Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ និងសុភមង្គល៖ រឿង ៥យ៉ាង ដែលត្រូវចៀសវាងដាច់ខាត ដើម្បីគ្រួសារមានសេចក្តីសុខ

បើការសាងគ្រួសារឱ្យមានសេចក្តីសុខ ជាចំណោទដ៏ងាយស្រួល ដែលអ្នកណាៗក៏អាចធ្វើបានដែរនោះ ប្រហែលជាគ្មានបញ្ហា ឬរឿងហេតុនៃការលែងលះគ្នាកើតឡើងឡើយ ដូច្នេះភាពជោគជ័យនៅក្នុងគ្រួសារ គឺស្ថិតនៅលើភាពអត់ធ្មត់ និងការអភ័យទោសឱ្យគ្នា បើប្រាសចាករឿងទាំង ២នេះនៅពេលណា ខ្សែចំណងនៃគ្រួសារ ក៏នឹងដាច់អស់នៅពេលនោះមិនខាន។
ប្រាកដណាស់ថា ការសាងក្រុមគ្រួសារឱ្យមានសេចក្តីសុខឥតខ្ចោះបាននោះ បុគ្គលដែលសំខាន់បំផុតក៏គឺ ស្វាមី-ភរិយា ឬឪពុក-ម្តាយរបស់កូនៗ ព្រោះទាំង ២នាក់ គឺជាអ្នកដែលមានតួនាទីក្នុងការសាងមនុស្ស សាងក្រុមគ្រួសារ ឱ្យដើរទៅក្នុងទិសដៅតែមួយ។
បញ្ហាមួយដែលរំខានដល់ការសាងសេចក្តីសុខក្នុងគ្រួសារ គឺការឈ្លោះទាស់ទែងគ្នា រវាងស្វាមីភរិយា ដែលវានឹងហុចផលប៉ះពាល់ទៅដល់ខ្លួនកូនៗ និងសមាជិកគ្រប់រូបក្នុងក្រុមគ្រួសារ ដូច្នេះទើបយើងគួរតែសិក្សា និងរិះរកវិធីកែបញ្ហារួមគ្នា ដើម្បីកុំឱ្យបញ្ហាការឈ្លោះទាស់ទែងនេះ កើតឡើងក្នុងគ្រួសារបាន។
ការឈ្លោះទាស់ទែងផ្សេងៗ ដែលកើតឡើងក្នុងគ្រួសារ ត្រូវបានរកឃើញថា វាបណ្ដាលមកពីមូលហេតុផ្សេងៗដូចខាងក្រោមនេះ…

១.និស្ស័យ និងទម្លាប់ផ្ទាល់ខ្លួន៖ ជារឿងដែលពិបាកនឹងផ្លាស់ប្តូរខ្លាំងណាស់ ព្រោះវាជានិស្ស័យដែលជាប់នឹងខ្លួនយូរមកហើយ ធ្លាប់ប្រតិបត្តិដដែលៗរួចមកហើយកាលពីអតីត និងបើទោះបីជាផ្លាស់ប្តូរបានមែន តែក៏បានត្រឹមតែមួយខណៈពេលប៉ុណ្ណោះ។ ដូច្នេះស្វាមីភរិយា ត្រូវតែទទួលស្គាល់ និងធ្វើចិត្តឱ្យបាន ហើយកែសម្រួលខ្លួនចូលរកគ្នា និងចេះបន្ធូរបន្ថយ ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

២.ខ្វះភាពដឹងខ្លួនក្នុងតួនាទី និងកាតព្វកិច្ច៖ សម័យមុន ស្វាមីមានតួនាទីជាអ្នកដឹកនាំ ជាមេគ្រួសារ រកប្រាក់ចិញ្ចឹមគ្រួសារ តែបច្ចុប្បន្ន ស្ត្រីក៏មានតួនាទីក្នុងការធ្វើការងារ រកប្រាក់មកចិញ្ចឹមក្រុមគ្រួសារដូចគ្នា ហើយស្ត្រីក៏នៅតែត្រូវមកទទួលខុសត្រូវរឿងការងារក្នុងផ្ទះ និងអប់រំប្រដៅបុត្រធីតាទៀតដែរ ដូច្នេះហើយទើបពេលខ្លះ ភរិយាមានអារម្មណ៍មួម៉ៅ និងនិយាយច្រើន ធ្វើឱ្យកើតការឈ្លោះទាស់ទែងគ្នាឡើងបាន និងស្វាមីខ្លះក៏មិនទទួលខុសត្រូវតួនាទីរបស់ខ្លួនឯង នៅចាំតែបន្ទោស ស្តីឱ្យភរិយាថា មិនចេះអប់រំប្រដៅកូន ទាំងដែលការងារចិញ្ចឹមថែទាំអប់រំប្រដៅកូននេះ គឺជាតួនាទីដោយផ្ទាល់របស់ឪពុក និងម្តាយ។ ដូច្នេះទាំង ២នាក់ ត្រូវជួយគ្នាអប់រំមើលថែបុត្រធីតា រហូតដល់កិច្ចការងារក្នុងផ្ទះ ក៏ត្រូវតែជួយគ្នាទៅវិញទៅមកផងដែរ។

៣.គ្មានពេលវេលាឱ្យគ្នាទៅវិញទៅមក៖ ដោយសារតែម្នាក់ៗសុទ្ធតែមានភារកិច្ចត្រូវធ្វើការងារ ពេលខ្លះក៏ត្រូវរស់នៅឆ្ងាយពីគ្នា ធ្វើឱ្យគ្មានពេលវេលាជជែកពិភាក្សាគ្នា មិនបានដឹងពីសុខទុក្ខរបស់គ្នាទៅវិញទៅមក ដូច្នេះហើយទើបក្រុមគ្រួសារនីមួយៗ គួរតែមាន “ទិវានៃគ្រួសារ” ១សប្តាហ៍១ថ្ងៃ ឬពេលណាក៏បាន ស្រេចតែឯកភាពគ្នា ដើម្បីមានពេលវេលានៅជួបជុំគ្នា ប៉ា ម៉ាក់ កូន និងមានកិច្ចការងារធ្វើរួមគ្នា។

៤.ប្រើអំពើហិង្សាកាត់សេចក្ដីក្នុងគ្រួសារ៖ ការឈ្លោះប្រកែក ជេរបញ្ចោរ ស្តីបន្ទោស គំរាមកំហែង រហូតដល់ថ្នាក់វាយតប់គ្នា គឺជាដំណោះស្រាយដោយអំពើហិង្សា កម្លាំងបាយ ដោយប្រាសចាកសតិបញ្ញា ដែលភាគច្រើន កើតចេញពីការនិយាយពន្យុះរបស់ខាងណាម្នាក់ ធ្វើឱ្យម្នាក់ទៀតខឹងខ្លាំង រហូតទ្រាំលែងបាន ចាប់ផ្តើមប្រើអំពើហិង្សា ដើម្បីរម្ងាប់ហេតុការណ៍។

៥.មិនស្មោះត្រង់៖ ការក្បត់ចិត្តគ្នារបស់ស្វាមី ឬភរិយា អាចរាប់បានថា ជាមូលហេតុមួយ ដែលធ្វើឱ្យក្រុមគ្រួសារជាច្រើន ដួលរលំបាក់បែករួចមកហើយ រាប់មិនអស់។ យ៉ាងណាក៏ដោយ បើមនុស្សក្នុងគ្រួសារមានបញ្ហានឹងគ្នា មិនថាតែស្វាមីភរិយា ឬសមាជិកដទៃទៀតនោះទេ មិនគួរបណ្តោយទុកចោល ឱ្យវានៅរ៉ាំរ៉ៃ រហូតក្លាយជាបញ្ហារីករាលដាល ព្រោះតែការមិនយល់គ្នានោះឡើយ គ្រប់គ្នាគួរបែរមុខមកនិយាយគ្នា រិះរកវិធីកែខៃបញ្ហារួមគ្នា ហើយរឿងដែលចាំបាច់មួយទៀតក្នុងការរស់នៅរួមគ្នា គឺការគោរពសិទ្ធិរបស់គ្នាទៅវិញទៅមក ទើបគ្រួសារមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តយូរអង្វែង៕

×