រដ្ឋធានីកៀវ៖ ចាប់តាំងពីការផ្ទុះសង្គ្រាម រហូតមកដល់ថ្ងៃទី១៣ ខែកញ្ញា គឺរយៈពេល២០២ថ្ងៃកន្លងមកនេះ អ៊ុយក្រែន បានអះអាងថា កម្លាំងការពារទឹកដីរបស់ខ្លួន បានស.ម្លាប់ទាហានរុស្ស៊ី កើនឡើងដល់ ជាង ៥២ ០០០នាក់ និង បំផ្លាញគ្រឿងយុទ្ធោបករណ៍ មានតម្លៃរាប់ពាន់លានដុល្លារ ខណៈកងទ័ពការពារទឹកដី កំពុងតែបង្កើនការវា.យលុក ទៅលើកម្លាំងឈ្លានពាន រហូតរំដោះបានទឹកដី នៅភាគខាងត្បូង ភាគខាងកើត និង ភាគខាងជើង កើនឡើងដល់៥ ០០០គីឡូម៉ែត្រការ៉េ យកមកគ្រប់គ្រងវិញ។
សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃទី១២ ខែកញ្ញា ថា បើតាមសេចក្ដីរាយការណ៍របស់អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័រផ្លូវការ នៃបណ្ដាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី១០ ខែកញ្ញា កម្លាំងការពារទឹកដីអ៊ុយក្រែន បានស.ម្លាប់ទាហានរុស្ស៊ី សរុប ៥២ ៩៥០នាក់ ដោយរួមទាំងការស.ម្លាប់ កាលពីមួយថ្ងៃមុននេះ ចំនួន៣០០នាក់ថែមទៀត។
សេចក្ដីរាយការណ៍ដដែលនោះ បានឲ្យដឹងថា ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី មានតម្លៃរាប់ពាន់លានដុល្លារ រួមមាន រថក្រោះ ចំនួន ២ ១៦៨គ្រឿង, រថចម្បាំងពាសដែក ចំនួន ៤ ៦៤០គ្រឿង, ប្រព័ន្ធបា.ញ់កាំភ្លើង ចំនួន ១ ២៦៩គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត MLRS ចំនួន៣១១គ្រឿង, ប្រព័ន្ធប្រឆាំងនឹងយន្ដហោះចម្បាំង ចំនួន១៦២គ្រឿង, យន្ដហោះចម្បាំង ចំនួន ២៤៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ២១៣គ្រឿង, ដ្រូន ចំនួន ៩០៣គ្រឿង, រថយន្ដយោធា និង រថយន្ដដឹកសាំង ចំនួន ៣ ៤៦៣គ្រឿង។
លោកឧត្តមសេនីយ៍ វ៉ាឡេរី ហ្សាលូស្នី (Valeriy Zaluzhnyi) អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា «កងទ័ពរបស់យើង បានចាប់ផ្តើមវាយប្រហារឆ្ពោះទៅមុខ មិនត្រឹមតែ នៅតំបន់ភាគខាងត្បូង និង ភាគខាងកើត ប៉ុណ្ណោះទេ ហើយនៅតំបន់ភាគខាងជើង ក៏បានវាយប្រហាររុលទៅមុខផងដែរ។ យើង បានវា.យរុលទៅមុខ នៅតំបន់ខាគីវ (Kharkiv) ចូលជ្រៅ ចម្ងាយ៥០គីឡូម៉ែត្រ ពីព្រំដែនជាមួយរុស្ស៉ី។ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានរំដោះទឹកដី ប្រហែល៣០០០ម៉ៃល៍ ឬស្មើនឹង ជាង៤៨០០គីឡូម៉ែត្រការ៉េ ពីរុស្ស៊ី ចាប់តាំងពីដើមខែកញ្ញា មក។
មន្ត្រីរុស្ស៊ីម្នាក់ នៅតំបន់ភាគខាងត្បូង ជាប់ព្រំដែនអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ចុងសប្តាហ៍កន្លងទៅ បានអះអាងថា មានមនុស្ស រាប់ពាន់នាក់ បានឆ្លងកាត់ព្រំដែន ខណៈអ៊ុយក្រែន វា.យរុញច្រានកងទ័ពរុស្ស៉ី នៅតំបន់ភាគខាងកើត ប្រទេស៕ រក្សាសិទ្ធិដោយ ៖ សារាយSN












