ភ្នំពេញៈ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអនុញ្ញាតឱ្យប្រតិភូក្រុមប្រឹក្សាទឹកនៃសភាអាស៊ី ដឹកនាំដោយ ឯកឧត្តម Yongdeok Cho អគ្គលេខាធិការក្រុមប្រឹក្សាទឹកអាស៊ី (Asian Water Council-AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នៅព្រះរាជាណាចក្រកម្ពុជានាឆ្នាំ២០២៣ខាងមុខនេះ កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានសម្តែងសូមស្វាគមន៍ចំពោះប្រតិភូក្រុមប្រឹក្សាទឹកអាស៊ី ក្នុងដំណើរទស្សនកិច្ចការងារមកកាន់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសរដ្ឋសភាជាតិនាពេលនេះ។ លោកជំទាវបានមានប្រសាសន៍លើកឡើងអំពី សារៈសំខាន់នៃទឹកដែលជាងតម្រូវការបឋមយ៉ាងចាំបាច់បំផុតរបស់មនុស្ស។ ទឹកជាធាតុផ្សំដ៏សំខាន់បំផុតសម្រាប់គ្រប់ផលិតកម្ម ប្រកបដោយចីរភាព ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀង និងជាប្រភពចម្បងនៃជីវភាពរបស់ប្រជាជនទូទាំងសកលលោក។ លោកជំទាវបានគូសបញ្ជាក់ថា សន្តិសុខទឹកមានសារៈសំខាន់ ហើយមានភាពពាក់ព័ន្ធទៅនឹងវិស័យច្រើនរួមគ្នាក្នុងការគ្រប់គ្រងទឹក ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា បរិស្ថាន សង្គម និងនយោបាយជាដើម។ ជាងនេះទៅទៀត ការគ្រប់គ្រងនិងត្រួតពិនិត្យលើបរិមាណ និងគុណភាពទឹក មានកិច្ចការងារ និងអ្នកជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធទឹក អន្តរាគមន៍ និង កិច្ចការពារផ្សេងៗ សំដៅរក្សាចីរភាពប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន ព្រមទាំងរក្សាសេវាសម្រាប់តម្រូវផ្គត់ផ្គង់ដល់មនុស្ស និងសេដ្ឋកិច្ច ។
សូមជម្រាបជូនថា ក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (ASIA NATIONAL ASSEMBLY WATER CONSULTATIVE BOARD) ដែលហៅកាត់ថា “AAWC” ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកសភា មកពីបណ្ដាប្រទេសអាស៊ី ក្នុងការដោះស្រាយបញ្ហាទឹក តាមរយៈការចែករំលែកច្បាប់ និងសកម្មភាពនីតិបញ្ញត្តិទាក់ទងនឹងទឹក។ ក្រុមប្រឹក្សានេះបង្កើតឡើងស្របតាមគោលបំណងរបស់ក្រុមប្រឹក្សាទឹកអាស៊ី (Asia Water Council – AWC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ដើម្បីសម្រេចបាននូវកំណើនប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីប្រកបទឹកស្អាតអនាម័យ ឆ្លាតវៃ ដោយការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃចំពោះការប្រើប្រាស់ទឹកគ្រប់ប្រភេទ តាមរយៈផ្តល់ការគាំទ្រផ្នែកនីតិបញ្ញត្តិ និងស្ថាប័ន ដើម្បីអនុវត្តដំណោះស្រាយបច្ចេកទេសនៅក្នុងតំបន់គោលដៅ។

ថ្លែងក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម Yongdeok Cho បានថ្លែងអំណរគុណជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មាមាញឹកជួបប្រតិភូក្រុមប្រឹក្សាទឺកអាស៊ីនាពេលនេះ។ ឯកឧត្តមបានរំលឹកអំពីដំណើរទស្សនកិច្ចរបស់ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទៅសាធារណរដ្ឋកូរ៉េ កាលពីខែមេសា ឆ្នាំ២០២២ នេះ ដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។
នាដំណើរទស្សនកិច្ចនាពេលនោះ ឯកឧត្តម Byun Jaeill ប្រធានក្រុមមិត្តភាពកូរ៉េ-កម្ពុជា និងជាប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានថ្លែងអំណរគុណចំពោះសភាកម្ពុជាដែលបានចាត់តាំង ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាកម្ពុជាចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ី លើកទី៤ នៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ១៥-១៦ ខែមីនា ឆ្នាំ២០២២ និងបានសម្តែងនូវការរីករាយដែលកម្ពុជាបានឯកភាពរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាទឹកនៃសភាអាស៊ីលើកទី៥ នាឆ្នាំ២០២៣ ខាងមុខ។
គូសបញ្ជាក់ដែរថា កិច្ចប្រជុំលើកទី៤ របស់ AAWC ក៏បានអនុម័តលើគម្រោងមួយ ក្រោមកម្មវិធីសុខុមាលភាពទឹកស្អាត AAWC នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ គម្រោងនេះមានថវិកាចំនួន 998 លានវ៉ុនកូរ៉េ (ប្រហែល 748,945 ដុល្លារអាមេរិក) ក្នុងគោលបំណងបង្កើតផែនការមេសម្រាប់សន្តិសុខទឹកក្នុងស្រុកគងពិសី ដោយមានក្រសួងឧតុនិយម និងធនធានទឹក ជាភ្នាក់ងារអនុវត្តគម្រោង៕ ដោយៈចេស្តារ






