសន្ដិសុខ នៅលើដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាដែនដីរបស់ចិន ហើយខ្លួននឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាសពីឯករាជភាព កាត់ផ្ដាច់ចេញពីចិន៕រក្សាសិទ្ធិដោយ៖សារាយSN

×