Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងតៃប៉ិ ចាប់ផ្ដើមព្រមានប្រើកម្លាំងយោធា ប្រសិនបើចិនចូលមកជិតដែនដីតៃវ៉ាន់

ទីក្រុងតៃប៉ិ៖ ស្របពេលក្រុងប៉េកាំង បាន និង កំពុងតែបង្កើននូវសម្ពាធយោធា កាន់តែខ្លាំងឡើង មកលើក្រុងតៃប៉ិ ចាប់តាំងពីប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក លោក ស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) មកកាន់ដែនកោះគ្រប់គ្រងដោយខ្លួនឯងមួយនេះ កាលពីថ្ងៃទី២ ខែសីហាកន្លងទៅ តៃវ៉ាន់ បានព្រមាន អំពីការឆ្លើយតបដោយកម្លាំងយោធាយ៉ាងធ្ងន់ធ្ងរ ខណៈចិនចូលមកកាន់តែជិត។

សារព័ត៌មាន Daily Hindustan News បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៣១ ខែសីហា ថា តៃវ៉ាន់ បានព្រមានថា ក្រុងតៃប៉ិ កំពុងតែប្រឈមមុខនឹង«បញ្ហាគំរាមកំហែងផ្នែកយោធា» ជុំវិញការកើនឡើង នៃសកម្មភាពយោធារបស់ចិន កាន់តែខិតចូលមកជិតដែនកោះរបស់ខ្លួន ខណៈក្រុងប៉េកាំង កំពុងតែព្យាយាម ផ្លាស់ប្តូរស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ ផ្ញើទៅកាន់សមាជិកសភា ហើយត្រូវ Bloomberg News ទទួលបាន បានរៀបរាប់ ថា រដ្ឋាភិបាលក្រុងតៃប៉ិ ជឿថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តបញ្ជូននាវាចម្បាំង និង យន្តហោះយោធារបស់ខ្លួន ឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែលបែងចែកផ្លូវទឹក រវាងប្រទេសចិន និង តៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ នៅក្នុងរបាយការណ៍នោះ ថា ក្រុងប៉េកាំង បានប្រើប្រាស់ការធ្វើសមយុទ្ធយោធា ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi កាលពីដើម ខែសីហា មកធ្វើជាលេស សម្រាប់ការសាកល្បងសមត្ថភាពប្រតិបត្តិរបស់ខ្លួន មិនត្រឹមតែក្លែង ធ្វើជាបិទផ្លូវទឹក ជុំវិញកោះតៃវ៉ាន់ ប៉ុណ្ណោះទេ ប៉ុន្តែចិន ថែមទាំងប្រើប្រាស់មធ្យោបាយការទូត និង សេដ្ឋកិច្ច សម្រាប់ជាការសងសឹក ផងដែរ។

លោក អេនតូនី ប្ល៊ីនខែន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចោទប្រកាន់ចិន កំពុងតែស្វែងរកនូវការផ្លាស់ប្តូរស្ថានភាព នៅច្រកសមុទ្រតៃវ៉ាន់ ដោយយកលេស ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់អ្នកនយោបាយកំពូលរបស់សហរដ្ឋអាមេរិក មកកាន់ទីក្រុងតៃប៉ិ។

ដោយឡែក អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក ហ្សាវ លីជៀន (Zhao Lijian) បានបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅក្នុងខែសីហា ថា មានតែ«សហរដ្ឋអាមេរិក និង កងកម្លាំងបំបែកខ្លួនរបស់តៃវ៉ាន់ ប៉ុណ្ណោះ ជាអ្នកព្យាយាមផ្លាស់ប្តូរស្ថានភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយករណីនេះ មិនមែនជាចិន នោះឡើយ»។

រដ្ឋាភិបាលតៃប៉ិ បានបញ្ជាក់ កាលពីថ្ងៃទី២៥ ខែសីហា ថា តៃវ៉ាន់ បានស្នើសុំកញ្ចប់ថវិកា លើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ មានទំហំទឹកប្រាក់ ៥៨៦,៣ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងជាង ១៩,៣៥៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ចំនួនថវិកា សម្រាប់វិស័យការពារជាតិ នាឆ្នាំ២០២៣ បានកើតឡើង រហូតដល់ ១៣,៩ភាគរយ បើធៀបនឹងការចំណាយ កាលពីឆ្នាំមុខ។

តៃវ៉ាន់ បានបង្កើនការចំណាយលើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២៣ ដ៏ច្រើនបែបនេះ ក៏ដោយសារតែមានការគំរាមកំហែង ពីប្រទេសចិន កំពុងតែតែកើនឡើង មកលើសន្ដិសុខ នៅលើដែនកោះ គ្រប់គ្រងដោយខ្លួនឯងមួយនេះ។ ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាដែនដីរបស់ចិន ហើយខ្លួននឹងប្រើប្រាស់កម្លាំងយោធា ប្រសិនបើក្រុងតៃប៉ិ ហ៊ានប្រកាសពីឯករាជភាព កាត់ផ្ដាច់ចេញពីចិន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×