ភ្នំពេញៈ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលរួមជាអធិបតីភាពក្នុង «កម្មវិធីផ្តល់ព័ត៌មានស្តីពីយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍» នៅខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីអង្គទូតបរទេសចំនួន១៩ ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ព្រមទាំងប្រតិភូថៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ ១០០នាក់។
កម្មវិធីនេះគឺជាដំណើរទស្សនកិច្ចសិក្សាលើកទី២ ជូនដល់អង្គទូតបរទេស និងក្រុមគ្រួសារ ទៅកាន់ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ដែលជាគំនិតផ្តួចផ្តើម របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដោយមានការសហការជាមួយក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ច្បាប់វិនិយោគថ្មី យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច២០២១-២០២៣ និងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចនិងទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងមន្ត្រីស្ថានទូត ដែលបានផ្តួចផ្តើមទស្សនកិច្ចនេះ ក្នុងន័យជំរុញការអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចលើកទី២នេះ នឹងផ្តល់ឱកាសជូនអង្គទូតស្វែងយល់បន្ថែមពីព្រះរាជាណាចក្រកម្ពុជា និងពង្រឹងបន្ថែមការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសនានាក្នុងសកលលោក។ ក្នុងអំឡុងទស្សនកិច្ចនេះ គណៈប្រតិភូក៏មានជំនួបជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបផងដែរ។
នៅល្ងាចថ្ងៃដដែល ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានរៀបចំអាហារពេលល្ងាច ដើម្បីទទួលស្វាគមន៍ ប្រតិភូទាំងអស់ ហើយបានឆ្លៀតឱកាសនេះដើម្បីផ្សព្វផ្សាយពីម្ហូបអាហារខ្មែរ សិល្បៈបុរាណ ក៏ដូចជាផលិតផលខ្មែរជាច្រើនផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ






