រដ្ឋធានីកៀវ៖ សង្រ្គាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ រវាងកម្លាំងការពារទឹកដី និង កម្លាំងឈ្លានពានរបស់រុស្ស៊ី រយៈពេលជិត៧ខែកន្លងមកនេះ កំពុងតែឈានដល់ដំណាក់កាលថ្មីមួយផ្សេងទៀត ដោយសារកងទ័ពអ៊ុយក្រែន កំពុងតែទទួលបានជ័យជម្នះយ៉ាងធំធេង ដោយរំដោះបានទឹកដី ទំហំ ៨ ០០០គីឡូម៉ែត្រការ៉េ ហើយសកម្មភាពបែបនេះ កំពុងតែជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរបំផុត ដល់មហិច្ឆតាយោធារបស់ក្រុងមូស្គូ។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃទី១៤ ខែកញ្ញា ថា នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) អស់រយៈពេលជាង២០០ថ្ងៃកន្លងមកនេះ កងទ័ពអ៊ុយក្រែន ទទួលបានជ័យជម្នះយ៉ាងធំធេងបំផុត ដោយរំដោះទឹកដី បានទំហំ ៨ ០០០គីឡូម៉ែត្រការ៉េ ចេញពីក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី។ លទ្ធផលដ៏ល្អរបស់កម្លាំងការពារទឹកដី កំពុងតែធ្វើឱ្យប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរបំផុតដល់សីលធម៌របស់រុស្ស៊ី ហើយវាថែមទាំងជួយជំរុញដល់សម្ពន្ធមិត្តបស្ចិមលោក គិតថា ក្រុងកៀវ (Kyiv) នឹងអាចយកជ័យជម្នះ លើក្រុងមូស្គូ។
ជោគជ័យ នៅក្នុងសមរភូមិ នាពេលថ្មីៗនេះ ក៏បង្ហាញផងដែរថា គោលដៅរបស់ក្រុងកៀវ នៅក្នុងការបង្កើតព្រំដែនឆ្នាំ២០១៤ឡើងវិញរបស់អ៊ុយក្រែន នឹងអាចសម្រេចបាន។ អ៊ុយក្រែនបានសន្យារំដោះឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី នៅក្នុងឆ្នាំ ២០១៤ យកមកគ្រប់គ្រងវិញ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) បានព្យាករថា «តំបន់ដូណែតស្ក៍ (Donetsk) ទាំងមូល នឹងត្រូវរំដោះ» ខណៈកម្លាំងការពារទឹកដីរបស់គាត់បានត្រៀមខ្លួន ដើម្បីវាយដណ្តើមយកទីក្រុងយុទ្ធសាស្ត្រអ៊ីហ្ស៊ីម (Izyum)។ លោកប្រធានាធិបតី បានបង្ហាញថា កងទ័ពអ៊ុយក្រែន នឹងវាយលុក នៅភាគខាងកើត នាពេលដ៏ឆាប់ៗនេះ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ក៏បានព្រមានប្រឆាំងនឹងការរំពឹងទុកដ៏អស្ចារ្យ នៅលើសមរភូមិ ដោយគាត់អះអាង ថា សង្រ្គាមនេះនឹងអូសបន្លាយ «រយៈពេលយូរ»។ ទោះយ៉ាងណាក៏ដោយ អ៊ុយក្រែន ប្រហែលជាបង្វែរទិសដៅ ទៅទិញគ្រឿងសព្វាវុធ ដែលក្រុងកៀវត្រូវការចាំបាច់បំផុត។
សារព័ត៌មានប្រចាំថ្ងៃរបស់អាល្លឺម៉ង់ Suddeutsche Zeitung បានផ្សាយ ថា ឥឡូវ សហរដ្ឋអាមេរិក កំពុងតែពិចារណា អំពីការបញ្ជូនរថក្រោះប្រយុទ្ធដ៏ខ្លាំងក្លាបំផុត និង រថចម្បាំងរបស់បស្ចិមលោក ទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារក្រុងវ៉ាស៊ីនតោន គិតថា វាជាការចាំបាច់បំផុត។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹង Frankfurter Allgemeine Zeitung នោះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) មិនបានច្រានចោលនូវការបញ្ជូនរថក្រោះធុនបំផុតរបស់អាល្លឺម៉ង់ Leopard 2 ទៅកាន់អ៊ុយក្រែន នោះឡើយ ដោយគាត់អះអាងថា «យើងនឹង … សម្របសម្រួលយ៉ាងជិតដិតជាមួយនឹងសម្ពន្ធមិត្តរបស់យើង ព្រោះស្ថានការណ៍ មានភាពបត់បែនយ៉ាងលឿន»។
ការវាយលុករបស់អ៊ុយក្រែន នៅតំបន់ភាគខាងជើង ខាគីវ (Kharkiv) បានចាប់ផ្តើម នៅថ្ងៃទី៦ ខែកញ្ញា បើទោះជាការវាយលុកមួយផ្សេងទៀត នៅភាគខាងត្បូង បានចាប់ផ្តើម កាលពីមួយសប្តាហ៍មុន កំពុងបន្តកើតមានក៏ដោយ។ រីឯជោគជ័យយ៉ាងធំធេង នៅទីក្រុងខាគីវ នេះ កំពុងតែលើកទឹកចិត្តប្រយុទ្ធដល់កម្លាំងការពារទឹកដីរបស់អ៊ុយក្រែន កាន់តែមានក្ដីសង្ឃឹម អំពីជ័យជម្នះ លើកម្លាំងទាហានរុស្ស៊ី បន្ថែមទៀត។
លោកឧត្ដមសេនីយ៍ អូឡែកស៊ីយ ហ្គ្រោម៉ូវ (Oleksiy Gromov) បានបញ្ជាក់ថា ការវាយលុករបស់កងទ័ពអ៊ុយក្រែន បានចូលជ្រៅ រហូតដល់ចម្ងាយ៥០គីឡូម៉ែត្រ នៅពីក្រោយខ្សែក្រវាត់សមរភូមិរបស់សត្រូវ ដោយដណ្តើមបានទឹកដី៧០០គីឡូម៉ែត្រការ៉េ និង ដណ្ដើមបានទីតាំងកាន់កាប់ ចំនួន២០កន្លែងទៀតផង៕រក្សាសិទ្ធិដោយ ៖សារាយSN
















