ទីក្រុងតៃប៉ិ៖ ស្របពេលចិនកំពុងតែបង្កើនកម្លាំងយោធា គំរាមកំហែងដល់តៃវ៉ាន់ ចាប់តាំងពីប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានមកកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខៃសីហា នោះមក មហាសេដ្ឋីតៃវ៉ាន់ បានផ្ដល់លុយ១ពាន់លានដុល្លារ សម្រាប់កម្មវិធីបណ្ដុះបណ្ដាលផ្នែកការពារជាតិ ដល់ជនស៊ីលតៃវ៉ាន់ សម្រាប់ការពារខ្លួន ហើយសកម្មភាពរបស់កំពូលអ្នកមានរបស់តៃវ៉ាន់ រូបនេះ បានកើតឡើង ។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ថា លោក រ៉ូប៊ឺត សាវ (Robert Tsao) វ័យ៧៥ឆ្នាំ ជាមហាសេដ្ឋកិច្ចផ្នែកបច្ចេកវិទ្យា បានបង្ហាញ អំពីគម្រោងបណ្ដុះបណ្ដល ដល់ជនជាតិតៃវ៉ាន់ ប្រហែល៣លាននាក់ ឲ្យចេះប្រើប្រាស់អាវុធ សម្រាប់ទប់ទល់ ប្រឆាំងនឹងការឈ្លានពានរបស់ចិន នាពេលខាងមុខ។
កំពូលអ្នកមានបំផុតរបស់តៃវ៉ាន់ រូបនេះ បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា គាត់នឹងផ្ដល់ប្រាក់ ចំនួន១ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹង៣៣លានដុល្លារសហរដ្ឋអមេរិក ដល់កម្មវិធីបណ្ដុះបណ្ដាល លើវិស័យការពារជាតិ ដល់ជនជាតិតៃវ៉ាន់។ នេះជាកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់គាត់ សម្រាប់បង្កើនកម្លាំងការពារដែនកោះ គ្រប់គ្រងដោយខ្លួនឯង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង ជាមួយនឹងចិន។
ស្ថាបនិក និង ជាអតីតប្រធានក្រុមហ៊ុនផលិតបន្ទះឈីប United Microelectronics Corp (UMC) បានបន្ថែម ថា គាត់នឹងបរិច្ចាគលុយ ចំនួន៦០០លានដុល្លារតៃវ៉ាន់ ឬស្មើនឹងប្រហែលជាង ១៩,៦២លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្មវិធី « Jumpstart » ដើម្បីបណ្តុះបណ្តាល «អ្នកចម្បាំង ជាជនស៊ីវិល» ចំនួន៣លាននាក់ នៅក្នុងរយៈពេល៣ឆ្នាំ។ ក្រៅពីនេះ គាត់នឹងផ្ដល់លុយ ចំនួន៤០០លានដុល្លារតៃវ៉ាន់ ឬស្មើនឹងប្រហែលជាង ១៣,០៨លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ដើម្បីបណ្តុះបណ្តាលអ្នកជំនាញ ចំនួន៣00 000 នាក់ នៅក្នុងចំណោមមនុស្សធម្មតា នៅទូទាំងកោះតៃវ៉ាន់។
លោកមហាសេដ្ឋកិច្ច Robert Tsao ជាកំពូលអ្នកមានមួយរូបរបស់តៃវ៉ាន់ ដែលពាក់អាវការពារគ្រាប់កាំភ្លើង បានប្រាប់ដល់សន្និសីទសារព័ត៌មាន ខណៈគាត់កាន់អត្តសញ្ញាណប័ណ្ណថ្មីរបស់តៃវ៉ាន់របស់គាត់ បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំជាប្រជាជនតៃវ៉ាន់ ១០០ភាគរយ ហើយខ្ញុំក៏បានបោះបង់សញ្ជាតិសិង្ហបុរី រួចមកហើយដែរ។
មហាសេដ្ឋីតៃវ៉ាន់ រូបនេះ កាលពីខែមុន បានសន្យាថា នឹងបរិច្ចាគលុយ ចំនួន៣ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងប្រហែលជាង ៩៨,១១លានដុល្លារសហរដ្ឋអាមេរិក ជួយដល់រដ្ឋាភិបាលតៃប៉ិ ដើម្បីពង្រឹងនូវកិច្ចការពាររបស់ខ្លួន ក្រោយពេលក្រុងប៉េកាំង បានដាក់ពង្រាយកងទ័ពរំដោះប្រជាជនចិន នាវាចម្បាំង និង យន្ដហោះយោធាជាច្រើនគ្រឿង ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមក ឡោមព័ទ្ធដែនកោះមួយនេះ ដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានមកកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា កន្លងទៅនេះ។
ក្រុងប៉េកាំង តែងតែអះអាងថា តៃវ៉ាន់ ជាអាណាខេត្តមួយរបស់ប្រទេសចិន ហើយក្រុងប៉េកាំង មិនដែលបដិសេធ អំពីការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមដែនកោះមួយនេះ យកមកដាក់ ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ។ ប៉ុន្ដែរដ្ឋាភិបាលក្រុងតៃប៉ិ តែងតែទាត់ចោលនូវការអះអាង អំពីអធិបតេយ្យភាពរបស់ក្រុងប៉េកាំង ដោយលើកឡើងថា មានតែពលរដ្ឋតៃវ៉ាន់ ប៉ុណ្ណោះ ទើបអាចសម្រេច អំពីជោគវាសនា និងអនាគតរបស់ខ្លួនបាន។
លោក ឡូ ពីង-ចែង (Lo Ping-Cheng) អ្នកនាំពាក្យ គណៈរដ្ឋមន្រ្ដីរបស់លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានថ្លែងអំណរគុណ ចំពោះគម្រោងរបស់មហាសេដ្ឋីរូបនេះ សម្រាប់ការបង្កើននូវសកម្មភាព ជួយការពារដឹកដីតៃវ៉ាន់៕រក្សាសិទ្ធិដោយ ៖ សារាយSN






















