សារធាតុគីមីមាននៅគ្រប់ទិសទី ជុំវិញខ្លួនយើង មនុស្សជាច្រើនដឹងថា ប្រភេទខ្លះមិនសូវមានគ្រោះថ្នាក់ទេ (មានគ្រោះថ្នាក់តិច) តែប្រភេទខ្លះវិញ មានគ្រោះថ្នាក់ខ្លាំង សូម្បីតែប៉ះបន្តិចបន្តួច ក៏អាចធ្វើរាងកាយមនុស្សយើង មានបញ្ហាធ្ងន់ធ្ងរបានដែរ។ ដូច្នេះការដែលនៅជុំវិញខ្លួនយើង ពោរពេញទៅដោយសារធាតុគីមីនោះ ទើបចាំបាច់បំផុតដែលយើងត្រូវតែដឹងពីវិធីធ្វើបឋមព្យាបាល ពាក់ព័ន្ធនឹងសារធាតុគីមី ឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រាលភាពធ្ងន់ធ្ងររបស់គ្រោះថ្នាក់បាន។
សារធាតុគីមីចូលភ្នែក
ចូរប្រញាប់លាងចេញដោយទឹកស្អាតជាបន្ទាន់ ដោយព្យាយាមបើកភ្នែកនៅក្នុងទឹក និងចាប់ទាញត្របកភ្នែកឱ្យបើកធំឡើង យ៉ាងតិចបំផុត ១៥នាទី ដើម្បីលាងសារធាតុគីមី ដែលនៅជាប់ក្រោមត្របកភ្នែកចេញឱ្យអស់ បន្ទាប់ពីនោះចូរប្រញាប់ទៅមន្ទីរពេទ្យ។
ការស្រូបក្លិនហ្គាស ឬចំហាយ ឬឧស្ម័នពុល ចូលក្នុងខ្លួន
-បើមានអារម្មណ៍ថា មានភាពខុសប្រក្រតីកើតឡើងចំពោះរាងកាយ ក្នុងខណៈកំពុងប្រតិបត្តិការពាក់ព័ន្ធនឹងសារធាតុគីមី ដូចជា វិលមុខ ឈឺក្បាល ក្រហាយភ្នែក ក្រហាយច្រមុះ ឬធំក្លិនខុសប្រក្រតីណាមួយជាដើមនោះ ចូរប្រញាប់ដើរគេចចេញពីបរិវេណនោះ ទៅស្រូបយកខ្យល់អាកាសនៅកន្លែងស្រឡះៗ។
-គួរបើកចំហទ្វារបង្អួចឱ្យធំ ដើម្បីធ្វើឱ្យភាពណែនហប់របស់ហ្គាសរលាយបាត់អស់ខ្លះ និងបើសិនហ្គាស ដែលលេចធ្លាយនោះ ជាហ្គាសដែលឆាបឆេះភ្លើងផងនោះ គួរចៀសវាងរាល់ទង្វើណា ដែលនឹងបង្កឱ្យកើតមានផ្កាភ្លើងជាដាច់ខាត។
-ការជួយសង្គ្រោះជនរងគ្រោះ ដែលបាត់បង់ស្មារតី អ្នកជួយសង្គ្រោះគួរតែមានពាក់ស្រោមមុខការពារហ្គាសពុល ឬពាក់ប្រដាប់ជួយការដកដង្ហើម បន្ទាប់មកទើបប្រញាប់នាំខ្លួនជនរងគ្រោះ ទៅកាន់ទីកន្លែងដែលស្រឡះ ឬកណ្តាលវាល។
-ជនរងគ្រោះដែលបានទទួលជាតិពុល ហាយដ្រូជេន សៃយ៉ាណៃដ៍( Hydrogen Cyanide ) អាចជួយសង្គ្រោះដោយការឱ្យហឹត អេមីល ណៃត្រៃ (Amyl nitrite ) ឬ អ៊ែមម៉ូនៀ (Ammonia) រៀងរាល់ ៥នាទី។ បើជនរងគ្រោះឈប់ដកដង្ហើម ចូរប្រញាប់ជួយសង្គ្រោះ ដោយការផ្លុំខ្យល់បញ្ចូលមាត់ ដើម្បីជួយឱ្យសួតធ្វើការឡើងវិញ។
ការលេប ឬហូបសារធាតុគីមី
ឧប្បត្តិហេតុដោយសារការលេប ឬហូបសារធាតុគីមី មិនបានកើតឡើងញឹកញាប់នោះទេ តែបើសិនជាមានហេតុការណ៍បែបនេះកើតឡើង គោលការណ៍ក្នុងការធ្វើបឋមព្យាបាលទូទៅ មានដូចតទៅ៖
-ព្យាយាមធ្វើឱ្យជនរងគ្រោះក្អួត ដោយការប្រើម្រាមដៃលូកចូលក្នុងមាត់ ទៅសង្កត់គល់អណ្តាត តែលើកលែងក្នុងករណី ដែលលេបសារធាតុកាត់បំផ្លាញធ្ងន់ធ្ងរ(ដូចជាអាស៊ីតជាដើម) ហាមធ្វើឱ្យក្អួតជាដាច់ខាត។
-បើសិនជនរងគ្រោះបាត់បង់ស្មារតី ការធ្វើឱ្យក្អួត ត្រូវដាក់ឱ្យជនរងគ្រោះគេងផ្កាប់មុខ ឱ្យក្បាលទាបជាងត្រគាក ដើម្បីការពារកម្អួតហូរចូលទៅស្លាក់នៅក្នុងសួតវិញ។
-ព្យាយាមឱ្យញ៉ាំទឹកឱ្យបានច្រើនៗ។
-ញ៉ាំថ្នាំបំបាត់ជាតិពុល។
សរុបទៅ ការធ្វើបឋមព្យាបាលលើជនរងគ្រោះដោយសារធាតុគីមីទាំងអស់ ដែលបានរៀបរាប់មកខាងលើ គឺជាការជួយកាត់បន្ថយភាពធ្ងន់ធ្ងរដល់ជនរងគ្រោះ ឱ្យទទួលរងគ្រោះថ្នាក់ តិចបំផុតប៉ុណ្ណោះ ឯការព្យាបាលវិញ គឺអាស្រ័យលើគ្រូពេទ្យជំនាញ៕