ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំថា មន្ត្រីអាជ្ញាធរ មន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំកសាងខ្លួនឱ្យទៅជានគរបាលរបស់ប្រជាជន ធ្វើយ៉ាងណាឱ្យប្រជាជនជឿទុកចិត្ត ប្រជាជនស្រឡាញ់ កុំឱ្យពួកគាត់ខ្លាចរអា, តែកាលណាប្រជាពលរដ្ឋខ្លាចអាជ្ញាធរ ខ្លាចនគរបាល គាត់ពិតជាស្អប់យើង គេចមុខពីយើង និងមិនសហការជាមួយយើងនោះទេ ដល់អីចឹងទៅ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចនគរបាល ច្បាស់ជាជិះសេះលែងដៃ លែងដឹងឮរឿងសន្តិសុខសណ្ដាប់ធ្នាប់មូលដ្ឋានអស់រលីង។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមជាមន្ត្រីមូលដ្ឋាន ត្រូវបម្រើប្រជាពលរដ្ឋ គឺជារឿងសំខាន់ ដោយមិនមានការបែងចែក បក្ខពួកជាដាច់ខាត។ យើងត្រូវចងចាំថា រាល់កិច្ចប្រតិបត្តិការរបស់ កងកម្លាំងនគរបាល ជាពិសេសការស្រាវជ្រាវ និងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ បើសិនជាមានកិច្ចសហការល្អ និងផ្ដល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋនោះទេ ពិតជាមិនអាចធ្វើឱ្យការស៊ើបអង្កេតរបស់កងកម្លាំងនគរបាលមានភាពងាយស្រួល និងសម្រេចបានជោគជ័យក្នុងរយៈពេលខ្លីឡើយ។

សូមបញ្ជាក់ថា អគារធ្វើការថ្មីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ គឺមានអគាររដ្ឋបាលកម្ពស់ ១០ជាន់ និងអគារសាលប្រជុំកម្ពស់ ៣ជាន់ ។
សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ដោយសារគ្រប់សមត្ថកិច្ច និងមន្ត្រីអាជ្ញាធរ តែងតែទទួលបានកិច្ចសហការល្អពីប្រជាពលរដ្ឋ ដូច្នេះហើយទើបយើងធ្វើការដើម្បីសងគុណពួកគាត់ បម្រើ និងបំពេញនូវជំនឿទុកចិត្ត ស្របតាមជំនឿទុកចិត្តរបស់រដ្ឋាភិបាល របស់ក្រសួង អគ្គស្នងការនគរបាលជាតិ ក៏ដូចជាសប្បុរសជន និងជាពិសេស គឺប្រជាពលរដ្ឋ តែងតែមានក្តីសង្ឃឹមមកលើយើង ធ្វើម៉េចយើងត្រូវខិតខំកសាងនគរបាលរបស់យើង ឱ្យទៅជានគរបាលរបស់ប្រជាជន ប្រជាជនជឿទុកចិត្ត ប្រជាជនស្រឡាញ់ កុំឱ្យគាត់ខ្លាចរអា មានអីគាត់សហការ គាត់ផ្តល់ព័ត៌មានដល់យើង ធ្វើយ៉ាងម៉េចយើងត្រូវអនុវត្តពាក្យស្លោកថា (ប្រជាជនម្នាក់ ជានគរបាលម្នាក់) យើងអាចធ្វើបានបញ្ហានេះ យើងមិនចាំបាច់មាននគរបាលច្រើនលើសលប់ទេ។
ទោះជាយ៉ាងណាក្ដី សម្តេចក្រឡាហោម ស ខេង បានកោតសរសើរផងដែរថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា បានជួបវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ កងកម្លាំងនគរបាល បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ដនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល។ ទាំងនេះសុទ្ធតែជាស្នាដៃ និងគុណសម្បត្តិដ៏ថ្លៃថ្លារបស់កងកម្លាំងនគរបាលជាតិ ដែលទទួលបានជោគជ័យក្នុងការបំពេញបេសកម្មដ៏ពិសិដ្ឋរបស់ខ្លួន។
មហាជនសាទរ និងគាំទ្រការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ដោយពួកគាត់ចូលរួមលើកឡើងនូវបញ្ហាមួយចំនួន ដូចជា ÷
១- មន្ត្រីនគរបាល និងមន្ត្រីអាជ្ញាធរមួយចំនួន មិនបានបំពេញតួនាទីក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ពួកគេ បានបំពេញតួនាទីធ្វើឫក ធ្វើរាង ចំកោងអង់អាច យកអំណាចតួនាទី គំរាមកំហែង គាបសង្កត់ប្រជាពលរដ្ឋស្លូតត្រង់ទៅវិញ។
២- ពេលប្រជាពលរដ្ឋ មានទុក្ខលំបាក ទៅប្ដឹងស្នើឲ្យជួយអន្តរាគមន៍ទៅលើបញ្ហាអសកម្មមួយចំនួន និងការទប់ស្កាត់ បង្ក្រាបបទល្មើស ជាដើម, ជាពិសេស ប្រជាពលរដ្ឋទៅធ្វើលិខិតស្នាម ឬចង់បញ្ជាក់កិច្ចការផ្សេងៗ មន្ត្រីទាំងនោះសួរនាំឥតឈប់ សួររហូតដល់ប្រជាពលរដ្ឋទ័ល ក៏ដេញប្រជាពលរដ្ឋត្រឡប់ទៅវិញ ឲ្យទៅរកនេះ ទៅរកនោះ មកបញ្ជាក់សាជាថ្មី បង្កឲ្យរឿងតូចតាច ឬរឿងរ៉ាវដែលអាចធ្វើការបាន បែរទៅជាសាំញ៉ាំទៅវិញ, រហូតដល់ប្រជាពលរដ្ឋខ្លាចរអា និងធុញទ្រាន់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN















