ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយ បានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥កញ្ញា គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំ ដោយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយឯកឧត្តមជិន ស៊ីថាញ់ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការបក្សទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀត ណាមក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់ឯ.ឧឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញនៅរដ្ឋធានីហាណូយ។

ឯកឧត្តមជិន ស៊ីថាញ់ បានស្វាគមន៍ចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូទីក្រុងភ្នំពេញ ដែលដំណើរទស្សនៈកិច្ចនេះចំពេលខួបគម្រប់៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា។ ឯកឧត្តមអភិបាលទីក្រុងហាណូយ ក៏បានជម្រាបជូនឯកឧត្តមឃួង ស្រេង និងប្រតិភូពីការបើកដំណើរការទីក្រុងហាណូយ ឡើងវិញ នៅដំណាក់កាល៩ខែចុងក្រោយ ក្រោយពីបិទខ្ទប់ទាំងស្រុងនាពេលការរីករាលដាលជំងឺកូវីដ.១៩ នាពេលកន្លងទៅដែលបានធ្វើឱ្យទីក្រុងមានសកម្មភាពជាប្រក្រតីឡើងវិញ និងរីកចំរើនលើផ្នែកសេដ្ឋកិច្ចសង្គម។

ឯកឧត្តមជិន ស៊ី ថាញ់ បានលើកឡើងពីការដាក់ចេញនូវផែនការអភិវឌ្ឍន៍ទីក្រុងហាណូយពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៤៥ឲ្យក្លាយជាទីក្រុងវៃឆ្លាត(Smart city) ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន និងយកចិត្តទុកដាក់ដោះស្រាយ បញ្ហាប្រឈមដូចនៅរាជធានីភ្នំពេញដែរ នៅពេលទីក្រុងរីកចម្រើនតែងជួបបញ្ហាប្រឈម មានដូចជា ៖ កកស្ទះចរាចរណ៍, បញ្ហាកាកសំណល់, ទឹកកខ្វក់, និងទឹកលិចដោយ សារជំនន់ទឹកភ្លៀងផងដែរ។ ជាមួយគ្នានេះ រដ្ឋធានីហាណួយ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងរដ្ឋ, ប្រជាជន និងប្រជាជននៃទីក្រុងទាំង២ ហាណូយ.ភ្នំពេញឲ្យកាន់តែរឹងមាំថែមទៀត។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងហាណូយ បានឯកភាពគ្នា ទៅលើការបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាវិស័យ៖អប់រំ,ទេសចរណ៌ ,វប្បធម៌, សុខាភិបាល, សេដ្ឋកិច្ច ពាណិជ្ជកម្មជាដើម និងឯកភាពលើការបន្តផ្លាស់ប្តូរគណៈប្រតិភូរវាងទីក្រុងទាំង២ឲ្យបានញឹកញ៉ាប់តាមដែលអាចធ្វើ បាន។ ឯកឧត្តមឃួង ស្រេង បានថ្លែងអំណរគុណដល់ប្រជាជន និងថ្នាក់ដឹកនាំទីក្រុងហាណូយដែលបានជួយដល់រាជធានីភ្នំពេញទាំងទឹកចិត្ត,ថវិកា និងសម្ភារៈជាបន្តបន្ទាប់ក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងនាមទីក្រុងសម្ព័ន្ធភាពក្រោម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

ឯកឧត្តមបានជំរុញឲ្យមានការផ្សព្វផ្សាយពីច្បាប់វិនិយោគ នៃប្រទេសទាំង២ ទៅដល់អ្នកវិនិយោគនៃទីក្រុងទាំង២ ឲ្យបានយល់កាន់តែច្បាស់ងាយស្រួល ក្នុងការដាក់ទុនវិនិយោគ និងពង្រឹងការទប់ស្កាត់អំពើល្មើសច្បាប់នានា សំរាប់ទីក្រុងទាំង២ផងដែរ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានអញ្ជើញប្រតិភូទីក្រុងហាណូយមកបំពេញ ទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអភិវឌ្ឍន៍ទីក្រុង និងស្របពេលនៃខួបលើកទី១៨ឆ្នាំ នៃការចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងទីក្រុងហាណូយផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម