រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមវាយប្រយុទ្ធគ្នា កាន់តែសាហាវ រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងទាហានរបស់ក្រុងមូស្គូ ហើយកំពុងតែបន្ដ ឥតស្រាកស្រាន្ដ អូសបន្លាយ អស់រយៈពេល១៨៩ថ្ងៃកន្លងមកហើយ គិតត្រឹម ថ្ងៃទី៣១ ខែសីហា ប៉ុន្ដែនៅពេលនេះ ប្រធានាធិបតីអ៊ុយក្រែន ថែមទាំងបានព្រមានទៅដល់យោធារុស្ស៊ី ត្រូវឆាប់រត់ទៅប្រទេសកំណើតរបស់ពួកគេវិញជាបន្ទាន់ ប្រសិនបើចង់មានជីវិតរស់នៅ បានជួបមុខប្រពន្ធកូន ព្រោះអ៊ុយក្រែន ចាប់ផ្ដើមវាយប្រហារយ៉ាងសន្ធាប់ នៅក្នុងទីក្រុងឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេស។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែសីហា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskiy) ប្រធានាធិបតីអ៊ុយក្រែន បានប្តេជ្ញាវាយបក ជំរុញច្រានកម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី ឲ្យវិលត្រឡប់ ចូលទៅក្នុងព្រំដែនរបស់ពួកគេវិញ។ ការព្រមាន ពីមេដឹកនាំក្រុងកៀវ បានកើតឡើង ចំពេលទីប្រឹក្សារបស់លោកប្រធានាធិបតី បានអះអាង ថា កងទ័ពការពារទឹកដីអ៊ុយក្រែន បានវាយលុក ទម្លុះចូលសមរភូមិជាច្រើនកន្លែង។

លោកប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់ថា «ការវាយលុករុលទៅមុខនោះ បានទន្ទឹងរង់ចាំ អស់រយៈពេលជាយូរមកហើយ ប៉ុន្ដែឥឡូវ កងទ័ពអ៊ុយក្រែន បានចាប់ផ្ដើម វាយប្រហារយ៉ាងសន្ធាប់ នៅក្នុងតំបន់ឃើរសុន (Kherson) នាភាគខាងត្បូង ប្រទេស។ ប៉ុន្ដែប្រសិនបើកម្លាំងទាហានរុស្ស៊ី ចង់នៅរស់រានមានជីវិតបន្ដ ហើយអាចជួបជុំប្រពន្ធ និង កូនរបស់ពួកគេ ក៏ជាពេលវេលាល្អ សម្រាប់ទាហានក្រុងមូស្គូ ត្រូវរត់ភៀសខ្លួន ចេញពីទឹកដីរបស់អ៊ុយក្រែន ជាបន្ទាន់»។
លោក អូឡែកស៊ីយ អារេស្ដូវិច (Oleksiy Arestovych) ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាវីដេអូ ថា កងទ័ពអ៊ុយក្រែន បានវាយទម្លុះកម្លាំងការពាររបស់កម្លាំងទាហានរុស្ស៊ី នៅតាមសមរភូមិជាច្រើន នៅជិតទីក្រុង Kherson ។ ជាមួយគ្នានេះដែរ អ៊ុយក្រែន ក៏កំពុងតែបាញ់ផ្លោង ដាក់សាឡាង នៅក្នុងតំបន់ Kherson ដែលក្រុងម៉ូស្គូ កំពុងតែប្រើប្រាស់ សម្រាប់ការដឹកជញ្ជូនភស្ដុភារ យកមកផ្គត់ផ្គង់ ដល់កម្លាំងទាហានរុស្ស៊ី ដែលគ្រប់គ្រង នៅច្រាំងខាងលិច ទន្លេឌីនៀវភឺ (Dnieper)។
ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី RIA បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បានទទួលស្គាល់ អំពីការវាយលុកថ្មីរបស់អ៊ុយក្រែន បានចាប់ផ្តើមឡើង នៅក្នុងតំបន់មីកូឡាវ (Mykolaiv) និង Kherson។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ី នៅតែអះអាង ថា រុស្ស៊ី មិនបានទទួលបរាជ័យនោះទេ ហើយប្រជាជនអ៊ុយក្រែន បានទទួលរងគ្រោះថ្នាក់ និង របួសយ៉ាងច្រើន។ រុស្ស៊ី បានលើកឡើងថា «ការប៉ុនប៉ងវាយលុករបស់អ៊ុយក្រែន បានរងបរាជ័យយ៉ាងវេទនា»។
លោក ណាតាលីយ៉ា ហ៊ូមែនយ៉ុក (Nataliya Humenyuk) អ្នកនាំពាក្យ ទីបញ្ជាការភាគខាងត្បូងរបស់កងទ័ពអ៊ុយក្រែន កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែសីហា បានអះអាង ថា ការវាយលុក បានចាប់ផ្តើម នៅក្នុងខេត្ត Kherson។ នៅថ្ងៃនេះដែរ យើងបានចាប់ផ្ដើមវាយលុក ទៅលើទិសដៅផ្សេងៗគ្នាជាច្រើន រួមទាំង តំបន់ឃើរសុន។ កងទ័ពរបស់អ៊ុយក្រែន បានវាយលុកជាង១០កន្លែង កាលពីសប្តាហ៍មុន ដើម្បីធ្វើឱ្យកម្លាំងរបស់សត្រូវចុះខ្សោយ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានព្រមានដល់ក្រុមអ្នកនយោបាយ អ្នកជំនាញ និង អ្នកដឹកនាំមតិ កុំឱ្យមានការរំពឹងទុក អំពីជោគជ័យ នៅក្នុងប្រតិបត្តិការយោធា មុនពេលក្រសួងការពារជាតិ និង កងទ័ពអ៊ុយក្រែន ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ។
លោកទីប្រឹក្សា បានបញ្ជាក់ នៅលើបណ្ដញសង្គមតេឡេក្រាម ថា «ខ្ញុំយល់ អំពីបំណងប្រាថ្នា និង ក្តីសុបិនរបស់យើង… ប៉ុន្តែសង្រ្គាម មិនមែនជាខ្លឹមសារបែបនោះឡើយ។ ចូរត្រងព័ត៌មាន និង ធ្វើការប្រកបដោយវិជ្ជាជីវៈ គោរពចំពោះអ្នកការពាររបស់យើង»។
ប្រធានាធិបតីអ៊ុយក្រែន បានទទួលស្គាល់ថា «អ្នកណាម្នាក់ក៏តែងតែចង់ដឹង ថាតើយើងមានផែនការដូចម្ដេចខ្លះ? អ្នកនឹងមិនឮព័ត៌មានជាក់លាក់ អំពីអ្នកទទួលខុសត្រូវពិតប្រាកដណាម្នាក់នោះឡើយ ព្រោះនេះជាសង្គ្រាម ហើយវាជាអ្វីដែលបានកើតឡើង នៅក្នុងអំឡុងមានសង្គ្រាម»៕ រក្សាសិទ្ធិដោយ ៖ សារាយSN




















