Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះទឹកជំនន់ដ៏អាក្រក់នៅប៉ាគីស្ថាន លំនៅឋាន ២២ម៉ឺនខ្នងខ្ទេចខ្ទី មនុស្សស្លា.ប់លើសពី ១ពាន់នាក់ អង់គ្លេសបានផ្ដល់ជំនួយបន្ទាន់ភ្លាម

spot_img

ប៉ាគីស្ថាន ៖ អាជ្ញាធរប្រទេសប៉ាគីស្ថាន បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់បង្កឡើងដោយ ព្យុះភ្លៀងមូសុង បានកើនឡើងលើស ១,០០០នាក់ហើយ ខណៈប្រទេសជាច្រើនរួមមាន កាតា និងអ៉ីរ៉ង់ បានសន្យាផ្ដល់ជំនួយជាបន្ទាន់, ហើយពេលនេះចក្រភពអង់គ្លេសបានផ្ដល់ជំនួយបន្ទាន់មកកាន់ប៉ាគីស្ថានរួចហើយ គឺ ១.៧៦លានដុល្លារ។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ បានបង្ហាញថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានបញ្ចេញរបាយការណ៍ស្ដីពីចំនួនអ្នកស្លា.ប់ដោយសារគ្រោះទឹកជំនន់ ចាប់តាំងពី ខែមិថុនា មកដល់ចុងខែសីហានេះ បានកើនដល់ ១,០៣៣នាក់ ហើយ ក្នុងនោះមាន ១១៩នាក់ បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ បន្ថែមពីលើនេះ អាជ្ញាធរក៏បានព្រមានផងដែរពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរនៅតាម តំបន់មួយចំនួនដែលស្ថិតនៅជាប់ព្រំដែនរដ្ឋធានីកាប៊ុល នៃប្រទេសអាហ្វហ្កានីស្ថាន និងទន្លេអ៉ីនឌូស (Indus) ចំពោះមុខភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងនោះ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរប៉ាគីស្ថាន បានសម្រេចប្រកាសអាសន្នថ្នាក់ជាតិ បន្ទាប់ពីស្រុកជាង១០០ នៅទូទាំងខេត្តចំនួន៤ រួមមាន បាឡូជីស្ថាន (Balochistan), សីន (Sindh), ពូនចាប (Punjab) និងឃីបឺ ប៉ាកទូនក្វា (Khyber Pakhtunkhwa) បានទទួលរងការវាយប្រហារ ដោយគ្រោះទឹកជំនន់។ ចំណែកឯ លំនៅឋានប្រហែល ២២០,០០០ខ្នង ត្រូវបានបំផ្លាញខ្ទេចខ្ទីទាំងស្រុង និងជាងកន្លះលានខ្នងទៀត បានរងការខូចខាត។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២ ឲ្យដឹងផងដែរថា ទាក់ទងនឹងគ្រោះទឹកជំនន់លិចលង់ដ៏អាក្រក់នៅប្រទេសប៉ាគីស្ថាននោះ ចក្រភពអង់គ្លេស បានសម្រេចបញ្ជូនជំនួយប្រមាណ ១.៧៦លានដុល្លារ ទៅកាន់ប្រទេសប៉ាគីស្ថានរួចហើយ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រទេសនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×