ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ និងមិនអនុញ្ញាតឲ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខឡើយដោយសារបំពាន និងលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ នេះបើយោងតាមលិខិតសម្តេចក្រឡាហោម ស ខេង ជម្រាបជូនលោក សៀវ សុត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នេះ បានជម្រាបជូនទៅលោក សៀវ សុត ថា ក្រសួងមហាផ្ទៃសម្រេចមិនទទួលស្គាល់ការជ្រើសតាំងលោក សៀវ សុត ជាប្រធានស្តីទីគណបក្ស និងមិនអនុញ្ញាតឱ្យគណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំសមាជវិសាមញ្ញគណបក្សនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះឡើយ ដោយសារបំពាននឹងលក្ខខណ្ឌកំណត់ក្នុងប្រការ២១ ប្រការ២៥ ប្រការ២៦ ប្រការ២៧ ប្រការ២៨ និងប្រការ៣១ នៃលក្ខន្តិកៈ គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍ជាស្ថាប័នប្រតិបត្តិ ចាត់ចែង គ្រប់គ្រង និងអនុវត្តរាល់កិច្ចការរបស់គណបក្សខ្មែរស្រឡាញ់ជាតិ មានសមាសភាពចំនួន៨រូប ដែលក្នុង នោះមានសមាជិកអចិន្ត្រៃយ៍ចំនួន៧រូប បានសម្រេចលាឈប់ពីគណបក្សនេះជាលាយលក្ខណ៍អក្សររួចទៅហើយ។
សូមជម្រាបថា លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ និងថ្នាក់ដឹកនាំមួយចំនួនបានប្រកាសលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ ចាប់ពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២២ នេះតទៅ។ ហើយមូលហេតុនៃការលាឈប់ពីគណបក្សខ្មែរស្រឡាញ់ជាតិ គឺដោយសារមើលឃើញអំពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែន ជាពិសេសនៅថ្ងៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាផលប្រយោជន៍របស់ជាតិទាំងមូល”។
នេះបើយោងតាមសេចក្តីប្រកាសលាលែងរបស់លលោកជីវ កត្តា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោក ជីវ កត្តា បានអំពាវនាវអំពាវនាវឲ្យបងប្អូនកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា៕ រក្សាសិទ្ធិដោយៈ ចេស្តារ




