ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងកម្ពុជានិងថៃ ត្រូវបានពង្រីក នឹងពង្រឹង ខណៈពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ១៩

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃដែលបញ្ចប់បេសកកម្មការងារនៅក្នុងប្រទេសកម្ពុជា ចូលជួបជម្រាបលា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព។

នៅក្នុងជំនួប ឯកអគ្គរាជទូតថៃបានគោរពសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូនឯកឧត្តម និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេ គឺស្ថានទូតទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជាលើឆាកអន្តរជាតិ។

ឯកឧត្តម ពុលថាប់ បានជំរាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ពេលឯកឧត្តមទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ឯកឧត្តមបានប្ដេជ្ញាជូនសម្ដេចថា និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះ ឯកឧត្តមសូមគោរពជម្រាបជូនសម្ដេចតេជោ ផងដែរថា ឯកឧត្តមបានសម្រេចតាមការប្ដេជ្ញាហើយ។ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រីក នឹងពង្រឹង ខណៈពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង ១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ19 ក៏ដោយ វិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ពុលថាប់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូតនាំឲ្យប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនងនឹងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។

សម្ដេចតេជោ បានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ១៩ ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជាថ្មីម្ដងទៀតជូនចំពោះឯកឧត្តម ពុលថាប់ និងជូនពរ ឯកឧត្តម ទទួលបានជោគជ័យ ក្នុងបេសកកម្មនាពេលអនាគតបន្តទៅទៀត ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម