តៃវ៉ាន់ ៖ បើតាមការចេញផ្សាយរបស់ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំងរបស់ចិន ចំនួន ២៣គ្រឿង បានធ្វើហោះចូលក្នុងដែនការពាររបស់ខ្លួន, ហើយស្របពេលជាមួយគ្នានេះ នាវាចម្បាំងចិនចំនួន ២គ្រឿងផងដែរ បានធ្វើដំណើរឆ្លងកាត់់ច្រកសមុទ្រតៃវ៉ាន់ ដើម្បីឆ្លើយតបចំពោះនាវាចម្បាំងរបស់អាមេរិក ២គ្រឿង កាលពីដើមសប្តាហ៍នេះ ក៏បានចូលមកក្នុងដែនសមុទ្រតៃវ៉ាន់ផងដែរ។
ចំណែកយោធាចិន បាននិយាយថាខ្លួនកំពុងតាមដានសកម្មភាពនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបាននិងកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាមួយការប្រុងជើងការខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីបង្ក្រាបសកម្មភាពបង្កហេតុណាមួយ។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង បាននិងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូងចាប់តាំងពីផ្ទុះភាពតានតឹងខ្លាំង រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណេនស៊ី ប៉េឡូស៊ី កាលពីដើមខែសីហា នេះមក។
រីឯ កងទ័ពជើងទឹកអាមេរិកវិញ និយាយថា នាវាចម្បាំង យូអេសអេស ឈែនសែលល័រវីល (USS Chancellorsville) និងយូអេសអេស អាន់ទីតាំ (USS Antietam) បានដឹកនាំប្រតិបត្តិការនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ពិតប្រាកដមែន ហើយប្រតិបត្តិការនេះកំពុងបន្តធ្វើឡើងនៅឡើយ។ កងទ័ពជើងទឹកអាមេរិក លើកឡើងទៀតថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងម្ដងម្កាល រួមមានទាំងនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ផងដែរ ដូចជា អង់គ្លេស និងកាណាដា ជាដើម បានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយដែលសកម្មភាពបែបនេះតែងតែធ្វើឱ្យចិនខឹងសម្បាជារៀងរាល់លើក៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN






