Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេស អះអាងថា ការជ្រើសរើសកងទ័ពរបស់រុស្ស៊ី នឹងមិនមានឥទ្ធិពលកែប្រែសង្គ្រាម នៅអ៊ុយក្រែន

រាជធានីឡុងដ៍៖ រហូតមកដល់ពេលនេះ សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដវា.យប្រ.យុទ្ធគ្នា អស់រយៈពេលជាង៦ខែកន្លងមកហើយ បណ្ដាលឲ្យបាត់បង់កងទ័ពយ៉ាងច្រើន ទើបរុស្ស៊ី បានប្រកាសជ្រើសរើសកងទ័ពយ៉ាងច្រើន ប៉ុន្ដែក្រសួងការពារជាតិចក្រភពអង់គ្លេស បែរជាអះអាងថា ការជ្រើសរើសកងទ័ពបន្ថែមរបស់រុស្ស៊ី ទំនងជានឹងមិនធ្វើឲ្យលទ្ធផលសង្រ្គាម នៅអ៊ុយក្រែន កែប្រែនោះឡើយ។

សារព័ត៌មាន The Star បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែសីហា ថា ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា ផែនការរបស់រុស្ស៊ី ដើម្បីបង្កើននូវចំនួនកងទ័ពរបស់ខ្លួន ទំនងជានឹងមិនមានឥទ្ធិពល ជួយដល់សង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។

បច្ចុប្បន្ន រុស្ស៊ី មានកម្លាំងទាហាន សរុប ប្រហែល ២ ៩០០ ០០០នាក់ ហើយក្នុងនោះ មានទាហានសកម្ម ចំនួន ៩០០ ០០០នាក់ និង ទាហានបម្រុង ចំនួន ២ ០០០ ០០០នាក់។ ដោយឡែក អ៊ុយក្រែន វិញ មានកងទ័ព សរុប ប្រហែល ១ ០៩៦ ៦០០នាក់ ហើយក្នុងនោះ មានកងទ័ពសកម្ម ចំនួន ១៩៦ ៦០០នាក់ និង កងទ័ពបម្រុង ចំនួន ១ ០០០ ០០០នាក់។

លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ បានចុះហត្ថលេខា លើក្រឹត្យថ្មីមួយ សម្រាប់ជ្រើសរើសកងទ័ពថ្មី ចំនួន ១៣៧ ០០០នាក់បន្ថែម ដើម្បីបង្កើន ចំនួនកងទ័ពរបស់ក្រុងមូស្គូ រហូតដល់ជាង ១,៥លាននាក់។ ប៉ុន្ដែសកម្មភាពបែបនេះ ត្រូវបានក្រសួងការពារជាតិចក្រភពអង់គ្លេស អះអាងថា ការជ្រើសរើសទាហានរបស់ក្រុងមូស្គូ នឹងមិនអាចជួយបង្កើនកម្លាំងប្រយុទ្ធរបស់រុស្ស៊ី នៅក្នុងសង្គ្រាមនេះឡើយ ព្រោះទាហានរុស្ស៊ី នៅតែបន្ដបាត់បង់កាន់តែច្រើនឡើង។

ជាមួយគ្នានេះ រុស្ស៊ី ក៏បានលើកទឹកចិត្តដល់អ្នកទោស ឲ្យចូលរួម នៅក្នុងកម្លាំងទាហានរបស់ខ្លួន ជាថ្នូរនឹងការដោះលែង ឲ្យមានសេរីភាព និង ការផ្ដល់លុយកាក់បន្ថែមទៀតផង។ ក្រុងមូស្គូ កាលពីពេលថ្មីៗនេះ បានកំណត់កម្លាំងទាហានរុស្ស៊ី ជាង១លាននាក់ ដោយរួមទាំងបុគ្គលិកស៊ីវិលរបស់យោធា ប្រហែល ៩០០ ០០០នាក់ ផងដែរ។

នៅក្នុងការធ្វើបច្ចុប្បន្នភាព អំពីសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន នោះ ក្រសួងការពារជាតិចក្រភពអង់គ្លេស បានបញ្ជាក់ ថា អង់គ្លេស នៅមិនច្បាស់ ថាតើការបង្កើនកម្លាំងទ័ព ដែលរុស្ស៊ី បានគ្រោងទុក នឹងសម្រេចបាន តាមការជ្រើសរើសអ្នកស្ម័គ្រចិត្តបន្ថែមទៀត ឬដោយការបញ្ជូលទាហាន នៅខាងក្រៅទឹកដីរបស់រុស្ស៊ី យ៉ាងណានោះដែរ។ ប៉ុន្ដែនៅក្នុងសង្គ្រាម អស់រយៈពេលជាង៦ខែកន្លងមកនេះ រុស្ស៊ី បានបាត់បង់កម្លាំងទាហានច្រើន នៅក្នុងសមរភូមិរបស់ប្រទេសអ៊ុយក្រែន។

បើតាមក្រុមមន្រ្ដីយោធារបស់បស្ចិមលោក បានអះអាង ថា កម្លាំងទាហានក្រុងមូស្គូ ចន្លោះពី៧០ ០០០ ទៅ ៨០ ០០០នាក់ បានបាត់បង់ជីវិត និង រងរបួស ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ព ឆ្លងព្រំដែនរបស់ខ្លួន វាយលុកចូល ទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។ បើតាមពិតទៅ លោក ពូទីន មានគម្រោងធ្វើសង្គ្រាម រយៈពេលខ្លី ដោយគិតថា នឹងទទួលបានជ័យជម្នះភ្លាមៗតែម្ដង។ ប៉ុន្ដែដោយសារអ៊ុយក្រែន មានការតស៊ូយ៉ាងស្វិតស្វាយ ទើបធ្វើឲ្យសមរភូមិប្រយុទ្ធ ប្រឈមមុខនឹងការលំបាក់ខ្លាំង ហើយបន្ដអូសបន្លាយ រយៈពេលយ៉ាងយូរ រហូតមកដល់ពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×