Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនឧស្ម័ន Gazprom បង់លុយឲ្យវិមានក្រឹមឡាំង ជិត១០ពាន់លានដុល្លារ

រដ្ឋធានីមូស្គូ៖ ស្របពេលស្ថានការណ៍នយោបាយ កាន់តែតានតឹងឡើង រវាងបស្ចិមលោក និង ក្រុងមូស្គូ ជុំវិញសង្គ្រាម នៅអ៊ុយក្រែន នោះ ក្រុមអ្នកនយោបាយ កំពុងតែរង់ចាំមើល ថាតើរុស្ស៊ី នឹងផ្លាស់ប្ដូរនូវការផ្គត់ផ្គង់ឧស្ម័ន តាមបំពង់បង្ហូរឧស្ម័ន Nord Stream 1 ទៅកាន់តំបន់អឺរ៉ុបដែរឬយ៉ាងណា ខណៈក្រុមហ៊ុនថាមពលដ៏ធំបំផុត គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Gazprom ត្រៀមនឹងប្រគល់ប្រាក់ ចំនួន ៨,៦ពាន់លានផោន (លុយអង់គ្លេស) ឬស្មើនឹងប្រហែលជាង ៩,៩៩ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅឲ្យវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បន្ទាប់ពីទទួលបានប្រាក់ចំណេញ។

សារព័ត៌មាន The Guardian បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ថា ក្រុមហ៊ុនហ្គាសប៊្រុម (Gazprom) គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានរាយការណ៍ អំពីប្រាក់ចំណេញសុទ្ធ ចំនួន ២,៥ពាន់ពាន់លានរូពី (Ruble លុយរបស់រុស្ស៊ី) ឬស្មើនឹងប្រហែលជាង ៤១,៥៩ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៦ខែដំបូង នៃឆ្នាំ២០២២។ នៅក្នុងអំឡុងពេលនេះ តម្លៃប្រេង និង ឧស្ម័ន បានឡើងថ្លៃ ហើយករណីនេះ កំពុងតែជំរុញឱ្យមានការព្រួយបារម្ភ លើការផ្គត់ផ្គង់ថាមពល បន្ទាប់ពីរុស្ស៊ីបានលើកកងទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

វិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) បានគ្រប់គ្រង ភាគហ៊ុនរបស់ក្រុមហ៊ុនដ៏ធំបំផុតរបស់ប្រទេសមហាអំណាចយោធាលេខ២របស់ពិភពលោក Gazprom មានទំហំ៤៩,៣ភាគរយ ហើយនឹងចែករំលែក នៅក្នុងការសងប្រាក់ ចំនួន ១,២១ពាន់ពាន់លានរូពី (លុយរុស្ស៊ី) ឬស្មើនឹងប្រហែលជាង ២០,០៨៦ពាន់លានដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានស្នើសុំភាគហ៊ុន ទំហំទឹកប្រាក់៥១,០៣រូពី ឬស្មើនឹងប្រហែល ០,៨៣ដុល្លារ ក្នុង១ហ៊ុន ដើម្បីទូទាត់ ទៅឱ្យវិនិយោគិន។ ការសម្រេចចិត្តនេះ នឹងត្រូវដាក់ជូនម្ចាស់ភាគហ៊ុន នៅក្នុងកិច្ចប្រជុំវិសាមញ្ញទូទៅមួយ នាថ្ងៃទី៣០ ខែកញ្ញា។

ភាគលាភ តំណាងឱ្យការដើរថយក្រោយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីរារាំងសេដ្ឋកិច្ចរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្ម។ រីឯចក្រភពអង់គ្លេស និង អឺរ៉ុប ក៏បានកាត់បន្ថយនូវការនាំចូលប្រេង និង ឧស្ម័ន ពីប្រទេសរុស្ស៊ី ដើម្បីទប់ស្កាត់នូវការផ្តល់មូលនិធិ មកពីលោកខាងលិច សម្រាប់ជួយដល់របបគ្រប់គ្រងរបស់លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក្រុងមូស្គូ បានបង្កើននូវការនាំចេញប្រេង ទៅកាន់អាស៊ី ជំនួសប្លុកសេរីមួយនេះវិញ ខណៈតម្លៃឧស្ម័ន បានកើនឡើង ជាការឆ្លើយតបទៅនឹងក្រុមហ៊ុន Gazprom បានកាត់បន្ថយនូវការផ្គត់ផ្គង់ ទៅកាន់តំបន់អឺរ៉ុប។

លោក ហ្វាមីល សាឌីហ្គោវ (Famil Sadygov) នាយករងប្រតិបត្ដិក្រុមហ៊ុន Gazprom បានបញ្ជាក់ថា «ថ្វីបើជាមានសម្ពាធ ពីទណ្ឌកម្មរបស់បណ្ដាប្រទេសបស្ចិមលោក និងសម្ពន្ធមិត្ត ហើយបរិយាកាសមកពីខាងក្រៅ មិនអំណោយផលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន Gazprom បានរាយការណ៍ អំពីប្រាក់ចំណូលរបស់ស្ដង់ដាររាយការណ៍ហិរញ្ញវត្ថុអន្ដរជាតិ (IFRS) និង ប្រាក់ចំណេញសុទ្ធ នៅក្នុងឆមាសទី១ នាឆ្នាំ២០២២នេះ ខណៈកាត់បន្ថយបំណុលសុទ្ធ និង បន្ថយសម្ពាធឲ្យនៅតិចបំផុត។

រដ្ឋាភិបាលអឺរ៉ុប បានចោទប្រកាន់លោក ពូទីន អំពីការជ្រើសរើស យកការផ្គត់ផ្គង់ឧស្ម័ន ធ្វើជាសព្វាវុធ នៅក្នុងអំឡុងពេលមានជម្លោះ នៅអ៊ុយក្រែន។ ប៉ុន្ដែក្រុងមូស្គូ បានបដិសេធថា ការផ្អាកការផ្គត់ផ្គង់ឧស្ម័ន តាមបំពង់បង្ហូរឧស្ម័ន Nord Stream 1 ទៅកាន់តំបន់អឺរ៉ុប ក៏ដោយសារតែបញ្ហាបច្ចេកទេស លើការផ្គត់ផ្គង់។ ចំណែកគណៈកម្មការអឺរ៉ុប កំពុងតែពិនិត្យមើលលើជម្រើសនានា សម្រាប់ធ្វើអន្តរាគមន៍ជាបន្ទាន់មួយ ចូលទៅក្នុងទីផ្សារលក់ដុំឧស្ម័ន ចំពេលមានការព្រួយបារម្ភ អំពីការកើនឡើងតម្លៃ និង ការដាច់ភ្លើង នារដូវរងាខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×