“នំប៉័ងទើបតែទិញមកសោះ ឥឡូវដុះផ្សឹតបាត់ទៅហើយ” រឿងបែបនេះអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ជាពិសេសបំផុត ក្នុងអំឡុងពេលដែលធាតុអាកាស ទាំងក្តៅផង សើមផងបែបនេះ។ បើសិនជាមើលឃើញហើយថា នំប៉័ង ១ដុំនោះ មានដុះផ្សឹត រួចហើយបោះវាចោល បែបហ្នឹងវាមិនអីទេ តែ ចុះបើសិនញ៉ាំវាចូលទៅក្នុងពោះអស់ទៅហើយ ទើបមើលឃើញជាក្រោយថា មានដុះផ្សឹតនោះ តើនឹងត្រូវធ្វើយ៉ាងណា?
មេរោគផ្សឹតនៅលើនំប៉័ងបន្តិចបន្តួច មិនបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ តែអ្នកខ្លះមានកង្វល់ខ្លាំងណាស់ថា មេរោគផ្សឹត គឺជាសារធាតុពុល និងអាចបង្កឱ្យកើតអាការប្រតិកម្មចាញ់ ឬអាលែកហ្ស៊ីបានទៀតផង តែអ្នកទាំងអស់គ្នាជឿដែរទេថា មេរោគផ្សឹតធម្មតាៗ ១ប្រភេទដែលហៅថា ផេនីស៊ីលៀម ដែលជាផ្សឹតពណ៌បៃតងៗ ដុះនៅលើនំប៉័ងនោះ យើងអាចយកវាមកធ្វើជាវត្ថុធាតុដើម ដើម្បីផលិតថ្នាំបដិបក្ខប្រាណ ឬ Antibiotic ដែលមានឈ្មោះថា “ផេនីស៊ីលីន” បានទៀតផង តែសម្រាប់អ្នកដែលមានប្រតិកម្មចាញ់ ឬអាលែកហ្ស៊ីជាមួយមេរោគផ្សឹត ហើយចៃដន្យច្រឡំញ៉ាំចូលទៅវិញនោះ អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់រាងកាយបាន ដោយអាការប្រតិកម្មចាញ់នោះ អាចនឹងធ្ងន់ធ្ងរ ដល់ថ្នាក់សម្ពាធឈាមធ្លាក់ចុះ ពិបាកដកដង្ហើម រហូតទៅដល់គាំងបេះដូងបានទៀតផង។
តែបើសិនមិនមានកើតប្រតិកម្មចាញ់ និងច្រឡំញ៉ាំមេរោគផ្សឹតចូលទៅហើយនោះ ក៏មិនចាំបាច់ភ្ញាក់ផ្អើលអ្វីដែរ ព្រោះមេរោគផ្សឹត នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់រាងកាយយើងបាន លុះត្រាណាតែក្នុងករណី ដែលញ៉ាំជាបន្តបន្ទាប់ រយៈពេលយូរតែប៉ុណ្ណោះ។
តើយើងអាចចៀសវាងពីមេរោគផ្សឹតយ៉ាងណាបាន?
១.ការឧស្សាហ៍សង្កេតមើលចំណីអាហារដែលប្រុងទិញ និងមុនពេលទទួលទាន ការហឹតក្លិនមិនអាចជួយអ្វីបានឡើយ ព្រោះមេរោគផ្សឹតគ្មានក្លិនទេ និងសាកល្បងសង្កេតមើលខ្លួនឯងថា តើខ្លួនឯងមានកើតអាការប្រតិកម្មចាញ់ ឬអាលែកហ្ស៊ីផ្សេងៗ ដូចជា តឹងច្រមុះ រមាស់ ហូរទឹកភ្នែក ហៀរសំបោរ រមាស់ផ្ទៃមុខ ដោយសារការញ៉ាំអាហារនោះដែរឬទេ?
២.គួររក្សាអនាម័យខាងក្នុងផ្ទះឱ្យបានល្អ ព្រោះវាជារឿងដំបូងគេ ដែលត្រូវធ្វើ ដើម្បីការពារមេរោគផ្សឹត ក្រៅពីនេះមេរោគផ្សឹតនៅអាចរីកធំធាត់ និងពង្រាយសារធាតុស័្ពរ ចេញទៅលើរបស់របរផ្សេងៗ ដែលស្ថិតនៅក្នុងបរិវេណជិតៗនោះទៀតផង ដូច្នេះនៅក្នុងទូទឹកកក លើក្រណាត់ជូតចាន ភាជនៈដាក់ចំណីអាហារ ឬសូម្បីតែតុត្រៀមម្ហូបអាហារនៅក្នុងផ្ទះបាយ ក៏អាចនឹងមានសារធាតុស័្ពរ របស់មេរោគផ្សឹតតោងជាប់ដែរ ដូច្នេះទើបត្រូវតែលាងជូតសម្អាតឱ្យបានញឹកញាប់។
៣.មេរោគផ្សឹត រីកធំធាត់បានល្អណាស់នៅក្នុងកន្លែងដែលសើម។ បើសិនជាអាចទៅរួច គួរតែគ្រប់គ្រងកម្រឹតភាពសើមខាងក្នុងផ្ទះ កុំឱ្យលើស ៤០%។
៤.គួរលាងជូតសម្អាតខាងក្នុងទូទឹកកកឱ្យបានញឹកញាប់ យ៉ាងហោចណាស់ក៏ ១ខែ ឬ ២ខែម្តងដែរ ដោយការយកម្សៅបេកឃីងសូដា(ម្សៅបេកឃីងសូដានេះ អាចរកទិញបាននៅក្នុងផ្សារទំនើបនានា) មករំលាយជាមួយទឹក ហើយជូតសម្អាត និងចំណុចណាដែលគួរឱ្យសង្ស័យថា មានមេរោគផ្សឹតនោះ ចូរយកទឹកខ្មេះលាយជាមួយទឹក មកដុសខាត់សម្អាតចេញ។ ចំណែកក្រណាត់ជូតចាន បើចាប់ផ្តើមមានក្លិនហើយ ចូរយកវាទៅបោះចោលតែម្តងទៅ ល្អជាងយកមកបោកគក់ ហើយប្រើម្តងទៀត ព្រោះវាអាចជាការបើកឱកាសឱ្យមេរោគផ្សឹតរីករាលដាលពេញផ្ទះបាន៕