រាជធានីបាងកក៖ ក្រោយការព្យួរតំណែងនាយករដ្ឋមន្រ្ដី ពីលោក ប្រាយុទ្ធ ចាន់អូចា នោះមក ប្រជាជនថៃ កំពុងតែទន្ទឹងរង់ចាំការអានសាលដីការបស់តុលាការធម្មនុញ្ញ ស្តីអំពីអាណត្តិនាយករដ្ឋមន្ត្រី រយៈពេល៨ឆ្នាំរបស់គាត់ ខណៈប្រជាជន ភាគច្រើន មិនចូលចិត្តនឹងនាយករដ្ឋមន្រ្ដីចាំផ្ទះ។
សារព័ត៌មាន Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១២ ខែកញ្ញា ថា បើតាមវិទ្យាស្ថានជាតិ សម្រាប់ការគ្រប់គ្រងការអភិវឌ្ឍន៍ (Nida) បានចេញរបាយការណ៍ អំពីការស្ទង់មតិថ្មីមួយ ថា ប្រជាជនថៃ ភាគច្រើន មិនចូលចិត្តនឹងការអនុវត្តរបស់ឧបនាយករដ្ឋមន្ត្រី លោក ប្រាវិត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwon ) ជានាយករដ្ឋមន្ត្រីចាំផ្ទះ។
ការស្ទង់មតិនេះ បានធ្វើឡើង ចន្លោះពីថ្ងៃទី៥-ទី៧ ខែកញ្ញា តាមទូរស័ព្ទ នៅក្នុងចំណោមមនុស្សពេញវ័យ ចំនួន១ ៣១២នាកនាក់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដោយបានសួរអ្នកឆ្លើយសំណួរ សម្រាប់ការបញ្ចេញមតិរបស់ពួកគេ លើការអនុវត្តរបស់ឧត្តមសេនីយ៍ លោក Prawit នៅក្នុងឋានៈជានាយករដ្ឋមន្ត្រីចាំផ្ទះ ក្រោយការព្យួរតំណែងនាយករដ្ឋមន្ត្រី ពីលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha ) ដោយតុលាការធម្មនុញ្ញ ជុំវិញរឿងចម្រូងចម្រាស នៃអាណត្តិរយៈពេល៨ឆ្នាំរបស់គាត់។
តុលាការបានសុំការបំភ្លឺ អំពីកំណត់ហេតុបន្ថែម ពីកិច្ចប្រជុំគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញ ដោយត្រៀមនឹងបើកកិច្ចប្រជុំ នៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ។ រហូតមកដល់ពេលនេះ ប្រជាជនថៃ កំពុងតែទន្ទឹងរង់ចាំថ្ងៃ ដែលតុលាការធម្មនុញ្ញ អានសាលដីកា សម្រេចអំពីជោគវាសនារបស់លោក ប្រាយុទ្ធ ចាន់អូចា និង អនាគតនយោបាយ នៅក្នុងប្រទេសថៃ។
ដោយឡែក ក្រុមអ្នកវិភាគមួយចំនួន បានលើកឡើងថា ជីវិតនយោបាយរបស់លោក ប្រាយុទ្ធ ចាន់អូចា នឹងសម្រេច នាពេលខាងមុខ ប្រសិនបើការកាន់តំណែងរបស់គាត់មិនទាន់គ្រប់ រយៈពេល៨ឆ្នាំពេញលេញនោះទេ គាត់អាចបន្ដកាន់តំណែង ជានាយករដ្ឋមន្ត្រី រហូតដល់ពេលថៃ ធ្វើជាប្រធានវេទិកាកិច្ចប្រជុំ APEC ។ ក្រោយមក ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ថៃនឹងក្លាយជាការរាប់ថយក្រោយ រហូតដល់ការរំលាយសភាតំណាងរាស្រ្ត។
បច្ចុប្បន្ន ការវិភាគពីស្ថានការណ៍នយោបាយកំពុងតែផុលផុសឡើង ហើយគណបក្សជាច្រើនបានត្រៀមរួចរាល់ ដូចជា «គណបក្សភូមិចៃថៃ» ដឹកនាំ ដោយលោក អានុធិន ឆានវីរ៉ាគុល ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ចំណែកប្រធានគណបក្សរូបនេះ ក៏កំពុងតែប្រឈមមុខនឹងការប្រកួតជាមួយនឹង «គណបក្សប្រជាធិបតេយ្យ» ដែលធ្វើឲ្យគណបក្សចម្រុះទាំង២ នៅក្នុងរដ្ឋាភិបាល ត្រូវប្រជែងគ្នា នៅខេត្តក្រាប៊ី នាតំបន់ភាគខាងត្បូង យ៉ាងខ្លាំង៕រក្សាសិទ្ធិដោយ ៖ សារាយSN













