រាជធានីឡុងដ៍៖ ស្ដេចស្រីសោយរាជ្យយូរជាងគេបំផុត នៅលើពិភពលោក បានយាងចូលទិវង្គត នៅក្នុងព្រះជន្ម៩៦ព្រះវស្សា ហើយការប្រកាសដំណឹងពីព្រះរាជវាំងបាក់ឃីងហាម (Buckingham) នេះ បានធ្វើឲ្យពិភពលោក មានការរន្ធត់ចិត្ដយ៉ាងខ្លាំង។
សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC ក៏ដូចជា សារព័ត៌មានល្បីៗ នៅជុំវិញពិភពលោក បានផ្សាយជាបន្ដបន្ទាប់ កាលពីរាត្រី ថ្ងៃទី៨ ខែកញ្ញា ថា ព្រះរាជវាំង Buckingham បានប្រកាសថា ព្រះមហាក្សត្រិយានី អេលីហ្សាប៊ែតទី២ (Elizabeth II) របស់ប្រទេសអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា។ ព្រះមហាក្សត្រិយានី Elizabeth II ជាស្ដេចស្រីរបស់ចក្រភពអង់គ្លេស ហើយព្រះអង្គ ក៏បានគ្រងរាជ្យ នៅលើរាជបុរី ប្រមាណជា១៤ រាជបុរីផ្សេងទៀត នៅលើពិភពលោក រួមមាន កាណាដា អូស្រ្ដាលី ញូវហ្សេឡែនដ៍ …ជាដើម។
ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី ក៏ជាកាបញ្ចប់នូវក្នុងរជ្ជកាលសោយរាជ្យដ៏យូរបំផុត នៅក្នុងប្រវត្ដិសាស្រ្ដរបស់ចក្រភពអង់គ្លេស។ ព្រះអង្គក៏ជាព្រះប្រមុខរដ្ឋ មានព្រះជន្មច្រើនជាងគេបំផុត នៅលើពិភពលោកផងដែរ។

ព្រះរាជប្រវត្តិជាផ្លូវការរបស់ទ្រង់ បានឱ្យដឹងថា ព្រះមហាក្សត្រិយានី Elizabeth II ទ្រង់ប្រសូត្រ នៅថ្ងៃទី២១ ខែមេសា ឆ្នំា១៩២៦ ហើយបានយាងចូលទិវង្គត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នំា២០២២ នៅក្នុងមានព្រះជន្មាយុ៩៦ព្រះវស្សា។ ព្រះមហាក្សត្រិយានី បានទ្រង់រាជាភិសេក នៅខែវិច្ឆិកា ឆ្នំា១៩៤៧ ជាមួយនឹងព្រះអង្គម្ចាស់ ហ្វីលីព ម៉ោនបាតធិន (Philip Mountbatten)។ នៅក្នុងកិច្ចព្រះរាជអាវាហមង្គលជាមួយនឹងព្រះអង្គម្ចាស់ Philip Mountbatten នោះ ព្រះមហាក្សត្រិយានី Elizabeth II មានព្រះរាជបុត្រា ព្រះរាជបុត្រី ចំនួន៤ព្រះអង្គ។ ដោយព្រះអង្គម្ចាស់ Philip Mountbatten បានសោយទិវង្គត នៅក្នុងព្រះជន្ម៧៣ នាខែមេសាឆ្នំា ២០២១។
ព្រះមហាក្សត្រិយានី Elizabeth II បានឡើងគ្រងព្រះសិរីរាជសម្បតិ្ត នៅក្នុងព្រះជន្ម២៥ព្រះវស្សា ដោយបានគ្រងព្រះសិរីរាជសម្បត្តិ រយៈពេលរហូត៧០ឆ្នំា ហើយក្លាយជាព្រះមហាក្សត្រិយានី សោយរាជ្យបានយូរជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្ត នៃចក្រភពអង់គ្លេស និង នៅពិភពលោក។
ចាប់តំាងពីឆ្នំា១៩៥២ រហូតដល់សោយទិវង្គត គឺព្រះមហាក្សត្រិយានី Elizabeth II ទ្រង់ជួបព្រះសវនាការជាមួយនឹងសម្តេចប៉ាប នៃព្រះសាសនា ចំនួន៧អង្គ។ ក្រៅពីនេះ ព្រះមហាក្សត្រិយានី បានទទួលស្វាគមន៍ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួនវ១៤ ហើយបានឆ្លងកាត់ នាយករដ្ឋមន្រ្តីចក្រអង់គ្លេស ចំនួន១៥នាក់៕ រក្សាសិទ្ធិដោយ ៖ សារាយSN















