Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីការបរទេស និងឯកអគ្គរដ្ឋទូតតួកគី ពិភាក្សាអំពីមធ្យោបាយនានា ដើម្បីឈានទៅរកវិស័យ ថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ

ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និង លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាអំពីមធ្យោបាយនានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់បានសម្រេចនៅឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏បានវាយតម្លៃខ្ពស់ជាមួយសេចក្តីពេញចិត្តចំពោះមិត្តភាពដ៏ប្រពៃ និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេល បច្ចុប្បន្នរវាងប្រទេសកម្ពុជា និងតួកគី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូតតួកគី បានជួបពិភាក្សាគ្នា កាលពីនៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានពាំនាំនូវការសាកសួរសុខទុក្ខ និងសព្វសាធុការពរពី ឯកឧត្តម Mevlüt Çavuşoğlu រដ្ឋមន្រ្តីការបរទេស តួកគី ជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ហើយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលឹកឡើងវិញអំពីដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្ការបស់ឯកឧត្តម ទៅកាន់ប្រទេសតួកគី កាលពីពេលថ្មីៗនេះ ក៏ដូចជា ការអញ្ជើញចូលរួមរបស់ឯកឧត្តមរដ្ឋមន្រ្តីការបរទេសតួកគី នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញនាពេលកន្លងមក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានកត់សម្គាល់ដោយការពេញចិត្តចំពោះកត្តាវិជ្ជមានមួយចំនួនដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការជំរុញទំនាក់ទំនងពាណិជ្ជកម្មដែលនៅមិនទាន់បានឆ្លើយតបនឹងសក្តានុពលនៃប្រទេសទាំងពីរនៅឡើយ មានជាអាទិ៍ ការសម្រេចរបស់រដ្ឋាភិបាលតួកគីក្នុងការបង្កើតការិយាល័យទីប្រឹក្សាសម្រាប់កិច្ចការពាណិជ្ជកម្មប្រចាំស្ថានទូតតួកគីនៅទីក្រុងភ្នំពេញ, ការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការពារការវិនិយោគដោយឈរលើគោលការណ៍បដិការ, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធជាន់គ្នា ក៏ដូចជា កិច្ចប្រជុំលើកទី៣នៃគណៈកម្មការចម្រុះស្តីពីសេដ្ឋកិច្ចដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅថ្ងៃទី ១៩-២០ ខែតុលា ឆ្នាំ២០២២។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូតថ្មី ក៏បានពិភាក្សាគ្នាផងដែរអំពីមធ្យោបាយនានាដើម្បីឈានទៅរកវិស័យថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ និងបានឯកភាពពន្លឿនការបញ្ចប់ឯកសារមួយចំនួនដែលមិនទាន់បានសម្រេចនៅឡើយ ហើយដែលត្រូវការជាចាំបាច់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចពិគ្រោះយោបល់នយោបាយលើកទី៣ រវាងប្រទេសកម្ពុជា និងតួកគី នាពេលប៉ុន្មានខែខាងមុខនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលតួកគី សម្រាប់ជំនួយអភិវឌ្ឍន៍លើវិស័យមួយចំនួន ដូចជា វិស័យអភិវឌ្ឍន៍ជនបទ, អប់រំ, សុខាភិបាល, និងគម្រោងលំនៅឋានដែលអនុវត្តដោយទីភ្នាក់ងារសម្រាប់កិច្ចសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (Turkish Cooperation and Coordination Agency-TIKA) នៅស្រុកស្អាង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកម្ពុជាបានជួបប្រទះ ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ាន ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន (AMM) លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលថ្មីៗនេះ ដោយសម្តែងនូវការពេញចិត្តចំពោះលទ្ធផលដែលសម្រេចបានលើសពីការរំពឹងទុករបស់គ្រប់មជ្ឈដ្ឋាន រួមទាំងការចេញផ្សាយសេចក្តីថ្លែងការណ៍រួមផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូត អំពីភាពស្មុគស្មាញនៃវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន (5PC) និងជួយមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ លោកជំទាវឯកអគ្គរដ្ឋទូត Ülkü Kocaefe បានវាយតម្លៃខ្ពស់ចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានកោតសរសើរដល់កម្ពុជា ជាពិសេស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ដែលបានគ្រប់គ្រងសម្របសម្រួលនូវរាល់បញ្ហាក្តៅៗ និងការប្រឈមនានាប្រកបដោយជោគជ័យ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្ដី ការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×