រដ្ឋធានីមូស្គូ៖ ជាមួយនឹងប្រតិកម្មប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់បណ្ដាប្រទេសបស្ចិមលោក ប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នោះ ក្រុមហ៊ុនឧស្ម័នយក្ស Gazprom គ្រប់គ្រងដោយរដ្ឋរុស្ស៊ី បានអះអាង អំពីការមិនអាចចាប់ផ្ដើមបង្ហូរហ្គាសឡើងវិញ ទៅកាន់តំបន់អឺរ៉ុប ក្រោមហេតុផល ពីការរកឃើញមានកំហុសឆ្គង នៅក្នុងបំពង់បង្ហូរឧស្ម័ន Nord Stream 1 នាអំឡុងពេលមើលថែទាំ និង ជួសជុល។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចុងសប្ដាហ៍មុន ថា ក្រុមហ៊ុនថាមពលយក្ស Gazprom គ្រប់គ្រង ដោយរដ្ឋរុស្ស៊ី បានពន្យារពេល រហូតដល់ការផុតកំណត់ត្រឹមថ្ងៃសៅរ៍ ដើម្បីស្តារលំហូរឧស្ម័ន តាមបណ្ដាញផ្គត់ផ្គង់ឧស្ម័នដ៏សំខាន់ ទៅកាន់តំបន់អឺរ៉ុប។ ក្រុមហ៊ុន បានលើកឡើង អំពីការលេចធ្លាយឧស្ម័ន តាមបំពង់បង្ហូរឧស្ម័ន Nord Stream 1 ខណៈរកឃើញ នៅក្នុងអំឡុងពេលថែទាំ។
Gazprom កាលពីថ្ងៃទី៣១ ខែសីហា កន្លងនោះ បានសម្រេចបិទបំពង់បង្ហូរឧស្ម័ន តាមអ្វីដែលក្រុមហ៊ុន បានអះអាង អំពីការថែទាំបំពង់បង្ហូរឧស្ម័ន រយៈពេល៣ថ្ងៃ។ ក្រុមហ៊ុន បានបញ្ជាក់ នៅក្នុងការបង្ហោះតាមបណ្ដាញសង្គម កាលពីល្ងាច ថ្ងៃទី២ ខែកញ្ញា ថា Gazprom បានកំណត់រួចហើយ លើចំណុចដំណើរការខុសប្រក្រតី នៃទួរប៊ីន។
ក្រុមហ៊ុន Gazprom បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា «ការបញ្ជូនឧស្ម័ន តាមបំពង់ Nord Stream ត្រូវបិទទាំងស្រុង រហូតទាល់តែកំហុសឆ្គង នៃប្រតិបត្តិការ នៅតាមបំពង់បង្ហូរឧស្ម័នេះ ត្រូវបានកែលម្អរួចរាល់។ ប៉ុន្ដែក្រុមហ៊ុន មិនបានផ្តល់ អំពីតារាងពេលវេលាថ្មីសម្រាប់ដំណើរបង្ហូរឧស្ម័នបន្ត នៅពេលណានោះឡើយ។
ការបិទបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី បានធ្វើឱ្យមានការលំបាក ដល់តំបន់អឺរ៉ុប នៅក្នុងការធានាដល់ការផ្គត់ផ្គង់ថាមពលឲ្យគ្រប់គ្រាន់ សម្រាប់រដូវត្រជាក់ ដែលនឹងខិតជិតមកដល់ នាពេលខាងមុខ ខណៈ Nord Stream 1 ត្រូវការផ្តល់នូវការផ្គត់ផ្គង់ច្រើនដល់ប្រទេសអាល្លឺម៉ង់ និងបណ្ដាប្រទេសជាច្រើន នៅតំបន់អឺរ៉ុប។

ក្រុងមូស្គូ បានស្តីបន្ទោសទៅលើការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី ទៅលើប្រទែសអ៊ុយក្រែន រហូតនាំឲ្យមានការបង្អាក់ដល់ការថែទាំជាប្រចាំ ទៅលើបំពង់បង្ហូរឧស្ម័ន។ ប៉ុន្តែក្រុមមន្ត្រីសហភាពអឺរ៉ុបមួយចំនួន បានចោទប្រកាន់ទៅលើរុស្ស៊ី ថា ក្រុងមូស្គូ កំពុងតែប្រើប្រាស់ថាមពលទាំង សម្រាប់ធ្វើជាអាវុធ វាយបកទៅលើប្លុកសេរីមួយនេះ។
លោក មីខែល រ៉ុត (Michael Roth) ប្រធានគណៈកម្មាធិការកិច្ចការបរទេសសភាអាល្លឺម៉ង់ បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «ការបិទបំពង់បង្ហូរឧស្ម័ននេះ ក៏ជាសង្គ្រាមចិត្តសាស្រ្ដ ប្រឆាំងនឹងពួកយើង»។
ចាប់តាំងពីខែសីហា ឆ្នាំ២០២១មក តម្លៃហ្គាសលក់ដុំ បានកើនឡើង រហូតដល់៤០០ភាគរយ ហើយវាបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្ម នៅអឺរ៉ុប និង អ្នកប្រើប្រាស់ ប្រឈមនឹងការលំបាក ខណៈតម្រូវការកើនឡើង ក្រោយការលុបចោលនូវការបិទខ្ទប់ពីជំងឺរាតត្បាត និង ផលប៉ះពាល់កាន់តែអាក្រក់ទៅៗ ចាប់តាំងពីរុស្ស៊ីបានឈ្លានពាន ទៅលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក៕ រក្សាសិទ្ធិដោយ ៖ សារាយSN




















