“ម៉ាក់អ៊ើយ អាបងចូលមកក្នុងបន្ទប់កូនទៀតហើយ!”
“ម៉ាក់!! អាអូនមិនព្រមឱ្យកូនលេងរបស់លេងដែរទេ”
“ឱ្យប្អូនលេងសិនទៅ”
“អត់ទេ! កូនលេងមុន!”
“ដណ្ដើមហ្អេ៎? នេះនែ!!(ផាច់ៗ…វាយគ្នា)”
ស្ថានការណ៍បែបហ្នឹង ធ្លាប់ជួបទេ? បើសិនជាផ្ទះរបស់អ្នក មានអាល្អិតយ៉ាងតិច ២នាក់ រស់នៅក្រោមដំបូលតែមួយ ប្រាកដណាស់ថា ហេតុការណ៍ស្រដៀងៗអ្វី ដែលបានលើកជាឧទាហរណ៍ខាងលើនេះ ប្រហែលជាធ្លាប់កើតឡើងចំពោះអ្នកខ្លះមិនខាន។ ការឈ្លោះទាស់ទែងគ្នារវាងបង-ប្អូន គឺជារឿងប្រក្រតីដែលកើតឡើងគ្រប់ផ្ទះ ហើយបើសិនជាឪពុកម្ដាយ ចេះទប់ទល់យ៉ាងត្រូវវិធី វានឹងជួយកាត់បន្ថយបញ្ហា ដែលអាចនឹងកើតឡើងក្នុងរយៈពេលវែងបាន។ ខាងក្រោមនេះគឺ វិធី និងគន្លឹះល្អៗ ដើម្បីឱ្យឪពុកម្ដាយអាចដោះស្រាយបញ្ហាកូនៗឈ្លោះគ្នាបានយ៉ាងត្រឹមត្រូវ និងល្អប្រសើរ…។
-បំបែកជើងខ្លាំងទាំង២ ចេញពីគ្នា ទុករហូតទាល់តែស្ងប់អារម្មណ៍៖ ក្នុងករណីខ្លះ អាចត្រឹមតែឱ្យកូនទាំង២ ឈប់និយាយ និងឈប់ធ្វើអ្វីគ្រប់យ៉ាងសិន មុននឹងឪពុកម្ដាយ ចូលទៅកែបញ្ហាជម្លោះទាស់ទែង។ តែបើអ្នកត្រូវការ ឱ្យរឿងហ្នឹងក្លាយជាបទពិសោធ ដែលកូនៗនឹងបានរៀនយល់ដឹងនោះ គួរតែរង់ចាំរហូតទាល់តែអារម្មណ៍របស់ពួកគេស្ងប់ទៅវិញសិន សឹមអប់រំពួកគេ។
-កុំដាក់សម្ពាធ ឬព្យាយាមរកអ្នកខុស៖ នៅពេលកូនទាំង ២នាក់ឈ្លោះគ្នា រឿងដែលកើតឡើង គឺក្មេងទាំង២ ត្រូវតែទទួលខុសត្រូវរួមគ្នា។
-ព្យាយាមសាងស្ថានការណ៍ដែលគ្រប់គ្នាទទួលបានប្រយោជន៍៖ ដូចដែលយើងហៅថា ស្ថានការណ៍ឈ្នះ-ឈ្នះ(win-win situation)ដើម្បីឱ្យគ្រប់គ្នា បានរៀនយល់ដឹងពីការទទួលបានប្រយោជន៍រួមគ្នា ដូចជាបើទាំង ២នាក់ ត្រូវការលេងរបស់លេងតែ១ ដូចគ្នា អ្នកអាចនឹងប្ដូរកម្មវិធី ទៅជាឱ្យកូនៗលេងហ្គេមណា ដែលអាចលេងដំណាលគ្នា បានទាំង ២នាក់ជំនួសវិញ ជាដើម។
កែសម្រួលនិស្ស័យ “បង-ប្អូនត្រូវតែមិនឈ្លោះគ្នា”
តទៅនេះ គឺជារឿងងាយៗ ដែលលោកអ្នកអាចធ្វើបាននៅក្នុងជីវិតប្រចាំថ្ងៃ ដើម្បីកាត់បន្ថយជម្លោះរវាងបង-ប្អូន…
-ដាក់ច្បាប់តឹងរ៉ឹង ជាពិសេសរឿងទង្វើ៖ ប្រាប់កូនៗថា ក្មេងៗមិនគួរនិយាយពាក្យអាក្រក់ស្ដាប់ ស្រែកគំហកដាក់មុខគ្នា ឬធ្វើមុខមាំកាចដាក់គ្នាទេ និងអធិប្បាយឱ្យដឹងថា នឹងមានអ្វីកើតឡើង បើសិនជាកូនល្មើសច្បាប់ ដោយការបញ្ចេញទង្វើមិនល្អផ្សេងៗចេញមក ដើម្បីឱ្យកូនៗបានដឹងថា គេត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់គេ។
-កុំបណ្ដោយឱ្យកូនៗ ធ្វើឱ្យអ្នកគិតថា អ្នកត្រូវតែបង្ហាញភាពយុត្តិធម៌គ្រប់ពេលឱ្យសោះ ព្រោះក្នុងករណីខ្លះ អាល្អិតម្នាក់ចាំបាច់ត្រូវតែទទួលខុសត្រូវលើទង្វើរបស់គេ ច្រើនជាងអាល្អិតម្នាក់ទៀត។
-ផ្ដល់នូវការចាប់អារម្មណ៍ចំពោះកូនៗយ៉ាងស្មើភាពគ្នាជាប់ជានិច្ច ជាពិសេសក្រោយការឈ្លោះទាស់ទែងគ្នា។ បើកូនបងចង់ចេញទៅដើរលេង ក៏គួរតែនាំគេទៅ តែពេលត្រឡប់មកវិញ បើកូនប្អូនត្រូវការឱ្យអ្នកនិយាយរឿងនិទានឱ្យស្ដាប់ អ្នកក៏ត្រូវតែធ្វើដែរ។
-រៀបចំឱ្យកូនម្នាក់ៗ មានទីកន្លែងផ្ទាល់ខ្លួន និងមានពេលវេលាផ្ទាល់ខ្លួន ដែលគេអាចនឹងបានលេង ដូចដែលគេត្រូវការ ដោយមិនចាំបាច់មានបង ឬប្អូនតាមជាប់ទៅជាមួយផង។
-សម្ដែងឱ្យកូនឃើញ និងអធិប្បាយឱ្យកូនយល់ថា សម្រាប់រូបអ្នក សេចក្ដីស្រឡាញ់ជារឿងដែលត្រូវមានព្រំដែន។
-ធ្វើឱ្យកូនៗដឹងថា ពួកគេមានភាពសំខាន់ ហើយបានទទួលការមើលថែទាំឱ្យមានសុវត្ថិភាព រួមទាំងតម្រូវការទាំងឡាយ ដែលស្ថិតលើហេតុផលរបស់កូន ដែលនឹងបានទទួលការតបស្នង។
-ធ្វើកិច្ចការងាររួមគ្នាទាំងគ្រួសារ ព្រោះវានឹងជួយកាត់បន្ថយភាពតានតឹងរវាងបងប្អូន ដែលឈ្លោះគ្នា ព្រោះក្នុងកិច្ចការងារទាំងនោះ គ្រប់គ្នានឹងបានទទួលការយកចិត្តទុកដាក់យ៉ាងស្មើៗគ្នា។
-បើកូនឈ្លោះគ្នាឥតឈប់ឈរក្នុងរឿងដដែលៗ ដូចជាដណ្ដើមគ្នាប្រើកុំព្យូទ័រ ជាដើម អាណាព្យាបាល គួរតែធ្វើតារាងកាលវិភាគការប្រើការលើអ្វីមួយនោះ សម្រាប់កូនម្នាក់ៗ តែបើនៅតែឈ្លោះគ្នាទៀត ពួកគេទាំង២ នឹងលែងទទួលបានឱកាសនោះទៀតតែម្ដង។
-បើកូនៗនៅតែឈ្លោះគ្នាញឹកញាប់ លោកអ្នកគួរណាត់ថ្ងៃនិយាយគ្នា ដើម្បីរំឭកអំពីច្បាប់ដែលប្រើក្នុងគ្រួសារ និងរំឭកឡើងវិញ ពីភាពជោគជ័យក្នុងការកែបញ្ហាឈ្លោះទាស់ទែង ដែលទាំងអស់គ្នា ធ្លាប់ធ្វើបានកាលពីពេលកន្លងៗមក។ លោកអ្នកអាចសាកល្បងប្រើវិធីឱ្យរង្វាន់នៅពេលកូនអាចលេង ឬធ្វើការងារអ្វីមួយរួមគ្នាបាន ដោយមិនមានជម្លោះ ដូចជាបើកូនមិនមានឈ្លោះគ្នាសោះក្នុង ១ថ្ងៃ កូនៗនឹងទទួលបានសិទ្ធិជ្រើសរើសទិញនំ ដែលខ្លួនឯងចូលចិត្តញ៉ាំ ឬមិនមានឈ្លោះគ្នា ១សប្ដាហ៍ ប៉ាម៉ាក់នឹងនាំទៅដើរលេង ជាដើម។
-កុំភ្លេចថា ក្មេងៗម្នាក់ៗ ត្រូវការពេលវេលានៅឆ្ងាយពីបងប្អូន និងក្រុមគ្រួសារខ្លះដែរ ដូច្នេះលោកអ្នក អាចនឹងរៀបចំឱ្យកូនៗបានទៅលេងផ្ទះមិត្តភក្តិជិតដិត ឬឱ្យកូនម្នាក់ៗទៅដើរលេងតែម្នាក់ឯងជាមួយអ្នកក៏បាន។
-មិនមានប៉ាម៉ាក់នៅក្បែរ កូនៗមិនឈ្លោះគ្នា
សូមកុំភ្លេចថា ការដែលអាល្អិតៗរបស់លោកអ្នក ឈ្លោះគ្នា ពេលខ្លះគឺដើម្បីទាមទារចំណាប់អារម្មណ៍អំពីឪពុកម្ដាយដែរ ដូច្នេះ នៅពេលដែលវាអ៊ីចឹង លោកអ្នកក៏គួរតែរកមើលពេលវេលាទំនេរខ្លះ ដើម្បីឱ្យខ្លួនឯងបានធ្វើអ្វីដែលជាការងារផ្ទាល់ខ្លួន ដោយមិនបាច់មានវត្តមានកូនៗខ្លះផង ព្រោះ…ជឿចុះថា នៅពេលដែលមិនមានប៉ាម៉ាក់នៅក្បែរ កូនៗនឹងរស់នៅជាមួយគ្នាបានយ៉ាងល្អប្រសើរ៕