ថ្មីៗនេះ គេបានរកឃើញនូវសមាសធាតុតុបតែងប្រាង្គប្រាសាទមុនអង្គរជាច្រើននៅម្តុំអូរកែវ ហើយក្នុងចំណោមគ្រឿងតុបតែងប្រាសាទទាំងនោះ មានសសរស្តម្ភមួយ ដែលសព្វថ្ងៃនេះត្រូវបានតម្កល់នៅក្នុងបរិវេណនៃសារមន្ទីរខេត្តអាងយ៉ាង អតីតមាត់ជ្រូក បានទាក់ទាញអារម្មណ៍យើង។ ដោយហេតុថា បើយើងមិនច្រឡំទេ សសរថ្មបែបនេះ គេពុំធ្លាប់ជួបប្រទះពីមុនឡើយក្នុងប្រវត្តិសិល្បៈខ្មែរ។ ក្រៅពីនេះ នៅមានចម្លាក់ និងសញ្ញាមួយចំនួន ដែលអាចនាំឲ្យយើងអាចបញ្ចេញនូវសម្មតិកម្មខ្លះៗ។
ថ្វីត្បិតតែយើងពុំទាន់មានលទ្ធភាពនឹងកំណត់អាយុកាលនៃវត្ថុសិល្បៈបុរាណនេះនៅឡើយ ដែលមានរូបភ្ជាប់មកនេះក្តី។ ក៏ប៉ុន្តែយើងអាចសន្និដ្ឋានយ៉ាងត្រឹមត្រូវបានថា វាស្ថិតក្នុងសម័យវប្បធម៌នគរភ្នំ ឬហ្វូ-ណន។ ចំពោះយើង អវសាន្តរបស់ហ្វូ-ណន ដែលជារដ្ឋខ្មែរដំបូងបង្អស់ ដែលបានកកើតឡើងដោយឥទ្ធិពលឥណ្ឌា ឬក្លិង្គនោះ ស្ថិតនៅមុនឆ្នាំ ៦៤៩ ពោលគឺ មិនមែននៅពាក់កណ្តាលស.វទី៦នោះទេ បើសំអាងលើសំណេរដៃចិន។
តាមការសិក្សាប្រៀបធៀប ការតុបតែង ជាពិសេសលក្ខណៈចម្លាក់មនុស្សឆ្លាក់ចំពីមុខចំនួនពីរ ឬបីនាក់ក្នុងបរិវេណតូចមួយ សសររបស់យើង ពិតជាត្រូវបានស្ថាបនាឡើងយ៉ាងហោចណាស់ក៏ក្នុងកម្លុងស.វទី៤-៥នៃគ.សដែរ នេះជាមតិដែលយើងសុំស្នើឡើង។
សូមជម្រាបថា កុឌុ (Kudu) ដីដុតមួយ ដែលមានរាងមូលសម្រាប់លំអផ្នែកខាងលើដំបូលប្រាង្គប្រាសាទ ដូចករណីប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុកជាដើម ដែលគេបានរកឃើញនៅអូរកែវ ខេត្តអាងយ៉ាង ស្ថិតក្នុងកម្លុងស.វទី២-៤នៃគ.ស។
រូបភាព ១-៣ : សសរ និងរូបពង្រីក សារមន្ទីរអាងយ៉ាង (ម.ត ២០០៣)
សូមបញ្ជាក់ឡើងវិញថា ប្រភេទចម្លាក់ខាងលើនេះ ពុំធ្លាប់ជួបប្រទះនៅក្នុងកម្ពុជាបច្ចុប្បន្នឡើយ តែក្នុងដែនដីសណ្តដែលស្ថិតនៅផ្នែកខាងក្រោមនៃទន្លេមេគង្គ ដែលនៅនៅទីនោះ ហើយដែលវប្បធម៌ឥណ្ឌាបានចាប់ពន្លកមុនគេ។ គឺដោយសារមូលហេតុនេះហើយ ដែលបង្ខំយើងឲ្យផ្សព្វផ្សាយរបកគំហើញខាងបុរាណវិទ្យានេះ ដើម្បីជំរុញឲ្យមានការសិក្សាបន្ថែមទៀត ហើយដើម្បីពង្រីកចំណេះចេះដឹងពាក់ព័ន្ធទៅនិងវិស័យស្ថាបត្យកម្មមុនអង្គរផង។
ម្យ៉ាងវិញទៀត វត្តមានរបស់ឆ័ត្រនៅលើមនុស្សស្រី ៣រូប ដែលអត្តសញ្ញាណមិនត្រូវបានស្គាល់នៅឡើយនោះ បញ្ជាក់ឲ្យយើងដឹងប្រយោលថា យើងកំពុងស្ថិតនៅមុខប្រវត្តិរឿងរ៉ាវអ្វីមួយដែលគេចង់និទាន។ ពីព្រោះបញ្ហានេះ យើងសង្ឃឹមថា ប្រភព និងអាចគូសបញ្ជាក់ឲ្យបានច្បាស់លាស់ នៅពេលដ៏ខ្លីខាងមុខនេះ។ ក៏ប៉ុន្តែ គួរជម្រាបភ្លាមថា ការដែលស្រីម្នាក់អមដោយភីលៀងពីរនៅសខាង អាចជាក្សត្រីយ៍ ឬក៏ព្រះនាងមាយា ដែលជាព្រះរាជមាតារបស់ព្រះពុទ្ធអង្គដែលមានក្នុងពុទ្ធប្រវត្តិ។ ចំពោះឋានៈក្សត្រីដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមនេះ អាចបញ្ជាក់តាមរយៈឆ័ត្រ។
នៅផ្នែកខាងលើ យើងឃើញមានរង្វង់មូលមួយ ដែលជានិមិត្តសញ្ញាពិសិដ្ឋមួយដែលមានសណ្ឋាន ហើយមានចម្លាក់មនុស្សម្នាក់ប្រថាប់ពីលើ ក្នុងឥរិយាបថសមាធិ ដូចព្រះពុទ្ធអង្គ។ ហេតុនាំឲ្យយើងកត់សម្គាល់ថា ចម្លាក់លើសសរស្តម្ភខាងលើនេះ ពិតជាពាក់ព័ន្ធទៅនឹងលទ្ធិព្រះពុទ្ធសាសនា។ តើរង្វង់មូលដែលទ្រដោយផ្កាឈូកនោះ មានអត្ថន័យយ៉ាងណាដែរ?
គេដឹងថា វត្តមាននៃនិមិត្តសញ្ញាជារង្វង់ខាងលើនេះ ក៏ត្រូវបានជួបប្រទះនៅលើពុម្ពថ្មមួយ និងតាមរយៈរូបចម្លាក់សំណមួយចំនួន នៅទីក្រុងអង្គរបុរី និងនៅអ៊ូថង ប្រទេសថៃបច្ចុប្បន្នផងដែរ ដែលជានិមិត្តរូបនៃធម្មចក្រ។ ចំពោះចម្លាក់ជាស្លឹកពោធិ៍ លំអនៅផ្នែកខាងលើបំផុតរបស់សសរ យើងយល់ថា រូបនេះតំណាងស្លឹកពោធិ៍ ដែលជានិមិត្តរូបនៃការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ ដូចមានចម្លាក់ព្រះសម្មាសម្ពុទ្ធអង្គមួយស្ថិតក្នុងឥរិយាបថសមាធិនៅខាងក្រោមស្លឹកពោធិ៍ជាភស្ដុតាងស្រាប់។ នេះជារបៀបនិទានរឿងបែបបុរាណយ៉ាងប្រាកដ។
ដូចនេះ ជារួម យើងអាចសន្និដ្ឋានបានថា ទាំងចម្លាក់ស្ត្រី ដែលជាតួអង្គសំខាន់ជាងគេ ទាំងនិមិត្តសញ្ញានៅទីនេះ ក៏ដូចគ្នានិងឥរិយាបថសមាធិរបស់ចម្លាក់ភេទប្រុស ពិតជាពាក់ព័ន្ធទៅនិងប្រវតិ្តរបស់ព្រះពុទ្ធសាសនា។ ទន្ទឺមនឹងនេះដែរ ត្រូវជ្រាបថា សញ្ញានិមិត្តទាំងប៉ុន្មានដែលទើបរៀបរាប់ខាងលើនេះក៏តំណាងឲ្យអំណាចរបស់ព្រះមហាក្សត្រ ឬរាជាធិបតេយ្យនាសម័យបុរាណផងដែរ៕ (ម.ត្រាណេ)