អាការឈឺធ្មេញ អាចបញ្ជាក់ប្រាប់អំពីភាពខុសប្រក្រតីរបស់ធ្មេញបានច្រើនយ៉ាង មិនថាតែធ្មេញពុក ធ្មេញទាល់ ធ្មេញបែក ឬរលាកអញ្ចាញធ្មេញនោះទេ តែបើជាអាការដែលបង្ហាញថា ឫសធ្មេញរបស់លោកអ្នក ដល់ពេលវេលាត្រូវចូលទៅទទួលការជួសជុលជាបន្ទាន់វិញនោះ ច្រើនតែមានសញ្ញាគ្រោះថ្នាក់ ដែលខ្លាំងជាងគ្រាន់តែឈឺធ្មេញធម្មតា។
សញ្ញាគ្រោះថ្នាក់ ដែលបញ្ជាក់ថា ដល់ពេលត្រូវព្យាបាល “ឫសធ្មេញ” ហើយ
១.កើតអាការឈឺធ្មេញពើតៗ តាមចង្វាក់លោតរបស់ជីពចរ
២.ឈឺធ្មេញខ្លាំងពេលទំពា និងខាំអាហារ
៣.ឈឺ និងហើមអញ្ចាញ ដោយសារអញ្ចាញធ្មេញឆ្លងមេរោគ
៤.ឈឺនៅពេលធ្មេញប៉ះគ្នា
៥.សុខៗឈឺធ្មេញដោយមិនដឹងមូលហេតុ
៦.ឈឺធ្មេញ សូម្បីតែពេលគេងនៅពេលយប់
៧.ឈឺធ្មេញដោយមិនចាំបាច់មានអ្វីមកជំរុញ ដូចជាទឹកត្រជាក់ ឬអាហារដែលមានរសជាតិផ្អែម(នំ ឬបង្អែម)ជាដើម។
ហេតុអ្វីយើងត្រូវព្យាបាលឫសធ្មេញ?
ដោយសារឫសធ្មេញអាចមានភាពខុសប្រក្រតីដោយសារការឆ្លងមេរោគ ការរលាក តាមរយៈអាការធ្មេញពុក ធ្លុះទៅដល់បណ្ដុំសរសៃប្រសាទធ្មេញ មានធ្មេញដែលប្រេះ ឬបែក រហូតទៅដល់បណ្ដុំសរសៃប្រសាទធ្មេញ ធ្មេញបានទទួលការបុកប៉ះខ្លាំងដោយសារគ្រោះថ្នាក់ ឬឧប្បត្តិហេតុ រហូតខូចខាតខ្លាំង ធ្វើឱ្យមេរោគចូលទៅបំផ្លាញបណ្ដុំសរសៃប្រសាទធ្មេញនៅខាងក្នុងបាន។
តើត្រូវធ្វើដូចម្ដេច នៅពេលត្រូវព្យាបាលឫសធ្មេញ?
បច្ចុប្បន្ន មានវិធីព្យាបាលឫសធ្មេញជាច្រើន តែវាអាស្រ័យលើភាពធ្ងន់ធ្ងររបស់ឫសធ្មេញដែលត្រូវបំផ្លាញ និងការពិនិត្យវិនិច្ឆ័យរបស់លោកគ្រូពេទ្យ។ ចាប់ផ្ដើមតាំងពីការរ៉ធ្មេញ ដើម្បីបើកផ្លូវ ចូលឆ្ពោះទៅរកបណ្ដុំសរសៃប្រសាទធ្មេញ កម្ចាត់សាច់ភ្នាស ដែលមានឆ្លងមេរោគចេញ លាងសម្អាតចង្អូរឫសធ្មេញ ដើម្បីមិនឱ្យមេរោគត្រឡប់ចូលមកជាថ្មីទៀត ជាដើម។ល។ បន្ទាប់ពីនោះ ទើបងាកមកស្ដារសភាពឫសធ្មេញជាបណ្ដើរៗឡើងវិញ ដែលមានតាំងពីការដាក់ដាំបង្គោលធ្មេញ ការបណ្ដុះឆ្អឹង បណ្ដុះសាច់អញ្ចាញ (បើសិនចាំបាច់) រួមទៅដល់ការបិទប្រហោងធ្មេញ ធ្វើឱ្យធ្មេញត្រឡប់មកមានរូបរាងលក្ខណៈដូចដើមវិញ ជាដើម ដែលទាំងអស់នេះ អ្នកជំងឺនឹងអាចប្រើប្រាស់ធ្មេញទំពាអាហារ និងមើលថែទាំសម្អាតដោយការដុសធ្មេញ និងប្រើអំបោះខាត់ធ្មេញបានដូចប្រក្រតី។
ការថែរក្សាធ្មេញយ៉ាងត្រឹមត្រូវ ដើម្បីការពារបណ្ដុំសរសៃប្រសាទធ្មេញ ដែលត្រូវបំផ្លាញ
១.សម្អាតធ្មេញដោយការដុសធ្មេញ និងប្រើអំបោះខាត់សម្អាតធ្មេញ យ៉ាងត្រឹមត្រូវតាមវិធី យ៉ាងតិចក្នុង ១ថ្ងៃ ២ដង ព្រឹក-ល្ងាច
ឬប្រើអំបោះខាត់សម្អាតធ្មេញគ្រប់ពេល ក្រោយបរិភោគអាហារ។
២.មិនប្រើធ្មេញខាំត្របាក់ ខាំបំបែករបស់រឹងៗ ឬខាំទាញវត្ថុស្វិតៗ ព្រោះវាអាចធ្វើឱ្យធ្មេញរងការខូចខាតបាន។
៣.បើទទួលគ្រោះថ្នាក់ ឬឧប្បត្តិហេតុ ដែលធ្វើឱ្យធ្មេញបាក់បែកខូចខាត ដូចជារបើកធ្មេញ ប្រេះ បែក ជាដើមនោះ គួរប្រញាប់ទៅជួបលោកគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលទាន់ពេលវេលា។
៤.បើមានអាការឈឺធ្មេញ ឈឺអញ្ចាញធ្មេញ ឬមានភាពខុសប្រក្រតីផ្សេងៗ ដូចជាមានក្លិនមាត់មិនល្អខ្លាំង ជាដើម គួរប្រញាប់ទៅជួបទន្តពេទ្យ។
៥.ទៅជួបទន្តពេទ្យ រៀងរាល់ ៦ខែម្ដង៕