Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក អះអាងថា ចិនឈ្លានពានតៃវ៉ាន់ ជាការគំ.រាមកំ.ហែងយ៉ាងពិតប្រាកដ

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងស្ថានការណ៍ កំពុងតែតានតឹងយ៉ាងខ្លាំងនោះ មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅតែអះអាងថា ការឈ្លានពានរបស់ចិន ទៅលើតៃវ៉ាន់ នៅតែជាការគំ.រាមកំ.ហែងយ៉ាងពិតប្រាកដ។

សារព័ត៌មាន The Straits Times បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកញ្ញា ថា លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការឈ្លានពានរបស់ចិន ទៅលើកោះតៃវ៉ាន់ នៅតែជា«ការគំ.រាមកំ.ហែងយ៉ាងពិតប្រាកដ» ខណៈមានការទទូចថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក មិនផ្លាស់ប្តូរ អំពីគោលជំហររបស់ខ្លួន នៅក្នុងការការពារដែនកោះ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ បើទោះជាការអះអាងរបស់ចិន ផ្ទុយស្រឡះពីគ្នាយ៉ាងណាក៏ដោយ។

លោកទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក រូបនេះ បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ នៅក្នុងកម្មវិធីទូរទស្សន៍ Bloomberg ថា «ខ្ញុំគិតថា ចិននៅតែជាការគំ.រាមកំ.ហែងយ៉ាងពិតប្រាកដ ហើយវាអាចនឹងមានជម្លោះយោធា នៅជុំវិញកោះតៃវ៉ាន់ ថែមទៀតផង»។

បើទោះជាយ៉ាងណា លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) មិនបានព្យាករ អំពីពេលវេលាណាមួយ អាចនឹងមានការវាយប្រហារ យ៉ាងណាក៏ដោយ ប៉ុន្ដែគាត់ បានសង្កត់ធ្ងន់ថា «សាធារណរដ្ឋប្រជាមានិតចិន ពិតជាបានថ្លែង ជាគោលនយោបាយផ្លូវការ ថា ក្រុងប៉េកាំងមិនទទួលយកការឈ្លានពាន ទៅលើតៃវ៉ាន់ តែនៅលើតុនោះឡើយ។

ដោយសារតែ ចិន កំពុងតែប្រឈមមុខនឹងភាពតានតឹង កាន់តែខ្លាំងឡើង ទៅលើកោះតៃវ៉ាន់ នោះ លោក Sullivan បានសង្កត់ធ្ងន់ទៀតថា គាត់ ក៏មានគម្រោងជួបជាមួយមេដឹកនាំសភានៅថ្ងៃពុធ សប្តាហ៍ក្រោយ ដើម្បីពិភាក្សាគ្នា អំពីសេចក្តីព្រាងច្បាប់ ដែលនឹងនាំឲ្យមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក សម្រាប់ដែនកោះមួយនេះ រួមទាំង ការកំណត់ថា វាជាសម្ពន្ធមិត្តដ៏សំខាន់ មិនមែនជាណាតូ។ ច្បាប់នេះ បានតាក់តែងឡើង ដោយគណបក្សប្រជាធិបតេយ្យ និង មានការគាំទ្រយ៉ាងទូលំទូលាយ ពីគណបក្សទាំង២។ ច្បាប់នេះ ក៏នឹងផ្ដល់ជំនួយសន្ដិសុខ និង គាំទ្រដល់ការចូលរួមរបស់ខ្លួន នៅក្នុងអង្គការអន្ដរជាតិនានា មានទំហំទឹកប្រាក់ ៤,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោក ជេក ស៊ុលលីវ៉ាន់ (Jake Sullivan) បានប្រាប់ដល់លោក រូបែនស្ដេន (Rubenstein) ពិធីករទូរទស្សន៍ Bloomberg ថា «ធាតុផ្សំ នៃច្បាប់នោះ ទាក់ទងនឹងរបៀប ដែលយើងអាចពង្រឹងជំនួយសន្តិសុខរបស់យើង សម្រាប់តៃវ៉ាន់ ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព និង រឹងមាំ ដែលនឹងធ្វើឱ្យតៃវ៉ាន់ មានសន្ដិសុខកាន់តែល្អប្រសើរឡើង។ ប៉ុន្ដែវានៅតែមានបញ្ហាមួយចំនួនទៀត ធ្វើឱ្យយើង មានការព្រួយបារម្ភ»។

ទោះជាយ៉ាងណា លោក Sullivan បានបដិសេធ មិននិយាយលម្អិត ប៉ុន្តែការកត់សម្គាល់របស់គាត់ បានគូសបញ្ជាក់ អំពីសកម្មភាពតុល្យភាព ដែលរដ្ឋបាលរបស់លោក ចូ បៃដិន បានព្យាយាមថែរក្សា ខណៈសហរដ្ឋអាមេរិក កំពុងស្វែងរកការគាំទ្រដល់តៃវ៉ាន់ ចំពេលកំពុងព្យាយាមកាត់បន្ថយនូវភាពស្ទាក់ស្ទើរ ពីគណបក្សទាំង២ នៅក្នុងវិមាន Capitol ប្រឆាំងនឹងប្រទេសចិន។

លោក Sullivan បានបន្ថែមថា «គោលជំហររបស់សហរដ្ឋអាមេរិក នៅតែរក្សាដដែល និង ប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តរបស់ខ្លួន។ យើងបន្តជឿជាក់ លើរឿងនោះ ហើយយើងនឹងបន្តជំរុញឲ្យប្រឆាំងនឹងការប្រឹងប្រែងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាព ដោយបង្ខំ»។

បើទោះជា សហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុងវ៉ាស៊ីនតោន ចង់រក្សាស្ថានភាពឲ្យដដែល សម្រាប់តៃវ៉ាន់ យ៉ាងណាក៏ដោយ ក៏ប្រធានាធិបតី លោក Joe Biden បានរួមចំណែក ធ្វើឱ្យមានការភ័ន្តច្រឡំ ជុំវិញជំហររបស់សហរដ្ឋអាមេរិក ដោយបាននិយាយ កាលពីខែឧសភា កន្លងទៅ ថា សហរដ្ឋអាមេរិក ប្តេជ្ញាការពារតៃវ៉ាន់ ប្រសិនបើកោះនេះ បានរងការវាយប្រហារ។ ប៉ុន្ដែក្រោយមក សេតវិមាន បានស្វែងរកការបំភ្លឺ ថា គាត់កំពុងតែនិយាយ អំពីកិច្ចគាំទ្រដ៏ទូលំទូលាយ សម្រាប់ដែនកោះមួយនេះ។

នៅក្នុងសញ្ញាបបង្កើននូវកិច្ចគាំទ្របន្ថែមពីសភានោះ គណៈប្រតិភូ មកពីសភាសហរដ្ឋអាមេរិក ទាំង២គណបក្ស បានទៅដល់តៃវ៉ាន់ កាលពីថ្ងៃពុធ ទី៧ ខែកញ្ញា។ ដំណើរទស្សនកិច្ចនេះ មានសមាជិកសភាចំនួន២៨នាក់ ហើយវានឹងធ្វើឲ្យដំណើរទៅកោះតៃវ៉ាន់ នៅឆ្នាំ២០២២ មានចំនួនដ៏ច្រើនបំផុត គិតចាប់តាំងពីឆ្នាំ២០១៣មក៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×