Friday, January 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខស៊ើបការណ៍សម្ងាត់សហភាពអឺរ៉ុប លុបចោលគម្រោងដ៏អាថ៌កំបាំង ទៅកាន់តៃវ៉ាន់

ទីក្រុងប្រ៊ូសសែលស៍ (Brussels)៖ ក្រោយពេលដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែតាមដាន អំពីផែនការសម្ងាត់របស់ខ្លួនរួចមក ប្រមុខទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហភាពអឺរ៉ុប បានលុបចោលគម្រោងដំណើរបំពេញទស្សនកិច្ច ទៅកាន់តៃវ៉ាន់ នាខែតុលា ខាងមុខ។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស The Times បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ថា មន្រ្ដីការទូត ដែលដឹង អំពីរឿងសម្ងាត់នេះ បានឲ្យដឹងថា ប្រធានស៊ើបការណ៍សម្ងាត់សហភាពអឺរ៉ុប បានលុបចោលដំណើរបំពេញទស្សនកិច្ចរបស់គាត់ ទៅកាន់កោះតៃវ៉ាន់ ក្រោយគម្រោងដ៏អាថ៌កំបាំងរបស់គាត់ បានបែកធ្លាយ ដឹងទៅដល់រដ្ឋាភិបាលក្រុងប៉េកាំង រួចមក។

លោក ចូសេ កាស៊ីមីរ៉ូ ម័រហ្គាដូ (José Casimiro Morgado) នាយកមជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់ និង ស្ថានការណ៍សហភាពអឺរ៉ុប ត្រូវគេដឹងថា គាត់មានគម្រោង ធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ ដើម្បីជួបជាមួយមន្ត្រីតៃវ៉ាន់ នៅខែតុលា ខាងមុខមុខ។ ប៉ុន្ដែផែនការសម្ងាត់របស់ប្រធានចារកម្មសហភាពអឺរ៉ុប បានផ្អាកទៅវិញ ក្រោយក្រុងប៉េកាំង បានទទួលព័ត៌មាន និង ដាក់សម្ពាធ ទៅលើសហភាពអឺរ៉ុប ឱ្យលុបចោលនូវអ្វីដែលជាដំណើរទស្សនកិច្ចដ៏រសើប ខុសពីធម្មតា ចំពេលមានការគំរាមកំហែងផ្នែកយោធា កាន់តែខ្លាំងឡើង ពីប្រទេសចិន ទៅលើកោះតៃវ៉ាន់។

ការបែកធ្លាយព័ត៌មានសម្ងាត់នេះ នាំឲ្យមានការលើកឡើងជាសំណួរ កាន់តែច្រើន ថាតើករណីនេះ ជាការបែកធ្លាយ កើតចេញ មកពីមនុស្ស ឬ ក៏ការបែកធ្លាយតាមទិន្នន័យ ពីសហភាពអឺរ៉ុប។ មន្រ្ដីការទូតជាច្រើន មានការព្រួយបារម្ភ អំពីការផ្លាស់ប្ដូរផែនការរបស់សហភាពអឺរ៉ុប ក្រោយអន្ដរាគមន៍ ពីក្រុងប៉េកាំង។

ក្រោយការបោះពុម្ពផ្សាយ ជាលើកដំបូងនូវអត្ថបទនេះរួចមក មន្ត្រីសហភាពអឺរ៉ុប មួយរូប ក៏បានសង្ខេប អំពីបញ្ហានេះ ផ្ទុយពីការយល់ឃើញ នៅក្នុងទីក្រុងតៃប៉ិ ដែលលើកឡើងថា លោក José Casimiro Morgado កំពុងតែរៀបចំផែនការ មកបំពេញទស្សនកិច្ច។ លោក José Casimiro Morgado មានគម្រោងរៀបចំកិច្ចប្រជុំ តាមទូរស័ព្ទជាមួយនឹងមន្ត្រីតៃវ៉ាន់ ប៉ុន្តែគាត់បានសម្រេចចិត្តលុបចោលវិញ សូម្បីតែទំនាក់ទំនងផ្លូវឆ្ងាយ ក៏បានកាត់ផ្ដាច់ដែរ ដោយសារតែមានប្រតិកម្មរបស់ចិន ដូចដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ប្រធានសភាដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានមកកាន់ទីក្រុងតៃប៉ិ កាលពីថ្ងៃទី២ ខែសីហា។

អ្នកនាំពាក្យ សហភាពអឺរ៉ុប បានអះអាងថា «តាមច្បាប់ជាទូទៅ យើងមិនដែលធ្វើអត្ថាធិប្បាយ អំពីសកម្មភាពការងារប្រចាំថ្ងៃរបស់ភ្នាក់ងារស៊ើបការណ៍របស់អឺរ៉ុប ជាសាធារណៈនោះឡើយ»។ គាត់នឹងមិននិយាយ ថាតើមានការស៊ើបអង្កេត លើការលេចធ្លាយព័ត៌មានទៅខាងក្រៅ ដែលអាចកើតមាន អំពីផែនការធ្វើដំណើររបស់លោក Casimiro Morgado ដែរឬយ៉ាងណា។

នៅពេលសួរ អំពីផែនការដំបូងរបស់ លោក Casimiro Morgado នោះ បេសកកម្មរបស់ចិន ប្រចាំនៅសហភាពអឺរ៉ុប បានបញ្ជាក់ថា ចិនបានប្រឆាំងដាច់ខាត និង យ៉ាងម៉ឺងម៉ាត់បំផុត ចំពោះការផ្លាស់ប្តូរទម្រង់ជាផ្លូវការ រវាងតំបន់តៃវ៉ាន់ និង ប្រទេសនានា ឬអង្គការ ដែលមានទំនាក់ទំនងការទូតជាមួយនឹងប្រទេសចិន»៕រក្សាសិទ្ធិដោយ ៖ សារាយSN

×