Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ុច បូររិទ្ធ និងលោកស្រី ខាន់នី វីកណារាចា សម្ដែងការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និង UNDP

ភ្នំពេញៈ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលលោកស្រី ខាន់នី វីកណារាចា (Kanni Wignaraja) ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយិកា កម្មវិធីអភិវឌ្ឍន៍ អ.ស.ប. (UNDP) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្ដែងការគួរសម កលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចការងាររបស់លោកស្រី ពីថ្ងៃទី០៨-១២ ខែកញ្ញា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ អ៊ុច បូររិទ្ធ បានសម្តែងនូវការស្វាគមន៍ចំពោះលោកស្រី ខាន់នី វីកណារាចា និងបានអះអាងសាជាថ្មីពីការគាំទ្រទាំងស្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការងាររបស់ អង្គការ UNDP នៅកម្ពុជា។

ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង អង្គការ UNDP និងបានថ្លែងអំណរគុណចំពោះអង្គការនេះ ដែលបានជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមចំណែករបស់ UNDP នៅក្នុងការបោសសម្អាតគ្រាប់មីន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៨ របស់កម្ពុជា ស្តីពីកម្ពុជា គ្មានគ្រាប់មីនត្រឹមឆ្នាំ ២០២៥។

ក្នុងការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសដែលមានការអភិវឌ្ឍន៍ តិចតួច (LDC) ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាបានបំពេញលក្ខខណ្ឌតម្រូវទាំងបី ហើយចាំបាច់ត្រូវធ្វើកិច្ចការនេះដូចគ្នាជាលើកទីពីរក្នុងឆ្នាំ ២០២៤ ដើម្បីបញ្ចប់ទាំងស្រុងពីឋានៈ LDC នេះ។ ឯកឧត្ដមសង្ឃឹមថា ឯកសារកម្មវិធីថ្មីប្រចាំប្រទេស ២០២៤-២០២៨ រវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP នឹងជួយកម្ពុជាសម្រេចបានគោលដៅនេះ។

លោកស្រី ខាន់នី វីកណារាចា បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។ លោកស្រីមានសេចក្តីរីករាយជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP ។ លោកស្រីបានសង្កត់ធ្ងន់ថា ចំពោះឯកសារគម្រោងកម្មវិធីថ្មីប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨ លោកស្រីចង់ឲ្យមានការចូលរួមកាន់តែច្រើនពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែងនៅក្នុងតំបន់។

ឯកឧត្តម អ៊ុច បូររិទ្ធ និងលោកស្រី ខាន់នី វីកណារាចា បានសម្ដែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង UNDP ហើយក៏បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត៕ រក្សាសិទ្ធិដោយៈចេស្តារ

×