សហភាពអឺរ៉ុប ៖ លោក ភិតធើ ហ្ស៊ីចាតូ (Peter Szijjarto) រដ្ឋមន្ត្រីការបរទេសហុងគ្រី បាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសហុងគ្រី រួមជាមួយនឹងប្រទេសសមាជិកសហភាពអឺរ៉ុប (EU) មួយចំនួនទៀត បានប្រឆាំងនឹងការហាមប្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៊ី នៅឯកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រាក (Prague) សាធារណរដ្ឋឆែក។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ដំបូង សហភាពអឺរ៉ុបគ្រោងនឹងជួបជុំគ្នាប្រជុំ ស្ដីពី បញ្ហារឹតបន្តឹងទិដ្ឋាការលើពលរដ្ឋរុស្ស៊ី ប៉ុន្តែ កិច្ចប្រជុំនោះ មើលទៅមិនមានសមាជិកគ្រប់គ្រាន់ចូលរួមបោះឆ្នោតនោះទេ ម៉្លោះហើយ ក៏ផ្អាកកិច្ចព្រមព្រៀងរឹតបន្តឹងទិដ្ឋាការ នោះវិញ ហើយក៏នឹងមិនមានការហាមប្រាមទិដ្ឋាការទៀតឡើយ ដោយសារតែមិនមានការឯកភាពគ្នាលើបញ្ហានេះ។
លោក ភិតធើ ហ្ស៊ីចាតូ (Peter Szijjarto) បានប្រកាសថា វានឹងមិនមានការហាមឃាត់ទិដ្ឋាការទូទៅសម្រាប់ពលរដ្ឋរុស្ស៊ីនោះឡើយ, រដ្ឋជា សមាជិកជាច្រើន បានបញ្ចេញ សំឡេងប្រឆាំងនឹងរឿងនេះ រួមទាំង រូបខ្ញុំផងដែរ។
លោក ភិតធើ ហ្ស៊ីចាតូ សង្កត់ថា ទាក់ទងរឿងហាមប្រាមទិដ្ឋាការលើពលរដ្ឋរុស៊ីនោះ ប្រទេសលោកនឹងមិនអាចធ្វើទៅបាននោះទេ ព្រោះរុស្ស៊ី គឺជាមិត្ត, ហើយថ្មីៗនេះ ហុងគ្រី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Gazprom របស់រុស្ស៊ី សម្រាប់ការនាំចេញឧស្ម័នបន្ថែមចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











