ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ ភាពផុយស្រួយ និងងាយបែកខ្ញែក ប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តម្រូវឱ្យពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការស្អិតរមួត

ភ្នំពេញ ៖ ភាពផុយស្រួយ និងងាយបែកខ្ញែក ដោយសារតែការកើតមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយកាន់តែយូរ បង្កឲ្យមានការកើនឡើងនូវភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ដែលបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសាកល។

នេះជាការលើកឡើង របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញបើកវេទិកា ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ ៖ «ភាពជាដៃគូសម្រាប់អាស៊ានដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» ធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ី ភ្នំពេញ។ វេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ សហការរៀបចំដោយវិទ្យាស្ថានយុទ្ធសាស្ត្រដើម្បីអាស៊ី-ប៉ាស៊ីហ្វិក (KSI), វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) និងសភាពាណិជ្ជកម្មកម្ពុជា ដោយមានក្រុមមន្ត្រីជាន់ខ្ពស់ផ្នែកធុរកិច្ច និងវិទ្យាសាស្រ្តនយោបាយចូលរួមជាច្រើនរូប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងទាំងអស់គ្នាពិតជាមានមោទនភាព ក្នុងដំណើរដ៏វែងឆ្ងាយរយៈពេល ៥៥ឆ្នាំកន្លងមកនេះ គឺអាស៊ានបានក្លាយជាសហគមន៍មួយពោរពេញដោយសន្តិភាព សន្តិសុខ ស្ថិរភាព ជីវភាព និងវិបុលភាព ឬជាការពិតស្របពេលដែលអាស៊ាន បាន និងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ, ប៉ុន្តែ ទោះជាយ៉ាងណា ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន ក្នុងតំបន់អាស៊ាន ក៏ដូចជាសាកលលោកទាំងមូល ត្រូវបានពិនិត្យឃើញថា នៅតែមានភាពផុយស្រួយ និងងាយបែកខ្ញែក បន្ទាប់ពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះទាមទារឱ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសាកល។ ចំណែកនៅក្នុងក្របខណ្ឌតំបន់អាស៊ាន ភាពជាអ្នកដឹកនាំ និងភាពជាដៃគូ គឺជាកត្តាចម្បង ដែលបានធ្វើឱ្យយើងអាចជម្នះគ្រប់ឧបសគ្គ និងប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាតំបន់មួយលេចធ្លោ និងមានការរីកចម្រើនលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ស្ថិតក្នុងស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន យើងមិនត្រឹមតែមិនត្រូវបែកបាក់សាមគ្គីភាពប៉ុណ្ណោះទេ តែផ្ទុយទៅវិញ យើងត្រូវពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត ថែមទៀត ស្របតាមមូលបទ «អាស៊ានរួមគ្នាធ្វើ-ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលកម្ពុជាបានកំណត់ក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ ដើម្បីបន្តរក្សាភាពរីកចម្រើនទៅមុខឆ្ពោះទៅរកអនាគតភ្លឺស្វាង និងវិបុលភាពរួម»៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម