Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាម បញ្ចុះបញ្ចូលឥណ្ឌា បង្កើតឧស្សាហកម្មរថយន្ដ

រដ្ឋធានីហាណូយ៖ មន្រ្ដីវៀតណាមមួយរូប បានអះអាងថា ក្រុងហាណូយ និង ញូវដេលី មានឱកាសច្រើន សម្រាប់ធ្វើកិច្ចសហប្រតិបត្ដិការ នៅក្នុងឧស្សាហកម្មរថយន្ដ ដោយសារវៀតណាម កំពុងតែបង្កើនការទាក់ទាញនូវការវិនិយោគ ដោយផ្ទាល់ពីបរទេស (FDI) នៅក្នុងវិស័យនេះ។

សារព័ត៌មាន Vietnam Net បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែកញ្ញា ថា លោក ងូយេន អាញ ទួន (Ngunyen Anh Tuan) នាយករង ទីភ្នាក់ងារវិនិយោគបរទេស (FIA) នៃក្រសួងផែនការ និង ការវិនិយោគ (MPI) បានចង្អុលបង្ហាញថា ទំនាក់ទំនងវិនិយោគ រវាង វៀតណាម និង ឥណ្ឌា មិនទាន់ត្រូវគ្នានឹងសក្ដានុពលរបស់ខ្លួននៅឡើយ។ លោកនាយករង បានប្រាប់ដល់កិច្ចប្រជុំធុរកិច្ចឥណ្ឌា-វៀតណាម ស្តីពីវិស័យរថយន្ត ដែលបានធ្វើឡើង កាលពីពេលថ្មីៗ នៅទីក្រុងហាណូយ ថា ការវិនិយោគរបស់ប្រទេសឥណ្ឌា មានត្រឹមតែ០,២ភាគរយ នៅក្នុងចំណោមការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុប នៅក្នុងប្រជាជាតិអាស៊ីអាគ្នេយ៍។.

ឯកអគ្គរដ្ឋទូតឥណ្ឌា លោក ប្រាណាយ វើរម៉ា (Pranay Verma) បានបញ្ជាក់ថា សមាគមក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ឥណ្ឌា (ACMA) មានសមាជិក ចំនួន៨០០ កំពុងតែស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសវៀតណាម។

លោក ងូយេន ធី ធូ ហា (Nguyen Thi Thu Ha) អគ្គនាយក ក្រុមហ៊ុន Invest Global ដែលផ្តល់សេវាប្រឹក្សា បានសង្កត់ធ្ងន់ ថា វៀតណាម មានសក្ដានុពលយ៉ាងខ្លាំង នៅក្នុងការជំរុញឧស្សាហកម្មរថយន្ត ដែលរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ ជួយដល់សេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកផ្គត់ផ្គង់របស់វៀតណាម នៅក្នុងវិស័យនេះ នៅមានកម្រិតនៅឡើយ ហើយមានតែមួយចំនួនប៉ុណ្ណោះ ជាផ្នែកមួយ នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេស សម្រាប់អ្នកផលិត និង អ្នកដំឡើង។

លោកអគ្គនាយកក្រុមហ៊ុន Invest Global បានបញ្ជាក់ ថា កិច្ចព្រមព្រៀង រវាងវិស័យរថយន្តរបស់វៀតណាម និងឥណ្ឌា នឹងមានលក្ខណៈជួយគ្នាទៅវិញទៅមក ដោយសារក្រុមហ៊ុនមួយចំនួនរបស់ឥណ្ឌា កំពុងតែដំណើរការ ប្រកបដោយប្រសិទ្ធភាព នៅក្នុងប្រទេសវៀតណាម មានដូចជា ក្រុមហ៊ុន Minda, ក្រុមហ៊ុន Spark Minda និង ក្រុមហ៊ុន Star Engineering ជាដើម។

លោក ដាង ហ៊ង ម៉ៃ (Dang Hoang Mai) មកពីវិទ្យាស្ថានយុទ្ធសាស្ត្រ និង គោលនយោបាយសម្រាប់ឧស្សាហកម្ម និង ពាណិជ្ជកម្មរបស់វៀតណាម បានបញ្ជាក់ថា វៀតណាម មានសក្តានុពល នៅក្នុងការពង្រីកទីផ្សារ សម្រាប់រថយន្តអគ្គិសនី ដោយសារភាពជាម្ចាស់រថយន្តរបស់ខ្លួន មានត្រឹមតែ ២,៣ភាគរយ ឬស្មើនឹងមួយភាគដប់ នៅក្នុងប្រទេសថៃ និង មួយ ភាគម្ភៃ នៅម៉ាឡេស៊ី។

លោក Tuan បានបញ្ជាក់ ថា វៀតណាម មានគោលបំណងទាក់ទាញពាណិជ្ជកម្ម និង ក្រុមហ៊ុនធំៗ ដោយការផ្តល់អាទិភាព ដល់បច្ចេកវិទ្យាជាន់ខ្ពស់ ឧស្សាហកម្មគាំទ្រ ការច្នៃប្រឌិត និង សេដ្ឋកិច្ចឌីជីថល។ នេះជាពេលវេលាសមស្រប សម្រាប់អ្នកវិនិយោគឥណ្ឌា ចូលរួមនៅក្នុងវិស័យរថយន្តវៀតណាម និង ឧស្សាហកម្មគាំទ្ររបស់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×