Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម នាំចូលកុំព្យូទ័រ និង ផលិតផលអគ្គិសនី មានតម្លៃជាង៥០ពាន់លានដុល្លារ

រដ្ឋធានីហាណូយ៖ វៀតណាម បានចំណាយប្រាក់ រហូតដល់ជាង៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២ សម្រាប់ការនាំចូលនូវកុំព្យូទ័រ ផលិតផលអគ្គិសនី និង គ្រឿងបន្លាស់ផ្សេងៗទៀត ពីប្រទេសចិន កូរ៉េខាងត្បូង តៃវ៉ាន់ និង ជប៉ុន។

សារព័ត៌មាន Vietnam Investment Review បានចេញផ្សាយ កាលពីថ្ងៃទី២៦ ខែសីហា ថា បើតាមអគ្គនាយកដ្ឋានគយរបស់វៀតណាម បានឲ្យដឹងថា នៅក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២២ ការនាំចូលទំនិញទាំងនេះ មានទំហំទឹកប្រាក់ជាង ៥០,១ពាន់លានដុល្លារសហរដ្ឋអាមេរិក ពោលគឺកើនឡើង រហូតដល់ ២៥,២ភាគរយ បើធៀបនឹងតួលេខ កាលពីឆ្នាំមុន ដែលស្មើនឹង២៣,១៣ភាគរយ នៃការនាំចូលកុំព្យូទ័រ និងផលិតផលអគ្គិសនីសរុប នៅក្នុងប្រទេសវៀតណាម។

ត្រឹមតែខែកក្កដា ប៉ុណ្ណោះ វៀតណាម បានចំណាយប្រាក់ជិត ៦,៩ពាន់លានដុល្លារ សម្រាប់ការនាំចូលកុំព្យូទ័រ ផលិតផលអេឡិកត្រូនិក និង គ្រឿងបន្លាស់ កើនដល់២,៣ភាគរយ លើសពីខែមុន។ រីឯទីផ្សារនាំចូលច្រើនជាងគេ នៅក្នុងតំបន់អាស៊ី រួមមាន ចិន កូរ៉េខាងត្បូង តៃវ៉ាន់ និង ជប៉ុន។

ប្រទេសចិន ជាទីផ្សារនាំចូលផលិតផលទាំងនេះច្រើនជាងគេ ដោយមានទំហំទឹកប្រាក់ ១៤,៦៤ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង២៩,២២ភាគរយ នៃចំណែកទីផ្សារសរុបរបស់ទំនិញទាំងនេះ ហើយវាកើនឡើង រហូតដល់២៥,៥៦ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

កូរ៉េខាងត្បូង ជាទីផ្សារនាំចូលធំលំដាប់ទី២ ដោយមានទំហំទឹកប្រាក់ ១៤,៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង ២៨,៦ភាគរយ នៃចំណែកទីផ្សារសរុប ហើយវាកើនឡើង ជិត៣៧ភាគរយ។ រីឯតៃវ៉ាន់ ជាទីផ្សារនាំចូលដ៏ធំលំដាប់លេខ៣របស់វៀតណាម ដោយមានទំហំទឹកប្រាក់ ៦,៩៨ពាន់លានដុល្លារ ស្មើនឹង១៣,៩៣ភាគរយ នៃចំណែកទីផ្សារសរុប ហើយវាកើនឡើងដល់៣៥,៨ភាគរយ។ ចំណែកជប៉ុន ឈរនៅលំដាប់លេខ៤ ដោយមានទំហំទឹកប្រាក់ ជាង ៤,០៥ពាន់លានដុល្លារ ស្មើនឹង៨ភាគរយ នៃចំណែកទីផ្សារសរុប ហើយកើនឡើង ៣៤,៥៥ភាគរយ។

ទីផ្សារធំៗទាំង៤ប្រទេសនេះ បាននាំចូលកុំព្យូទ័រ ផលិតផលអេឡិកត្រូនិក និង គ្រឿងបន្លាស់ស្មើនឹង៧៩,៧៥ភាគរយ នៃការនាំចូលសរុបរបស់ប្រទេសវៀតណាម។ នៅចុងខែកក្កដា វៀតណាម បាននាំចូលកុំព្យូទ័រ ផលិតផលអគ្គិសនី និង គ្រឿងបន្លាស់ ឈានដល់៣១,៧២ពាន់លានដុល្លារសហរដ្ឋអាមេរិក កើនដល់១៤,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ដូច្នេះ នៅចុងខែកក្កដា ការនាំចូលប្រភេទកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និង គ្រឿងបន្លាស់ មានឱនភាពពាណិជ្ជកម្ម ជាង១៨ពាន់លានដុល្លារសហរដ្ឋអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×