ភ្នំពេញ ៖ ដោយក្ដីអាណិតស្រឡាញ់ ក្នុងភាពជាឪពុកនៃរដ្ឋមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខសូមទោសបណ្ដាប្រទេសជាមិត្តផ្ទាល់ក្នុងករណីពលរដ្ឋកម្ពុជារត់ចោលការងារ ដោយសម្ដេចលើកឡើងថាសូមអភ័យទោសរដ្ឋាភិបាលកូរ៉េ ជប៉ុន និងថៃ សូមកុំឱ្យដាក់ពាក្យបណ្តឹងលើពលករ ដែលរត់ចោលការងារនោះអី ព្រោះពួកគេចាញ់បោកការឃោសរបស់ ខឹម វាសនា។
ពេលឃើញពលកររត់ចោលការងារនៅឯបរទេស តាមការឃោសនាបែបប្រជាភថុតិ អបិយជំនឿ របស់ខឹម វាសនា, សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងកង្វល់រឿងប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៅតាមបណ្តារោងចក្រ សហគ្រាសនានា ដែលត្រូវពលករខ្មែររត់ចោលការងារ ហើយអាចឈានដល់ការប្តឹងផ្តល់ពីក្រុមហ៊ុន។
ពោលគឺ សម្ដេចកំពុងព្រួយពីការប្ដឹងរបស់ក្រុមហ៊ុននានាមកលើពលករកម្ពុជា នៅពេលកើតមានព្រឹត្តិការណ៍ជួបជុំនៅចម្ការ ខឹម វាសនា។ មានន័យថា ÷ ១- ព្រួយពីក្រុមហ៊ុនបរទេសប្ដឹងពលករកម្ពុជា, ២- ដាក់ចេញបទបញ្ជាចំនួន ២ ចំណុច ÷ ទី១- ត្រូវការពារសន្តិសុខឱ្យបានតឹងរ៉ឹង កុំឱ្យបាតដៃទី២ ឆ្លៀតប្រើប្រាស់កម្លាំងពលករបង្កើតរឿង, និងទី២- ដាច់ខាតមិនឱ្យមានអ្នកទៅដណ្តើមដីនៅតំបន់រុនតាឯកខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញបើកសម្ពោធការដ្ឋានស្ថាបនាស្ពានអាកាស២កន្លែង គឺ ១- «ស្ពានអាកាសព្រះមុនីវង្ស» នៅចំណុចប្រសព្វមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវ២៧១) , ២- «ស្ពានអាកាសគង់សំអុល» នៅចំណុចប្រសព្វផ្លូវ២០០៤ និងមហាវិថីសហព័ន្ធរុស្ស៉ី(ក្បែរសាលាខណ្ឌពោធិ៍សែនជ័យ)។
ទាក់ទងទៅនឹងការឃោសនាបែបអបិយជំនឿ ប្រជាភិថុតិ របស់ លោកនខឹម វាសនា នេះទៀតសោត, សម្តេចតេជោ ហ៊ុន សែន បានព្រមានសកម្មជននយោបាយប្រឆាំងនៅខេត្តកំពង់ធំ ឱ្យប្រយ័ត្នប្រយែងពាក្យសម្តី, និងរំលឹកឲ្យសមត្ថកិច្ចប្រុងប្រយ័ត្នអំពីបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ ព្រោះបំណង ខឹម វាសនា ចង់បានការប្រើកម្លាំងពលករ ដើម្បីប្រែក្លាយពីរឿងជំនឿ ទៅជារឿងនយោបាយ, និងបញ្ជាឲ្យកងកម្លាំងការពារទាំងអស់ ធ្វើយ៉ាងណា កុំឱ្យសង្គមជាតិធ្លាក់ចូលទៅក្នុងអន្ទាក់របស់ ខឹម វាសនា ។
មានបញ្ហា២នៅក្នុងចម្ការ លោក ខឹម វាសនា , ១- ពលរដ្ឋអាចចេញបាន តែចូលមិនបានទៀតឡើយ,
២- មានមនុស្សមួយចំនួនចង់ចេញពីចម្ការ ខឹម វាសនា តែមានមនុស្សហាមឃាត់មិនឱ្យចេញ។
ដោយបារម្ភខ្លាចក្រែងពលករ ឬពលរដ្ឋខូចខិលខ្លះ ទៅបន្លំចុះឈ្មោះ ឬដណ្ដើមដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ខេត្តសៀមរាបនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ដីនៅរុនតាឯកអត់មានត្រូវបែកចែកឱ្យអ្នកគាំទ្រ ខឹម វាសនា នោះឡើយ, បើ ខឹម វាសនា ចិត្តល្អ គួរបែងចែកដីចម្ការ ១២ហិកតានោះ ឱ្យទៅអ្នកគាំទ្រលោកទៅ។
សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រួសារដែលទាស់ទែងគ្នាក្នុងករណីចាញ់បោក ខឹម វាសនា នេះ សូមអាធ្យាស្រ័យឱ្យគ្នា ហើយត្រូវរ៉ូវគ្នាវិញ ដោយសូមអ្នកជិតខាង កុំមានការរើសអើងចំពោះអ្នកដែលចាញ់បោក ខឹម វាសនា, ចំណែកអភិបាលខេត្តសៀមរាប ត្រូវរៀបចំរថយន្តជួយដឹកអ្នកគាំទ្រ លោក ខឹម វាសនា ឱ្យត្រឡប់ទៅផ្ទះវិញ, បើមានអ្នកណា អត់បាយហូប អត់មានមធ្យោបាយត្រឡប់ទៅផ្ទះវិញ គឺសូមរៀបចំបាយទឹកជូនពួកគាត់ផង៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN
























