Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ៖ ការសិក្សារៀនសូត្រ ឬការបណ្ដុះបណ្ដាលធនធានមនុស្ស ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេស

ព្រៃវែង៖សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការផ្សេងៗទៀត ដែលជាក្រុមការងាររាជរដ្ឋាភិបាលបាននឹងកំពុងចូលរួមសកម្មភាពបម្រើជាតិ បម្រើប្រជាពលរដ្ឋយ៉ាងសកម្ម ពោលគឺក្រៅពីការងារស្នូល ក៏បានចូលរួមក្នុងការងារមូលដ្ឋានបន្ថែមទៀតដែរ ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសាលាបឋមសិក្សាថ្មីចំនួន ៣ខ្នង ស្មើនឹង៩បន្ទប់ (បន្ទប់សិស្ស ទីចាត់ការ និងបណ្ណាល័យ) ស្ថិតនៅភូមិប្រស្រែ ភូមិស្នេហ៍រាន និងភូមិដីថុយ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តព្រៃវែង ព្រះតេជគុណ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក-ឃុំ កងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ ។

សម្ដេចក្រឡាហោម បានបន្ថែមថា ក្រុមការងាររបស់រាជរដ្ឋាភិបាល គឺធ្វើការងារបម្រើប្រជាពលរដ្ឋ ពិសេសការពាំនាំនូវស្ថានការណ៍ជាក់ស្ដែងនៅមូលដ្ឋានដូចជា៖ ការលំបាក បញ្ហាប្រឈម សំណូមពរ ឬសំណើរនានារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅរាយការណ៍ដល់រាជរដ្ឋាភិបាល ឱ្យជួយដោះស្រាយនៅក្នុងករណីបញ្ហាទាំងនោះ ពួកគាត់ដែលគ្មានលទ្ធភាព ឬសមត្ថភាពដើម្បីដោះស្រាយ។

សម្ដេចក្រឡាហោម បញ្ជាក់ថា «យើងធ្វើរបៀបនេះ ពិតជាមានប្រយោជន៍ច្រើនណាស់ ដោយយើងមិនរង់ចាំតែគម្រោងថវិការបស់រដ្ឋ ឬថវិកាជាតិ»។

សម្ដេចក្រឡាហោម បន្តថា គម្រោងថ្នាក់ជាតិដែលប្រើថវិកាជាតិនោះ គឺមានជារៀងរាល់ឆ្នាំ ប៉ុន្តែក៏មិនអាចបំពេញសេចក្ដីត្រូវការប្រជាពលរដ្ឋបានទាំងអស់បានដែរ ដូច្នេះក្រុមការងាររបស់យើង បានចូលរួមចំណែករួមគ្នាជួយដោះស្រាយ ពិសេសរាល់សេចក្ដីត្រូវការដែលមានអាទិភាព សម្រាប់បម្រើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ពាក់ព័ន្ធនឹងសមិទ្ធផល ដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការសិក្សារៀនសូត្រ ឬការបណ្ដុះបណ្ដាលធនធានមនុស្សនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេស៕ រក្សាសិទ្ធិដោយ៖មួង សុវណ្ណារិទ្ធ

×