Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក គ្រោងលក់អាវុធ តម្លៃ១,១ពាន់លានដុល្លារឲ្យតៃវ៉ាន់ ចំពេលតានតឹងជាមួយចិន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើទៅសភា ដើម្បីសុំអនុម័តនូវការលក់គ្រឿងយុទ្ធភណ្ឌទំនើបៗជាថ្មី មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ ទៅឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ ចំពេលតៃវ៉ាន់កំពុងតែតានតឹងជាមួយនឹងចិន

សារព័ត៌មាន World Spies បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែសីហា ថា បើតាមសារព័ត៌មាន Politico បានផ្សាយ ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានស្នើទៅសភា ដើម្បីអនុម័ត លើការលក់គ្រឿងយុទ្ធភណ្ឌ មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ រួមទាំង មីស៊ីលប្រឆាំងនឹងនាវាចម្បាំង ចំនួន៦០គ្រឿង និង មីស៊ីល បាញ់ពីលើអាកាសទៅលើអាកាស ចំនួន១០០គ្រឿង។

កញ្ចប់គ្រឿងសព្វាវុធសម្រាប់លក់ មានទំហំទឹកប្រាក់ ១,១ពាន់លានដុល្លារ នេះ ក៏រាប់បញ្ចូលទាំងការទិញមីស៊ីលប្រឆាំងនឹងនាវា ប្រភេទ AGM-84L Harpoon Block II ចំនួន៦០គ្រឿង មានតម្លៃ៣៥៥លានដុល្លារ, មីស៊ីលបាញ់ពីលើអាកាស ទៅលើអាកាស ប្រភេទ AIM-9X Block II ចំនួន១០០គ្រឿង មានតម្លៃ ៨៥,៦លានដុល្លារ និង រ៉ាដាឈ្លបយកការណ៍ មានតម្លៃ ៦៥៥លានដុល្លារ។ ដោយឡែក មីស៊ីល AIM-9X Block II ក៏អាចនឹងប្រើប្រាស់ សម្រាប់បំពាក់ នៅលើយន្ដហោះចម្បាំងផលិតនៅសហរដ្ឋអាមេរិក ប្រភេទ F-16 របស់តៃវ៉ាន់ ផងដែរ។

តៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង ជាទឹកដីរបស់ខ្លួន ក៏ជាដែនដីមួយ ស្ថិតក្នុងចំណោមបណ្ដាប្រទេសប្រជាធិបតេយ្យដ៏រស់រវើកបំផុត នៅក្នុងតំបន់ ហើយសហរដ្ឋអាមេរិក បានចងភ្ជាប់ដោយច្បាប់មួយ សម្រាប់ផ្តល់ជាមធ្យោបាយការពារ ដល់តៃវ៉ាន់។

គម្រោងលក់គ្រឿងយុទ្ធភណ្ឌទំនើបៗជាថ្មីរបស់ក្រុងវ៉ាស៊ីនតោន ទៅឲ្យរដ្ឋាភិបាលក្រុងតៃប៉ិ នាពេលនេះ បានកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងជាមួយចិន ខណៈក្រុងប៉េកាំង មិនបានច្រានចោល អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់ នេះឡើយ។ ភាពតានតឹង នៅក្នុងតំបន់ បានកើតឡើង ក្រោយពេលលោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា ក្រោមការប្រឆាំងតវ៉ាយ៉ាងខ្លាំង ពីចិន។ ជាមួយនឹងប្រតិកម្មដ៏ខ្លាំងក្លានោះ ក្រុងប៉េកាំង បានដាក់ពង្រាយកងទ័ពរំដោះប្រជាជនចិន នាវាចម្បាំង និង យន្ដហោះយោធារបស់ខ្លួនយ៉ាងច្រើន ធ្វើសមយុទ្ធទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ដោយបាញ់គ្រាប់ពិត នៅជុំវិញកោះតៃវ៉ាន់។

ជាមួយនឹងការគំរាមកំហែង ពីប្រទេសចិន នោះ រដ្ឋាភិបាលតៃប៉ិ បានបញ្ជាក់ កាលពីថ្ងៃទី២៥ ខែសីហា ថា តៃវ៉ាន់ បានស្នើសុំកញ្ចប់ថវិកា លើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ មានទំហំទឹកប្រាក់ ៥៨៦,៣ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងជាង ១៩,៣៥៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំនួនថវិកាសម្រាប់វិស័យការពារជាតិ នាឆ្នាំ២០២៣នេះ បានកើតឡើង រហូតដល់ ១៣,៩ភាគរយ បើធៀបនឹងការចំណាយ កាលពីឆ្នាំមុខ។

តៃវ៉ាន់ បានបង្កើនការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដ៏ច្រើនបែបនេះ ក៏ដោយសារតែមានការគំរាមកំហែង ពីប្រទេសចិន ចេះតែកើនឡើង មកលើសន្ដិសុខ នៅលើដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាដែនដីរបស់ចិន ហើយក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាសពីឯករាជភាព កាត់ផ្ដាច់ចេញពីចិន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×