អាល្លឺម៉ង់ ៖ មានអាល្លឺម៉ង់មួយទៀតហើយបានហក់ចូលធ្វើសមយុទ្ធយោធា ជាមួយសម្ព័ន្ធមិត្ត និងកំពុងតាមឃ្លាំមើលសកម្មភាពយោធាចិន នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក, នេះបើតាមអគ្គមេបញ្ជាការកងទ័ពអាល្លឺម៉ង់ លោក អេបែរហាដ ហ្សន (Eberhard Zorn) ដោយលោកមេបញ្ជាការរូបនេះ បាននិយាយថាអាល្លឺម៉ង់នឹងបង្កើនវត្តមានយោធា របស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការបញ្ជូននាវាចម្បាំងកាន់តែច្រើន និងចូលរួមក្នុងការធ្វើសមយុទ្ធយោធាជាមួយសម្ព័ន្ធមិត្ត ខណៈកំពុងតាមឃ្លាំមើលសកម្មភាពយោធាចិន។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ឱ្យដឹងថា អាល្លឺម៉ង់ បាននិងកំពុងចូលរួមជាមួយបណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បង្ហាញសាច់ដុំយោធានៅក្នុងតំបន់ ដែលកំពុងមានបញ្ហាតានតឹងនៅចំពោះមុខ នៃការកើនឡើងឥទ្ធិពលយោធាចិន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ ទីក្រុងបែរឡាំង បានបញ្ជូននាវាចម្បាំងជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំ ចុងក្រោយនេះ ទៅកាន់តំបន់ដែនទឹកជម្លោះនៃសមុទ្រចិនខាងត្បូង និងកាលពីដើមខែសីហាថ្មីៗនេះ បានបញ្ជូននាវាចម្បាំង ១៣គ្រឿងឱ្យទៅចូលរួមធ្វើសមយុទ្ធយោធា ក្នុងប្រទេសអូស្ត្រាលី។
ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៅតំបន់អាស៊ីប៉ាស៊ីហ្វិក អគ្គមេបញ្ជាការកងទ័ពអាល្លឺម៉ង់ លោក អេបែរហាដ ហ្សន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធម្សិលមិញនេះថា យោធាអាល្លឺម៉ង់មានផែនការបញ្ជូនកងទ័ព កាន់តែច្រើនចូលរួមក្នុងការធ្វើសមយុទ្ធយោធាបណ្ដុះបណ្ដាល នៅអូស្ត្រាលី នាឆ្នាំ២០២៣។ ចំណែកឯកងទ័ពជើងទឹក នឹងបញ្ជូនកងនាវាចម្បាំងមួយក្រុម ទៀតទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅឆ្នាំ២០២៤។
ក្រឡេកទៅមើលកាលពីឆ្នាំ២០២០ បន្តិចវិញ រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញផ្សាយនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួន ជាមួយការផ្ដោតជាសំខាន់លើការពង្រឹងសម្ព័ន្ធភាពជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យក្នុងតំបន់ ហើយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស៊ូលស៍ កាលពីខែកុម្ភៈកន្លងទៅនេះ ក៏បានសន្យាដែរថា អាល្លឺម៉ង់នឹងបង្កើនកញ្ចប់ថវិកាយោធា បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន។
ផែនការនេះមានន័យថា គឺជាការបង្ហាញយ៉ាងច្បាស់ពីចេតនារបស់អាល្លឺម៉ង់ក្នុងការបង្កើនវត្តមាន យោធានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបង្ហាញពីសាច់ដុំរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា បើនិយាយពីលក្ខណៈភូមិសាស្ត្រនយោបាយវិញ “ឥណ្ឌូប៉ាស៊ីហ្វិក” សំដៅទៅលើតំបន់ ដែលលាតសន្ធឹងរវាង មហាសមុទ្រពីរ គឺ ចាប់ពីមហាសមុទ្រឥណ្ឌាទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែជាទូទៅពាក្យនេះ ត្រូវបានគេប្រើមិនមែន ដើម្បីសំដៅត្រឹមតែទៅលើទីតាំង ភូមិសាស្រ្តនោះទេ តែជាពាក្យដែលមានអត្ថន័យទាក់ទង នឹងភូមិសាស្រ្តនយោបាយ។
ស្រដៀងគ្នានឹងពាក្យ “អាស៊ីប៉ាស៊ីហ្វិក” នេះដែរ ត្រូវបានគេប្រើសំដៅទៅលើភូមិសាស្ត្រ នយោបាយមួយដែលពង្រីក ចេញពីតំបន់អាស៊ី ទៅកាន់ប្រទេសពីរទៀត គឺអូស្រ្តាលី និងនូវែលសេឡង់ដែលស្ថិត នៅក្នុងតំបន់អូសេអានី ក៏ប៉ុន្តែជាទូទៅត្រូវបានគេរាប់បញ្ចូល នៅក្នុងតំបន់អាស៊ីដែរ តែជាអាស៊ីស្បែក ស។ ក្រោយមកទៀត “អាស៊ីប៉ាស៊ីហ្វិក” ត្រូវបានគេពង្រីកបន្ថែម ដោយរាប់បញ្ចូលប្រទេសមហាអំណាចពីរទៀត ÷ ទី១- គឺរុស្ស៊ី ដែលជាទូទៅបើគិតទៅតាមនយោបាយ ត្រូវបានគេចាត់ទុកជាប្រទេស នៅអឺរ៉ុប ក៏ប៉ុន្តែមានទីតាំងភូមិសាស្រ្ត ស្ថិតនៅក្នុងតំបន់អាស៊ី និងទី២- សហរដ្ឋអាមេរិក ដែលជាប្រទេសស្ថិតនៅត្រើយម្ខាងទៀត នៃមហាសមុទ្រប៉ាស៊ីហ្វិក។
ដូច្នេះងាកមកមើល “ឥណ្ឌូប៉ាស៊ីហ្វិក” វិញ បើគិតទៅតាមទីតាំងភូមិសាស្រ្តសុទ្ធសាធ គឺមិនមានអ្វីខុសប្លែកគ្នា ពី “អាស៊ីប៉ាស៊ីហ្វិក” នោះទេ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា “ឥណ្ឌូប៉ាស៊ីហ្វិក” មិនមែនគ្រាន់តែជាឈ្មោះថ្មី ដែលគេប្រើជំនួស “អាស៊ីប៉ាស៊ីហ្វិក” នោះឡើយ, គឺការដែលគេនាំគ្នាប្រើពាក្យ “ឥណ្ឌូប៉ាស៊ីហ្វិក” ជំនួសឲ្យ “អាស៊ីប៉ាស៊ីហ្វិក” នៅក្នុងពេលបច្ចុប្បន្ននេះ គឺមានអត្ថន័យខាងភូមិសាស្រ្តនយោបាយ ដែលគូសបញ្ជាក់ពីការផ្លាស់ប្តូរ ឬ ដំណើរវិវឌ្ឍនៃយុទ្ធសាស្រ្តរបស់ប្រទេស មហាអំណាចនៅក្នុងតំបន់នេះ។
ដំណើរវិវឌ្ឍនៃយុទ្ធសាស្រ្តពី “អាស៊ីប៉ាស៊ីហ្វិក” ទៅ “ឥណ្ឌូប៉ាស៊ីហ្វិក” គឺផ្តោតទៅលើចំណុចសំខាន់ចំនួនពីរ ÷
ទី១- គឺការបង្កើនចំណាប់អារម្មណ៍កាន់តែសំខាន់ទៅលើឥណ្ឌា និងមហាសមុទ្រឥណ្ឌាដែលត្រូវបានគេមើលឃើញថា ជាតំបន់ដ៏សំខាន់និងមានសក្តានុពល ទាំងខាងផ្នែកសេដ្ឋកិច្ច និងខាងផ្នែកសន្តិសុខ។
ទី២- យុទ្ធសាស្រ្ត នៃ“ឥណ្ឌូប៉ាស៊ីហ្វិក” គឺការទប់ទល់នឹងការពង្រីកឥទ្ធិពលចិន នៅក្នុងតំបន់ហើយយុទ្ធសាស្រ្ត ទប់ទល់ នឹងឥទ្ធិពលរបស់ចិននេះ ត្រូវគេរៀបចំធ្វើឡើងតាមរយៈ ការរួមកម្លាំងគ្នារវាងប្រទេសចំនួន ៤ គឺអាមេរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌាបង្កើតទៅជាបក្សសម្ព័ន្ធប្រឆាំងចិន នៅក្នុងតំបន់ “ឥណ្ឌូប៉ាស៊ីហ្វិក”។ ហេតុដូច្នេះហើយបានជាគេសង្កេតឃើញថា ជាទូទៅប្រទេសទាំង ៤ នេះហើយដែលតែងតែប្រើពាក្យ“ឥណ្ឌូប៉ាស៊ីហ្វិក” ញឹកញាប់ជាងគេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN










