អាមេរិក ៖ បើនិយាយអំពីការជំរុញរបស់ អ៊ុយក្រែន ថា រុស្ស៊ី ជារដ្ឋភេរវកម្ម ហើយសូមឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គាំទ្រនោះ ត្រូវបានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និយាយកាលពីថ្ងៃចន្ទសប្ដាហ៍នេះថា រុស្ស៊ី មិនគួរត្រូវបានចាត់ទុកជា «រដ្ឋគាំទ្រភេរវកម្ម» ឡើយ ។
ការជំរុញរបស់អ៊ុយក្រែន ទៅឲ្យសហរដ្ឋអាមេរិក ចាត់ទុក រុស្ស៊ី ជារដ្ឋភេរវកម្មនោះ ក៏ត្រូវបានទីក្រុងម៉ូស្គូ ព្រមានថា ការធ្វើបែបនេះអាចនឹងកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅមុននេះ រដ្ឋាភិបាលលោកប្រធានាធិបតី ហ្សេលេនស្គី បានជំរុញដល់អន្តរជាតិប្រកាសចាត់ទុករុស្ស៉ីជា «រដ្ឋគាំទ្រភេរវកម្ម» ដើម្បីជាការថ្កោលទោសលើរុស្ស៉ី ដែលឈ្លានពានមកលើអ៊ុយក្រែន។ ចំណែកឯ សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ជឿជាក់អាចគាំទ្រក្នុងព្រឹទ្ធសភាអាមេរិក លើការកំណត់ថា រុស្ស៉ីជារដ្ឋគាំទ្រភេរវកម្ម។
បច្ចុប្បន្ន សមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួនទាំងមកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បាននិងកំពុងជំរុញឱ្យមានការអនុម័តលើ សេចក្តីព្រាងច្បាប់មួយ ដែលនឹងកំណត់ដាក់រុស្ស៊ី ទៅក្នុងចំណោមរដ្ឋគាំទ្រភេរវកម្ម ដូចជា «អ៊ីរ៉ង់ ស៊ីរី និងកូរ៉េខាងជើង» ជាដើម។
ទោះជាយ៉ាងណា នៅពេលសួរថា តើរុស្ស៊ីគួរត្រូវបានចាត់ទុកជា «រដ្ឋគាំទ្រភេរវកកម្ម» ដែរឬក៏យ៉ាងណា? ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានថា រុស្ស៊ី មិនគួរត្រូវបានចាត់ទុកជារដ្ឋគាំទ្រភេរវកម្មឡើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN














