Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចក្រឡាហោម ស ខេង ÷ រាល់បណ្ដឹងប្រជាពលរដ្ឋ ចេញពីប្រភពណាក៏ដោយ កម្លាំងនគរបាលជាតិត្រូវដោះស្រាយ

ភ្នំពេញ ៖ ដោយព្រួយខ្លាចក្រែងកម្លាំងនគរបាលជាតិមួយចំនួន មិនយកចិត្តទុកដាក់ទៅលើបណ្ដឹងផ្ទាល់មាត់ ឬបណ្ដឹងតាមលិខិតផ្សេងៗ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំក្រើនរំលឹកឲ្យមន្ដ្រីមានសមត្ថកិច្ចទាំងអស់ នៅពេលទទួលបានបណ្ដឹង សំណើ សំណូមពរ ពីប្រជាពលរដ្ឋហើយ ត្រូវយកចិត្តទុកដាក់អនុវត្ត ទប់ស្កាត់ និងបង្ក្រាប មិនត្រូវទុកឲ្យពេលវេលាកើតជាបញ្ហាហើយទើបអន្តរាគមន៍ដោះស្រាយនោះទេ ពោលគឺ មិនត្រូវទុកឲ្យបញ្ហាបង្កទៅជាអសន្តិសុខ រហូតមានជនរងគ្រោះរបួសស្នាម រីឯជនល្មើសគេចខ្លួនទៅបាត់ ទើបនាំគ្នាចេញទៅអន្តរាគមន៍នោះឡើយ។

ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងថ្មីរបស់មន្ត្រីនគរបាលជាន់ខ្ពស់ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា រាល់បណ្ដឹង សំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ឬសាធារណៈមតិ គឺជាកញ្ចក់ដ៏ភ្លឺថ្លាសម្រាប់មន្រ្តីឆ្លុះមើលបញ្ហា ដើម្បីកែលម្អ ដូច្នេះ កម្លាំងសមត្ថកិច្ច ត្រូវប្រមូលបញ្ហាទាំងអស់ពិនិត្យមើល ដើម្បីដឹងថា ករណីនោះ ពិត ឬមិនពិត និងមានវិធានការដោះស្រាយបន្ទាន់។

ប្រសិនបើរកឃើញករណីណាមួយមិនមែនជារឿងពិត មន្រ្តីសមត្ថកិច្ចអាចបោះបង់ចោល ឬបំភ្លឺថា ករណីបណ្ដឹងរបស់ប្រជាពលរដ្ឋក្នុងកម្មវត្ថុនេះ ឬកម្មវត្ថុនោះ វាមិនមែនជាការពិតនោះទេ, ប៉ុន្តែប្រសិនបើករណីនោះ គឺជាការពិត មន្រ្តីមានសមត្ថកិច្ចត្រូវខិតខំដោះស្រាយឲ្យអស់ពីលទ្ធភាព មិនត្រូវកប់ទុកបញ្ហាចោលឡើយ ពោលគឺ ត្រូវយកចិត្តទុកដាក់ចំពោះបណ្ដឹងរបស់ប្រជាពលរដ្ឋ។

ទាក់ទងនឹងសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់ និងក្ដីកង្វល់នានារបស់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទោះមានប្រភពចេញពីប្រជាពលរដ្ឋផ្ទាល់ ឬចេញពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដឹងតាមច្រកណាក៏ដោយ កម្លាំងនគរបាលថ្នាក់មូលដ្ឋាន អគ្គស្នងការ អគ្គាធិការ និងរដ្ឋលេខាធិការ ទទួលបន្ទុក សូមបង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឲ្យបានលឿន រហ័ស និងប្រកបដោយប្រសិទ្ធភាព ដ្បិតមានបណ្ដឹង សំណើ សំណូមពរ ជាច្រើនទៀត នៅមិនទាន់បានដោះស្រាយចប់។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ក្រសួងមហាផ្ទៃ បានទទួលបណ្ដឹងចំនួន ១១៧ករណី ដូច្នេះរាល់កិច្ចប្រតិបត្តិការត្រូវតែប្រកាន់យកគោលការណ៍សំខាន់ៗ ៣ គឺសង្គ្រោះជនរងគ្រោះ, បង្ក្រាបទីតាំងខុសច្បាប់ និងផ្ដន្ទាទោសជនល្មើស ព្រោះបញ្ហាជួញដូរមនុស្សជាបញ្ហាដែលអន្តរជាតិយកចិត្តទុកដាក់ អ៊ីចឹងហើយកម្ពុជាក៏ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×