រាជធានីឡុងដ៍៖ ក្រោយពេលឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដីរបស់ចក្រភពអង់គ្លេស ភ្លាម លោកស្រី លីស ត្រាស់ បានថ្លែងទៅកាន់ប្រជាជាតិ ជាង៦៧លាននាក់ ជាលើកដំបូង អំពីអាទិភាពជាចម្បង ចំនួន៣ នៅក្នុងការដោះស្រាយបញ្ហាព្យុះវិបត្ដិសេដ្ឋកិច្ច នៅក្នុងប្រទេសមហាអំណាចបស្ចិមលោកមួយនេះ។
សារព័ត៌មាន The Business Times បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៦ ខែកញ្ញា ថា លោកស្រី លីស ត្រាស់ (Liz Truss) កាលពីថ្ងៃអង្គារ បានបង្ហាញ ពីមន្រ្ដីកំពូលៗថ្មី នៅក្នុងគណៈរដ្ឋមន្រ្ដីរបស់លោកស្រី ខណៈចូលកាន់តំណែងជាផ្លូវការ បន្ដពីលោក បូរីស ចនសុន (Boris Johnson) លែលបានប្រកាសលាលែង ពីតំណែងជានាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស កាលពី២ខែកន្លងទៅនេះ។ ប៉ុន្ដែនេះជាលើកដំបូងបំផុត ដែលបុរសស្បែកស មិនត្រូវបានតែងតាំង នៅក្នុងមុខតំណែងជារដ្ឋមន្រ្ដីសំខាន់បំផុតចំនួន៤ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី។
លោកស្រី លីស ត្រាស់ បានថ្លែងសុន្ទរកថា ជាលើកដំបូងរបស់លោកស្រី នៅក្នុងឋានៈជានាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ថា លោកស្រី បានសន្យានឹងចាត់វិធានការភ្លាមៗ ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជា ការកើនឡើងតម្លៃថាមពល ការធ្លាក់ចុះសេដ្ឋកិច្ច និង ជម្លោះឧស្សាហកម្ម។

អតីតរដ្ឋមន្រ្ដីក្រសួងការបរទេស វ័យ៤៧ឆ្នាំ នៅក្នុងគណៈរដ្ឋមន្រ្ដីរបស់លោក ចនសុន រូបនេះ បានបញ្ជាក់ នៅខាងក្រៅវិមានរដ្ឋាភិបាលដោនីងស្ទ្រីត (Downing Street) និង ជាការិយាល័យថ្មីរបស់លោកស្រី នៅក្នុងរាជធានីឡុងដ៍ កាលពីថ្ងៃអង្គារ ថា «ខ្ញុំជឿជាក់ថា យើងទាំងអស់គ្នា អាចដោះស្រាយបញ្ហាវិបត្ដិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនេះបាន។ យើងក៏អាចកសាងសេដ្ឋកិច្ចរបស់ប្រទេសយើងឡើងវិញ ហើយយើងអាចធ្វើឲ្យចក្រភពអង់គ្លេស មានពន្លឺត្រចះត្រចង់ ដោយខ្ញុំដឹង អំពីវិធីសាស្រ្ដ ដែលយើងអាចធ្វើបាន»។
លោកស្រីនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា លោកស្រី មានអាទិភាពចំនួន៣ សម្រាប់ការដោះស្រាយព្យុះវិបត្ដិសេដ្ឋកិច្ចនេះ រួមមាន រួមមាន ទី១-ការកាត់បន្ថយពន្ធ ដើម្បីបង្កើននូវសេដ្ឋកិច្ច, ទី២-ជួយដល់តម្លៃថាមពល ដែលកំពុងតែកើនឡើង និង ទី៣-រៀបចំសេវាសុខាភិបាលជាតិ គ្រប់គ្រងដោយរដ្ឋ។
លោកស្រី នាយករដ្ឋមន្រ្ដី បានឡើង កាន់អំណាច ចំពេលមានវិបត្ដិសេដ្ឋកិច្ច ជាមួយនឹងអតិផរណាឌីជីថល កើនឡើងទ្វេដង ខណៈធនាគារកណ្តាលរបស់អង់គ្លេស ក៏បានព្រមាន អំពីការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងយូរ នៅចុងឆ្នាំនេះ។ ការធ្វើអត្ថាធិប្បាយ លើបញ្ហាប្រឈមខាងមុខ លោក ស្រី Truss ក៏បានលើកឡើង អំពីផលវិបាក នៃការរាតត្បាត ពីជំងឺកូវីដ-១៩ ក៏ដូចជា សង្រ្គាមកំពុងតែបន្ត នៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រី នាយករដ្ឋមន្រ្ដី បានថ្លែង ក្រោយពេលចូលគាល់ព្រះមហាក្សត្រិយានី អេលីហ្សាបែត ទី២ ( Elizabeth II) នៅក្នុងរាជពិធី ដែលកំណត់ តាមប្រពៃណីរាប់សតវត្សកន្លងមកហើយរបស់ប្រទេសមហាអំណាចមួយនេះ ដោយព្រះអង្គបានស្នើដល់លោកស្រី ឲ្យបង្កើតរដ្ឋាភិបាលថ្មី នៅថ្ងៃពុធ ទី៧ ខែកញ្ញា ។ ព្រះមហាក្សត្រិយានី បានតែងតាំងលោកស្រី ជានាយករដ្ឋមន្រ្ដីថ្មីរបស់ចក្រភពអង់គ្លេស ពោលគឺរយៈពេល១ថ្ងៃ ក្រោយគណបក្សអភិរក្ស ដែលកំពុងគ្រប់គ្រង បានប្រកាសថា លោកស្រី លីស ត្រាស់ ត្រូវបានជ្រើសរើសជាមេដឹកនាំរបស់បក្សនេះ។
លោក បូរីស ចនសុន (Boris Johnson) កាលពី២ខែមុននេះ បានប្រកាស អំពីការលាលែង ចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់គាត់ ក្រោយការផ្ទុះរឿងអាស្រូវ ជាបន្ដបន្ទាប់។ ដោយឡែក លោកស្រី លីស ត្រាស់ បានប្រកាស នៅក្នុងសុន្ទរកថារបស់លោកស្រី ដោយបានតែងតាំងសម្ពន្ធមិត្តដ៏ជិតស្និទ្ធ សម្រាប់ការកាន់ការងារកំពូលៗ រួមមាន លោក ខ្វាស៊ី ខ្វាថែង (Kwasi Kwarteng) ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ, លោកស្រី ថែរ៉េស កូហ្វេ (Therese Coffey ជាឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីសុខាភិបាល ហើយលោក ចែមស៍ ក្លេវើលី (James Cleverly) ជារដ្ឋមន្ត្រីការបរទេស។ នេះជាលើកដំបូង នៅក្នុងគណៈរដ្ឋមន្រ្ដីរបស់លោកស្រី មិនបានតែងតាំងបុរសស្បែកស ឲ្យកាន់តំណែង ជារដ្ឋមន្ត្រីដ៏សំខាន់បំផុត ចំនួន៤ នៅក្នុងចក្រភពអង់គ្លេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN

















