Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិចិន ផ្តល់ជូនរថយន្តចំនួន១៥០គ្រឿង និងសម្ភារៈការិយាល័យ ដល់ក្រសួងការពារជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលរថយន្ត ១៥០គ្រឿង និងសម្ភារៈជាច្រើនទៀត ជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា ដើម្បីប្រើប្រាស់តាមតម្រូវការ ជាពិសេសក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ,រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។

ពិធីប្រគល់ និងទទួលរថយន្ត និងសម្ភារៈទាំងនេះ បានធ្វើឡើង នៅវិមានឈ្នះឈ្នះនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជំនួយឥតសំណងជារថយន្តស៊េរីទំនើបចំនួន១៥០គ្រឿង ដែលផលិតនៅប្រទេសចិន និងសម្ភារៈការិយាល័យមួយចំនួន របស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រគល់ដល់ក្រសួងការពារជាតិកម្ពុជា ។

នាឱកាសនោះដែរ លោក វ៉ាង វិនធាន បានថ្លែងថា កងទ័ពកម្ពុជា-ចិន ជាបងប្អូន ស្គាល់ចិត្ត ស្គាល់ថ្លើម និងរួមសុខ រួមទុក្ខជាមួយគ្នា ហើយជាដៃគូនិយាយតិច ប៉ុន្តែ ធ្វើច្រើន។ ឯកអគ្គរដ្ឋទូតចិន បានបន្តថា ជំនួយដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជូនរថយន្តចំនួន១៥០គ្រឿង និងសម្ភារៈការិយាល័យដល់ក្រសួងការពារជាតិកម្ពុជា គឺសកម្មភាពជាក់ស្តែង ដែលក្រសួងការពារជាតិចិន ជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ ចិនក៏សង្ឃឹមថា កម្ពុជាកាន់តែដើរតួនាទីកាន់តែសកម្ម និងសកម្មលើកិច្ចសន្តិសុខក្នុងតំបន់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញសេចក្តីសប្បាយរីករាយ ខណៈដែលក្រសួងការពារប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រគល់សម្ភារៈជាជំនួយឥតសំណង ដល់ក្រសួងការពារជាតិកម្ពុជា។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកអគ្គរដ្ឋទូតចិន ដែលឆ្លុះបញ្ចាំងនូវការប្ដេជ្ញាចិត្តយ៉ាងមោះមុត របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ នៅក្នុងការងារការពារជាតិ និងលើកស្ទួយចំណងមិត្តភាព កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងឋានៈជាមិត្តដែកថែប ឱ្យគង់គង់វង្ស និងរីកម្រើនជានិច្ចតរៀងទៅ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា សម្រាប់ខ្ញុំ ស្មារតីជួយយកអាសារគ្នាក្នុងគ្រាលំបាក ប្រកបដោយឆន្ទៈ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុត ក្នុងបុព្វហេតុកសាង ថែរក្សាសន្តិភាព ស្ថិរភាព មិត្តភាពរឹងមាំយូរអង្វែង និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ លើសពីនេះ ខ្ញុំសូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់នូវគោលជំហររបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាគាំទ្រឥតងាករេចំពោះនយោបាយចិនតែមួយ និងចក្ខុវិស័យសហគមន៍វាសនារួមជាងចិន និងកម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សម្ភារៈទាំងអស់នេះពិតជាមានន័យមិនអាចកាត់ថ្លៃបាន ក្នុងពេលក្រសួងការពារជាតិកម្ពុជា កំពុងត្រូវការចាំបាច់បំផុត សម្រាប់បម្រើឱ្យការងារទំនាក់ទំនងបរទេសផ្នែកយោធា ជាពិសេសក្នុងពេលដែលក្រសួងការពារជាតិកម្ពុជា កំពុងមមាញឹកក្នុងការបំពេញតួនាទីដឹកនាំក្នុងឋានៈជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ។ ប៉ុន្តែទោះជាយ៉ាងណាក្តី សម្តេចយល់ឃើញថា សម្ភារៈ ដ៏មានតម្លៃទាំងនេះនឹងត្រូវយកទៅប្រើប្រាស់នៅក្នុងកិច្ចការសំខាន់មួយទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងការងារទំនាក់ទំនងអន្តរជាតិនោះគឺការងប្រវត្តិសាស្ត្រយោធា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

×