Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី ឆ្លើយតបទៅ អាមេរិក និងសហភាពអឺរ៉ុបថា គ្មានថ្ងៃផ្គត់ផ្គង់ឧស្ម័ននោះទេ ប្រសិនបើពួកអ្នកឯងមិនដកទណ្ឌកម្មវិញ

រុស្ស៊ី ៖ ជាការឆ្លើយតបទៅសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប វិមានក្រឹមឡាំង បានព្រមានកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ីទៅកាន់តំបន់អឺរ៉ុប នឹងមិនបន្តឡើងវិញឡើយ រហូតទាល់តែទណ្ឌកម្មប្រឆាំងមកលើទីក្រុងមូស្គូ ត្រូវបានដកចេញទៅវិញ ដើម្បីឲ្យមានសមភាពនយោបាយសេដ្ឋកិច្ច។

បើតាមការចេញផ្សាយរបស់ សារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២២ បានបង្ហាញថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peksov) បានលើកឡើងថា បញ្ហានៃការផ្អាកការផ្គត់ផ្គង់ឧស្ម័នទៅកាន់តំបន់អឺរ៉ុបកន្លងមកនេះ គឺកើតមានឡើងដោយសារតែ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងនោះមានអាល្លឺម៉ង់ផងដែរ រួមគ្នាដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរបស់យើង ព្រមទាំងក្រុមហ៊ុនជាច្រើនដែលមានប្រភពដើមរបស់រុស្ស៊ី។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានសង្កត់ធ្ងន់ថា វាពុំមានហេតុផលណាផ្សេងដែលអាចបង្កជាបញ្ហាក្នុងការផ្អាកការផ្គត់ផ្គង់ឧស្ម័ននេះឡើងនោះទេ ក្រៅតែអំពីពួកគេព្រួតគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ច នយោបាយ ការទូត មកលើរុស្ស៊ី។ ទណ្ឌកម្មដែលបានដាក់ដោយក្រុមលោកខាងលិចទាំងនោះ គឺជាមូលហេតុតែមួយគត់ ដែលនាំឱ្យស្ថានការណ៍វិវត្តដល់ចំណុច ដែលរុស្ស៊ីត្រូវឆ្លើយតបវិញ។

អ្នករាល់គ្នាបានឃើញស្រាប់ហើយ តើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានធ្វើអ្វីខ្លះមកលើប្រទេសរុស្ស៊ី?! ហើយថា សារព្រមានរបស់វិមានក្រឹមឡាំងនេះ ធ្វើឡើងចំគ្រាដែលវិបត្តិថាមពលនៅទូទាំងតំបន់អឺរ៉ុប កំពុងកាន់តែធ្ងន់ធ្ងរទៅ បន្ទាប់ពីក្រុមហ៊ុនឧស្ម័នរ Gazprom របស់រុស្ស៊ី បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុនបានបិទជួលជុលម៉ាស៉ីនទួរប៊ីនបំពង់ឧស្ម័ន Nord Stream 1 ដែលពីដំបូងឡើយ គ្រោងប្រើពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ តែពេលនេះ ត្រូវអូសបន្លាយដោយមិនមានពេលកំណត់ទៅវិញ។

សូមបញ្ជាក់ថា បំពង់ឧស្ម័ន Nord Stream 1 ដែលបានធ្វើប្រតិបត្តិការតាំងតែពីឆ្នាំ២០១១មកនោះ គឺជាបំពង់ឧស្ម័នធំបំផុតតែមួយគត់ ដែលនាំយកឧស្ម័ន ពីប្រទេសរុស្ស៉ី ទៅកាន់តំបន់ភាគខាងលិចអឺរ៉ុប ហើយស្ទើរតែទូទាំងបណ្ដាប្រទេសអឺរ៉ុបទៅហើយ ត្រូវការវាដើម្បីប្រើប្រាស់ការងារ និងជីវភាពប្រចាំថ្ងៃ។។

ពាក់ព័ន្ធនឹងការបិទបំពង់ឧស្ម័ននេះ សហភាពអឺរ៉ុបបានចោទប្រកាន់ជាដដែលៗថា ទីក្រុងមូស្គូមានចេតនាបង្កភាពរាំងស្ទះ និងកាត់បន្ថយលំហូរឧស្ម័នដើម្បីសងសឹកការដាក់ទណ្ឌកម្ម ក៏ដូចជាការគាំទ្ររបស់លោកខាងលិចទៅលើអ៊ុយក្រែន។

ចំណែកសហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៉ី ថា ប្រើប្រាស់ថាមពលជាអាវុធតបតទៅនឹងស្ថានការណ៍នយោបាយបច្ខុប្បន្ន, ប៉ុន្តែបានបង្ហាញការជឿជាក់ថា អឺរ៉ុបនឹងមានឧស្ម័នគ្រប់គ្រាន់ ដើម្បីឆ្លងកាត់រដូវរងាឆ្នាំនេះ។ ទោះជាយ៉ាងណា ក្នុងលក្ខខណ្ឌរយៈពេលខ្លីនេះ សហភាពអឺរ៉ុប នឹងមិនអាចអត់ឧស្ម័នហ្គាសបានឡើយ ហើយប្រភពនាំចូលធំជាងគេ មានតែរុស្ស៊ីប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×