សហភាពអឺរ៉ុប ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ត្រូវបាន ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយថា ទំនងជានឹងមិនអាចប្រមូលបាននូវការគាំទ្រជាឯកច្ឆន្ទ ជុំវិញបម្រាមទិដ្ឋាការលើពលរដ្ឋរុស្សីនោះទេ។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២ ឱ្យដឹងថា លោក ចូសេព បូរែល បានថ្លែងប្រាប់ទូរទស្សន៍ ORF របស់ប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដោយគូសបញ្ជាក់ថា ខ្ញុំមិនគិតថាការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រជាជនស៊ីវិលរុស្ស៊ី នឹងអាចជួយអ្វីបានឡើយ ហើយខ្ញុំក៏មិនគិតដែរថាគំនិតនេះនឹងទទួលបានការគាំទ្រជាឯកច្ឆន្ទនោះដែរ។ ខ្ញុំគិតថា អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺពិនិត្យឡើងវិញនូវនីតិវិធីដែលពលរដ្ឋរុស្សីខ្លះទទួលបានទិដ្ឋាការ… ហើយយើងត្រូវតែសំដៅទៅរកអ្នកដែលគួរជាប់ទណ្ឌកម្មបន្ថែមទៀត មិនមែនពលរដ្ឋរូស្ស៊ីនោះទេ, ហើយខ្ញុំមិនគាំទ្រឡើយចំពោះការបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ប្រជាជនរុស្ស៊ីទាំងអស់។

ករណីបម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៊ីនេះ ផ្ដើមចេញពី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូង កាលពីដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់ សហភាពអឺរ៉ុប ដែលមកដល់ពេលនេះ ត្រូវបានគេមើលឃើញថា បើធ្វើដូច្នោះមែន គឺជាការដាក់ទណ្ឌកម្មទៅលើ ” អ្នកមិនដឹងអី “៕ ពិសិដ្ឋ CEN









