Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក អនុម័តកញ្ចប់ជំនួយជិត២,៧ពាន់លានដុល្លារ ដើម្បីពង្រឹងវិស័យការពារអ៊ុយក្រែន និង សម្ពន្ធមិត្ត

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅក្នុងការផ្ទុះសង្គ្រាម នៅអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាជាបន្ដបន្ទាប់ មានទំហំទឹកប្រាក់ រហូតដល់ប្រហែល១៣ពាន់លានដុល្លារ ហើយបន្ដអនុម័តជំនួយថ្មី មានទំហំទឹកប្រាក់ ជិត ២,៧ពាន់លានដុល្លារ សម្រាប់ពង្រឹងវិស័យការពារជាតិរបស់អ៊ុយក្រែន និង សម្ពន្ធមិត្ត រួមទាំងគ្រឿងយុទ្ធភណ្ឌ មានតម្លៃ៦៧៥លានដុល្លារ សម្រាប់ក្រុងកៀវ ខណៈកំពុងតែប្រយុទ្ធជាមួយនឹងរុស្ស៊ី។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៩ ខែកញ្ញា ថា លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសពីកញ្ចប់ជំនួយគ្រឿងយុទ្ធោបករណ៍នេះ នៅក្នុងកិច្ចិប្រជុំជាមួយនឹងរដ្ឋមន្រ្ដី រាប់សិបនាក់ នៅឯមូលដ្ឋានកងទ័ពអាកាសរ៉ាមស្ដេន (Ramstein) របស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសអាល្លឺម៉ង់។ កញ្ចប់ជំនួយគ្រឿងចម្បាំងទាំងនោះ រួមមាន កាំភ្លើងធំហូវីតហ្ស៊ឺរ គ្រាប់រំសេវ រថយន្ដយោធាហាំមវី (Humvee Vehicles) រថពាសដែកសង្គ្រោះបន្ទាន់ និង ប្រព័ន្ធប្រឆាំងនឹងរថក្រោះ។ បើចាប់តាំងពីការផ្ទុះសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្ដល់កញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ប្រហែល១៣ពាន់លានដុល្លាររួចមកហើយ សម្រាប់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា ក្រុងវ៉ាស៊ីនតោន បានផ្តល់ជំនួយ រយៈពេលវែង មានទំហំទឹកប្រាក់២ពាន់លានដុល្លារ នៅក្នុងទម្រង់វិនិយោគ សម្រាប់ពង្រឹងវិស័យសន្តិសុខ ជួយដល់ប្រទេសអ៊ុយក្រែន និង ប្រទេសជិតខាង ចំនួន១៨ រួមទាំង សមាជិកណាតូ និង ប្រទេសមិនមែនសមាជិក ដែលកំពុងតែប្រឈមមុខនឹងហានិភ័យ ពីការឈ្លានពានរបស់រុស្ស៊ី នាពេលអនាគត។

លោក អេនតូនី ប៊្លីនខែន (Anthony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទៅដល់រដ្ឋធានីកៀវ (Kyiv) ប្រទេសអ៊ុយក្រែន ខណៈសហការីរបស់គាត់ បានជំរុញឱ្យសម្ពន្ធមិត្តរបស់អ៊ុយក្រែន ប្តេជ្ញាគាំទ្រដល់ប្រទេសនេះ ឱ្យបានយូរ និង ត្រៀមខ្លួនសម្របតាមប្រភេទ នៃការគាំទ្រ ដែលបានផ្តល់ជូន។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែង នៅក្នុងរដ្ឋធានីកៀវ ថា ជំនួយទាំងនេះ នឹងត្រូវផ្តល់ នៅក្នុងគ្រាដ៏សំខាន់បំផុត នាអំឡុងពេលសង្រ្គាម ខណៈអ៊ុយក្រែន កំពុងតែបើកប្រតិបត្ដិការ ដើម្បីបង្ហាញអំពីប្រសិទ្ធភាព ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដី ក៏បានប្តេជ្ញាថា សហរដ្ឋអាមេរិក ហើយសម្ពន្ធមិត្ត នឹងបន្តដាក់សម្ពាធកាន់តែខ្លាំងឡើង រហូតដល់បញ្ចប់នូវការឈ្លានពាន ហើយអ៊ុយក្រែន មានអធិបតេយ្យភាព និង ឯករាជ្យពេញលេញ»។

ដោយឡែក នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឯណោះវិញ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានហៅទូរស័ព្ទទៅកាន់សម្ពន្ធមិត្តរបស់ក្រុងវ៉ាស៊ីនតោនមួយចំនួន រួមមាន នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) និង អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) ។ មេដឹកនាំមហាអំណាចបស្ចិមលោកទាំងនេះ ក៏បានរំឭកឡើងវិញនូវការគាំទ្ររួមរបស់ប្រទេសលោកខាងលិច ចំពោះអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) កាលពីថ្ងៃពុធ បានបញ្ជាក់ថា កងទ័ពការពារទឹកដីរបស់ក្រុងកៀវ កាលពីពេលថ្មីៗនេះ បានវាយប្រហារ ប្រកបដោយជោគជ័យ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ដែលគ្រប់គ្រងតំបន់ធំៗជាច្រើនរបស់ប្រទេសអ៊ុយក្រែន នៅភាគខាងត្បូង និង ភាគខាងកើត ហើយបានរំដោះទីតាំងជាច្រើន នៅជិតទីក្រុងខាគីវ (Kharkiv) នាភាគឦសាន។ ការអះអាងរបស់មេដឹកនាំអ៊ុយក្រែន បានកើតឡើង ចំពេលលោករដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងតែស្ថិតក្នុងក្រុងកៀវ ហើយបានទទួលព័ត៌មានសង្ខេប ពីមន្ត្រីអ៊ុយក្រែន ស្តីពីការវាយលុកនេះ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×